ប្រទេសថៃ ៖ បញ្ហាមួយដែលពលរដ្ឋថៃចាប់អារម្មណ៍ និងជជែកគ្នាយ៉ាងច្រើន គឺក្រោយពីអ្នកជំនាញនិយាយថា ផ្ទាំងទឹកកកនៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូង ផ្ទាំងទឹកកកលើកំពូលភ្នំ និងផ្ទាំងទឹកកកនៅហ្គ្រីនឡែន (Greenland) គឺជាកោះដ៏ធំរបស់ប្រទេសដាណឺម៉ាក និងមានទំហំធំជាងកោះនានាលើពិភពលោក នឹងរលាយអស់ដោយសារអាកាសធាតុក្តៅយ៉ាងខ្លាំង ហើយធ្វើឱ្យកម្រិតទឹកសមុទ្រលើផែនដីកើនឡើង ចាប់ពី៦០ម៉ែត្រ ទៅ៧០ម៉ែត្រ ។ ពេលនោះ ប្រទេសមួយចំនួន រួមទាំងទីក្រុងបាងកក និងខេត្តជាច្រើនរបស់ថៃ ដូចជា ៖ សាមុតប្រាកាន សាមុតសាខន នុនថាក់បុរី និងប៉ាធុមថានី លិចក្រោមទឹកសមុទ្រ ដោយសារខេត្តទាំងនេះស្ថិតក្នុងតំបន់ទំនាបក្បែរឆ្នេរសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwIcC6pxqrJ3nffE-nMpGN96GdMex6akRIQ-tPzj0PmiucmxWa267nk-vZDVGg9YcVzzwYEoJILW-lkH2_No3R_4UKg16gz0TbwqiBwAI5fNlVYf-Q-DzrlFlBDAz_jEAQxK0xuF5Lc4InxvM_CrsAz5R-3jVv_GLXu7PWV7FyjePzD6_1Nwb-AUFePm53/s812/image_2025-05-21_09-16-22.png

លើសពីនេះ ខេត្តជាច្រើនទៀតនៅភាគកណ្តាលប្រទេសថៃ ដូចជា ៖ អយុធ្យា សុផាន់បុរី និងណាខនប៉ាធុម នឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកម្រិតទឹកសមុទ្រកើនឡើង ។ រីឯខេត្តនៅឆ្នេរសមុទ្រនៅភាគខាងកើត ដូចជា ៖ ឈុនបុរី រ៉ាក់យ៉ង ចាន់ថាក់បុរី និងត្រាត នឹងក្លាយទៅជាសមុទ្រ និងលិចទឹកជារៀងរហូត ។ ខេត្តភាគខាងត្បូងនៅជាប់ឆ្នេរសមុទ្រ ទាំងឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ រួមមាន ៖ សុងក្លា ប៉ាតានី ណារ៉ាធីវ៉ាត ភូកេត ផាំងង៉ា និងក្រាប៊ី នឹងទឹកលិចយ៉ាងខ្លាំង ខណៈកោះនានារបស់ថៃអាចលិចក្រោមទឹកសមុទ្រ និងមានទំហំតូចជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrc1NnelfXPVDKdeuhieroxFR30jj8J4FFHhue1FvxXT7e8AotwmfF3azzYLh2X1iyiReY3nPo0T2GqMRT2uj3bxYc2Y-heqCwi5Ltji2Rm2-KkF4OogEWjNXX6gEDgdX8zYSFOvQ3LoX9rEghoP3B5AumATFsQrtWbUGITNYjYWIWx0luMsmJJyRTyk2z/s800/image_2025-05-21_09-16-15%20(2).png
ការផ្លាស់ប្តូរភូមិសាស្ត្រប្រទេសថៃ គឺបណ្តាខេត្តស្ថិតនៅតំបន់ទំនាបនឹងក្លាយជាបឹង ឬសមុទ្រថ្មី ហើយភ្នំខ្ពស់ៗនឹងក្លាយជាកោះមានទឹកព័ទ្ធជុំវិញ ។ ដោយឡែក តំបន់ខ្ពង់រាបនៅភាគខាងជើង និងខាងលិច នឹងក្លាយជាកោះធំៗហ៊ុព័ទ្ធដោយទឹកសមុទ្រ ខណៈហេដ្ឋារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវ មន្ទីរពេទ្យ និងអាកាសយានដ្ឋាន នឹងខូចខាត ។ ដូចគ្នានេះ ផ្ទៃដីកសិកម្ម និងតំបន់ឧស្សាហកម្មនានានៅតំបន់ទំនាបត្រូវបំផ្លាញទាំងស្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4q5dtW7I3yPykiLlJGsqAgkXO_kVimJzirkLuFv73SDs4W3xqlxeFR8BeyXZL2J0DHy4X2rbCpHMGkOxCAtk5Xg9iuH1A_xABlCFCB5tvDBjFyE2Jh2TMWtt76knfXEwFhhlH1Qd0uiJ3AsG59-N_TD6BVXBT8MH3G2rDw2yLJ4-UpkWnh4-J92bQ1QnK/s1238/image_2025-05-21_09-16-15.png
ទោះបីជាផ្ទាំងទឹកកកនៅតំបន់នានាលើផែនដី អាចចំណាយពេលរលាយរហូតដល់រាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំ ទើបប្រទេសមួយចំនួន រួមទាំងថៃលិចក្រោមទឹកសមុទ្រ ប៉ុន្តែអ្នកជំនាញបញ្ជាក់ថា កម្រិតទឹកសមុទ្របានកើនឡើងជាបន្តបន្ទាប់ ដោយសារផែនដីឡើងកំដៅ ។ អ្នកជំនាញសន្និដ្ឋានថា នៅឆ្នាំ២០៥០ កម្រិតទឹកសមុទ្រនៅប្រទេសថៃអាចកើនឡើងចាប់ពី៣០សង់ទីម៉ែត្រ ទៅ៥០សង់ទីម៉ែត្រ ដែលធ្វើឱ្យតំបន់ឆ្នេរសមុទ្រ និងតំបន់ទំនាបប្រឈមការលិចទឹកប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋថៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi9p066zx7QJkluO3tAJ0uRJFktFY8_lVp2_vO84NS4mG14moeVq_czrKNgzJIqc7bZmZOK0FsJt2uIowJye5wzMp1szn3kvYpQQM027giW2KuZnAHQGWMmAwvIraewbpyqGbEP91rAMhc4EUWTImFCztpPzQ_H7lfluMe0O9YWQyAAkoVvnHAFY0iOXgk/s3872/image_2025-05-21_09-16-16.png

ហេតុនេះ អ្នកជំនាញបានសំណូមពរឱ្យរដ្ឋាភិបាលថៃគួរតែសម្របខ្លួន និងបង្កើតផែនការកែលម្អហេដ្ឋារចនាសម្ព័ន្ធ តំបន់កសិកម្ម រួមទាំងអភិរក្សបរិស្ថាននៅឆ្នេរសមុទ្រ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើប្រទេសថៃ ដោយសារផ្ទាំងទឹកកករលាយនៅតំបន់ប៉ូល និងតំបន់ផ្សេងៗ ៕