បច្ចុប្បន្ននៅកម្ពុជា គេឃើញមានការកាយភ្នំ និងបំផ្ទុះភ្នំយកថ្ម ជាច្រើនកន្លែង ដែលធ្វើឱ្យភ្នំមួយចំនួនរងការខូចខាតទ្រង់ទ្រាយដើម និងមានមតិជាច្រើនវាយប្រហារទៅកាន់រដ្ឋាភិបាល ដោយលើកឡើងថាមានតែស្រុកខ្មែរទេ វ៉ៃខ្ទេចអស់ហើយភ្នំ ខណៈប្រទេសផ្សេងគេខំថែរក្សាព្រៃភ្នំ។
ជុំវិញការលើកឡើងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា៖” មូលហេតុសំខាន់នៃការកាយភ្នំយកថ្ម គឺដើម្បីផលិតស៊ីម៉ង់ត៍ ក្នុងបំណងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធជាតិ ដោយការកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ការកាយភ្នំនេះត្រូវអនុវត្តដោយមានការយកចិត្តទុកដាក់ និងគិតគូរយ៉ាងច្បាស់លាស់”។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖” សកម្មភាព នៃការកកាយថ្មនេះ មិនមែនមានតែនៅកម្ពុជាទេ សូម្បីចិន សិង្ហបុរី និងបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ក៏មានដែរ ដើម្បីផលិតស៊ីម៉ង់ត៍ យកមកអភិវឌ្ឍន៍ប្រទេស “។
គួរបញ្ជាក់ថា កាលពីជាង៦០ឆ្នាំមុន កម្ពុជា មានសមត្ថភាពផលិតស៊ីម៉ង់ត៍ដោយខ្លួនឯង តែដោយសារសង្គ្រាមរោងចក្រស៊ីម៉ង់ត្រូវបានបិទចោល។ តែក្រោយមក បន្ទាប់ពីការដួលរលំរបស់របបប៉ុលពត វិស័យស៊ីម៉ង់ត៍បានបន្តងើបឡើងវិញ ដោយចាប់ផ្តើមមានការផលិត និងនាំចេញតិចតួចចាប់ពីឆ្នាំ ២០០៧ ហើយកម្ពុជាបានបំលែងពីប្រទេសនាំចូលស៊ីម៉ង់ត៍ ទៅជាប្រទេសនាំចេញ”៕










