ប្រទេសជប៉ុន ៖ ភោជនីយដ្ឋានមួយឈ្មោះ «Yakitori» នៅទីក្រុងអូសាកា ប្រទេសជប៉ុន បានធ្វើឱ្យមហាជនពុំពេញចិត្តយ៉ាងខ្លាំង ក្រោយពីភោជនីយដ្ឋាននេះដាក់ស្លាកពុំទទួលស្វាគមន៍ភ្ញៀវចិន ហើយអះអាងថា មកពីភ្ញៀវចិនភាគច្រើនពុំសុភាពពេលចូលបរិភោគអាហារ ។ បើទោះជាគ្មានការអះអាងច្បាស់លាស់ថា ហេតុអ្វីភោជនីយដ្ឋានសម្រេចចិត្តបដិសេធភ្ញៀវចិន ប៉ុន្តែវាពុំមែនជាលើកដំបូងទេ ដែលភោជនីយដ្ឋានជប៉ុនត្រូវបានមហាជនចោទប្រកាន់ថា រើ.សអើងភ្ញៀវចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ។

កាលពីឆ្នាំ២០២៣ Influencer ជនជាតិចិនបានបង្ហោះរូបភាពភោជនីយដ្ឋានមួយកន្លែងលក់អាហារចិននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានដាក់ស្លាកពុំទទួលភ្ញៀវចិន ដោយសរសេរអក្សរជប៉ុនថា នេះជាវិធានការការពារវីរុសចិន ។ លើសពីនេះ ភោជនីយដ្ឋានមួយទៀតនៅទីក្រុងតូក្យូ ក៏ធ្លាប់សរសេរក្នុងបណ្តាញសង្គមកាលពីខែកក្កដា ឆ្នាំ២០២៤ ថា ហាមភ្ញៀវចិន និងកូរ៉េខាងត្បូងចូលបរិភោគអាហារក្នុងភោជនីយដ្ឋាន ។

ការបដិសេធពុំទទួលស្វាគមន៍ភ្ញៀវចិនចូលភោជនីយដ្ឋានជប៉ុននៅទីក្រុងអូសាកា បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន ប៉ុន្តែពលរដ្ឋជប៉ុនមួយចំនួនដែលមានគំនិតជាតិនិយម បែរជាគាំទ្រភោជនីយដ្ឋាននេះ ។
ពលរដ្ឋចិនមួយចំនួនធំបានបង្ហាញការខកចិត្ត និងពុំពេញចិត្តយ៉ាងខ្លាំងចំពោះភោជនីយដ្ឋានជប៉ុនរើសអើងភ្ញៀវចិន ។ ពលរដ្ឋចិនយល់ឃើញថា ទង្វើរបស់ភោជនីយដ្ឋានជប៉ុន គឺជ្រុលហួសហេតុជាងភ្ញៀវចិនដែលមិនសុភាពទៅទៀត ខណៈអ្នកខ្លះថា នេះជាវិធីសាស្ត្រទាក់ទាញភ្ញៀវចូលបរិភោគអាហារ តាមរយៈការបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិរបស់ខ្លួន ។ ប៉ុន្តែអ្នកផ្សេងទៀតគាំទ្រភោជនីយដ្ឋានជប៉ុន និងនិយាយថា ពលរដ្ឋចិនគួរតែស្នើឱ្យពលរដ្ឋចិនដូចគ្នាកែប្រែទម្លាប់មិនល្អចេញ ជាពិសេស នៅទីសាធារណៈ ។
តាមច្បាប់របស់ជប៉ុន គឺភោជនីយដ្ឋាននានាអាចបដិសេធភ្ញៀវដែលពុំនិយាយភាសាជប៉ុន ដោយសារបុគ្គលិកភោជនីយដ្ឋាននិយាយភាសាបរទេសមានកម្រិត ប៉ុន្តែបើភោជនីយដ្ឋានណាមួយរើសអើងពូជសាសន៍ ឬសញ្ជាតិ ចាត់ទុកថា ភោជនីយដ្ឋាននោះល្មើសនឹងរដ្ឋធម្មនុញ្ញជប៉ុន ។.png)
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរបរទេស ចំនួន៣៦លាន៩សែននាក់ កើនឡើង៤៧.១% បើធៀបនឹងឆ្នាំ២០២៣ ខណៈឆ្នាំ២០១៩ ជប៉ុនទទួលបានភ្ញៀវទេសចរបរទេស ត្រឹមតែ៣១លាន៩សែននាក់ប៉ុណ្ណោះ ។ រីឯភ្ញៀវទេសចរមកកម្សាន្តនៅជប៉ុនច្រើនបំផុត គឺកូរ៉េខាងត្បូង ស្មើ២៣.៨% និងចិន ស្មើ១៨.៩៥ ។ ភ្ញៀវទេសចរចិន និងកូរ៉េខាងត្បូង ដែលបរិភោគអាហារក្នុងភោជនីយដ្ឋានជប៉ុនពេលធ្វើដំណើរមកដល់ជប៉ុន ពួកគេចង់ឱ្យភោជនីយដ្ឋានជប៉ុនផ្លាស់ប្តូរទស្សនៈនេះ ៕










