ប្រទេសវៀតណាម ៖ វៀតណាមបានកែលម្អអគារអ្នកដំណើរថ្មីរបស់អាកាសយានដ្ឋានអន្តរជាតិ Phu Quoc (កោះត្រល់) ឱ្យមានរូបរាងស្រដៀងនឹងសត្វស្លាបហោះ ព្រមទាំងបំពាក់បច្ចេកវិទ្យាទំនើបក្នុងអាកាសយានដ្ឋានតាមលក្ខណៈស្តង់ដារដូចគ្នានឹងអាកាសយានដ្ឋានសិង្ហបុរី Changi និងអាកាសយានដ្ឋានជប៉ុន Haneda ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។
.jpg)
រដ្ឋាភិបាលវៀតណាមមានគម្រោងឱ្យអាកាសយានដ្ឋាន Phu Quoc (កោះត្រល់) មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ ព្រមទាំងសាងសង់អគារអ្នកដំណើរថ្មីសម្រាប់ការប្រជុំកិច្ចសហការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៧ ។ អាកាសយានដ្ឋាននេះនឹងកែលម្អថ្មីទាំងស្រុងដើម្បីឱ្យមានលក្ខណៈទំនើប និងអស្ចារ្យបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

តាមគម្រោង គឺអាកាសយានដ្ឋាននឹងគ្របដណ្តប់លើផ្ទៃដីជាង១,០៥០ហិកតា និងស្របតាមស្តង់ដារ 4E ដែលកំណត់ដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។ ការកែលម្អនេះដើម្បីឱ្យអាកាសយានដ្ឋានអាចទទួលយន្តហោះធំៗចុះចត ដូចជា ៖ Boeing 747, Boeing 787 និង Airbus A350 ។ អគារអ្នកដំណើរថ្មីនឹងកែលម្អតាមលក្ខណៈស្តង់ដារអន្តរជាតិ រួមមាន ៖ អគារអ្នកដំណើរក្នុងស្រុក និងអន្តរជាតិ, ហាងលក់ទំនិញ និងកន្លែងតាំងពិព័រណ៍ ។.jpg)
មុនកិច្ចប្រជុំ APEC 2027 វៀតណាមរំពឹងថា អាកាសយានដ្ឋាន Phu Quoc នឹងអាចទទួលអ្នកដំណើររហូតដល់១៨លាននាក់ក្នុង១ឆ្នាំ ដែលច្រើនជាងអ្នកដំណើរបច្ចុប្បន្ន រហូតដល់ជាង៤ដង ដើម្បីបម្រើវិស័យទេសចរណ៍ និងការរីកចម្រើនសេដ្ឋកិច្ច ។ អាកាសយានដ្ឋាននេះនឹងទទួលអ្នកដំណើររហូតដល់៥០លាននាក់ក្នុង១ឆ្នាំ និងទទួលទំនិញ៥ម៉ឺនតោនក្នុង១ឆ្នាំ នៅឆ្នាំ២០៥០ ។.jpg)
ភាពលេចធ្លោរបស់អាកាសយានដ្ឋាន គឺបំពាក់ដោយបច្ចេកវិទ្យាទំនើបដូចគ្នានឹងបច្ចេកវិទ្យាក្នុងអាកាសយានដ្ឋានលំដាប់ពិភពលោក ដូចជា ៖ អាកាសយានដ្ឋានសិង្ហបុរី Changi, អាកាសយានដ្ឋានជប៉ុន Haneda និងអាកាសយានដ្ឋានចិននៅទីក្រុងប៉េកាំង ។ អ្នកដំណើរនឹងងាយស្រួល Check in ជាមុនពីចម្ងាយ, មានប្រព័ន្ធបែងចែកសម្ភារៈដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាកាត់បន្ថយរយៈពេល Check in ត្រឹមតែពី១៥នាទី ទៅ៣០នាទី ។ ក្រៅពីនេះ ក្នុងអាកាសយានដ្ឋាននឹងសាងសង់អគារពិសេសសម្រាប់ស្វាគមន៍មេដឹក និងមន្ត្រីជាន់ខ្ពស់មកចូលរួមកិច្ចប្រជុំ APEC ។.jpg)
លើសពីនេះ Runway ចាស់របស់អាកាសយានដ្ឋាន នឹងពង្រីករហូតដល់៣,៥០០ម៉ែត្រ និងបង្កើត Runway ថ្មីមួយទៀត ប្រវែង៣,៣០០ម៉ែត្រ ។ រីឯចំណតយន្តហោះនឹងពង្រីកឱ្យកាន់តែទូលាយសម្រាប់ការចុះចតរបស់យន្តហោះធំៗ ។ បច្ចុប្បន្ន អាកាសយានដ្ឋាន Phu Quoc មានលក្ខណៈស្តង់ដារ 4E ដែលអគារអ្នកដំណើរអាចទទួលអ្នកដំណើរចំនួន៤លាននាក់ក្នុង១ឆ្នាំ និងមានអគារស្តុកទំនិញ ចំនួន១៤,៥០០តោនក្នុង១ឆ្នាំ ។
កាលពីឆ្នាំ២០២៤ អាកាសយានដ្ឋាន Phu Quoc បានទទួលអ្នកដំណើរជាង៤លាន១សែននាក់ គឺលើសពីការរំពឹងទុក ក្នុងនោះអ្នកដំណើរក្នុងស្រុក ស្មើ២លាន៣សែននាក់ និងអ្នកដំណើរអន្តរជាតិ ស្មើ១លាន៨សែននាក់ ៕










