សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យក្រុមហ៊ុន Apple បញ្ឈប់គម្រោងផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone ពីចិនទៅឥណ្ឌា ហើយលោកជំរុញឱ្យក្រុមហ៊ុននេះផលិត iPhone នៅអាមេរិក ។ ការអំពាវនាវនេះកើតឡើងស្របពេលការស្តារឧស្សាហកម្មនៅអាមេរិកឱ្យងើបឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។

-
- កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក Trump ថ្លែងថា លោកបានជូនដំណឹងទៅលោក Tim Cook នាយក Apple គឺជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ធំរបស់អាមេរិក ថា មិនចង់ឱ្យ Apple ផលិត iPhone នៅឥណ្ឌាទេ ពីព្រោះឥណ្ឌាជាប្រទេសមួយដែលកំណត់ពន្ធនាំចូលទំនិញខ្ពស់លើពិភពលោក ។ លោកថា ៖ «ខ្ញុំមានបញ្ហាតិចតួចជាមួយលោក Tim Cook ប៉ុន្តែមិត្តភក្តិខ្ញុំនឹងគាំទ្រ Apple ។ ក្រុមហ៊ុននេះគួរវិនិយោគប្រាក់ចំនួន៥សែនលានដុល្លារនៅអាមេរិក ប៉ុន្តែខ្ញុំឮថា Apple ពង្រីកការផលិត iPhone ទៅទូទាំងប្រទេសឥណ្ឌា ខ្ញុំពុំត្រូវការបែបនេះ» ។

-
- លោកសង្កត់ធ្ងន់ថា ឥណ្ឌា គឺជាប្រទេសមួយដែលកំណត់ពន្ធនាំចូលទំនិញខ្ពស់លើពិភពលោក ប៉ុន្តែឥណ្ឌាក៏បានស្នើកិច្ចព្រមព្រៀងមួយជាមួយអាមេរិក ដោយការលើកលែងពន្ធទំនិញនាំចូល ដែលបច្ចុប្បន្ន កំពុងពិចារណា ។
លោក Trump ដាក់សម្ពាធឱ្យក្រុមហ៊ុន Apple ផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone ពីឥណ្ឌាមកអាមេរិក ហាក់ផ្ទុយនឹងគោលនយោបាយ ពីព្រោះកន្លងមក លោកធ្លាប់គាំទ្រការវិនិយោគនៅឥណ្ឌា ។ ការផ្លាស់ប្តូរទីតាំងផលិតត្រឹម១០% មកអាមេរិក អាចចំណាយពេលវេលាជាច្រើនឆ្នាំ និងត្រូវការប្រាក់វិនិយោគរាប់លានដុល្លារ ។ កាលពីអាណត្តិទី១ លោក Trump បានលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រជាមួយឥណ្ឌា ដោយគាំទ្រឱ្យក្រុមហ៊ុនអាមេរិកវិនិយោគនៅឥណ្ឌា ប៉ុន្តែករណី Apple លោកបែរជាពុំយល់ស្របឱ្យក្រុមហ៊ុននេះប្តូរទីតាំងផលិត iPhone ពីចិនទៅឥណ្ឌា ហើយអំពាវនាវឱ្យប្តូរទីតាំងផលិតមកអាមេរិក ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគសេដ្ឋកិច្ច ។

ដោយឡែក សារព័ត៌មាន CNBC-TV18 របស់ឥណ្ឌាបានរាយការណ៍ដោយយោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលឥណ្ឌាថា ក្រុមហ៊ុន Apple បានសន្យាជាមួយរដ្ឋាភិបាលឥណ្ឌា គឺនឹងយកប្រទេសឥណ្ឌាធ្វើជាទីតាំងផលិតទូរស័ព្ទ iPhone ដ៏សំខាន់ ។
ក្រោមគោលនយោបាយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្រុមហ៊ុន Apple បានព្យាយាមពង្រីកទីតាំងផលិត iPhone និងផលិតផលផ្សេងៗចេញពីចិន ដែលជាទីតាំងផលិតដ៏សំខាន់ ដោយសារ Apple ប្រឈមនឹងភាពតានតឹងពាណិជ្ជកម្ម និងការដំឡើងពន្ធទំនិញរបស់អាមេរិក ។ ហេតុនេះ ការប្តូរទីតាំងផលិតទៅឥណ្ឌាបានក្លាយជាជម្រើសមួយដែលចំណាយដើមទុនទាបជាង និងកាត់បន្ថយផលប៉ះពាល់ពន្ធ ។
.png)
ការប្តូរទីតាំងផលិតមកអាមេរិកអាចផ្តល់ការងារដល់ពលរដ្ឋអាមេរិក ប៉ុន្តែ Apple ត្រូវចំណាយដើមទុនខ្ពស់ក្នុងការផលិត iPhone ដូចជា ៖ ចំណាយប្រាក់ជួលបុគ្គលិកអាមេរិកខ្ពស់ជាងបណ្តាប្រទេសអាស៊ី ព្រមទាំងការចំណាយលើស្តង់ដារសុវត្ថិភាព ការគ្រប់គ្រងបុគ្គលិក និងពន្ធ ។ ក្រៅពីនេះ បើ Apple ផលិត iPhone នៅអាមេរិក នឹងធ្វើឱ្យតម្លៃលក់រាយ iPhone កើនឡើងដល់៣,៥០០ដុល្លារ ដោយសារ Apple ចំណាយដើមទុនខ្ពស់នៅអាមេរិក ។ ដូច្នេះ Apple ពុំយល់ស្របតាមការអំពាវនាវឱ្យលោក Trump ទេ ៕










