ប្រទេសចិន ៖ ក្រុមហ៊ុនចិនឈ្មោះ Unitree Robotics បានផលិតឆ្កែយន្តជើង៤ ម៉ាក B2 សម្រាប់ជួយការងារពន្លត់ភ្លើង ហើយវាមានលក្ខណៈពិសេសអាចផ្តាច់ខ្លួនជាផ្នែកៗ ដើម្បីឱ្យអ្នកប្រើប្រាស់អាចបំពាក់ឧបករណ៍បន្ថែមទៀតតាមតម្រូវការ ។ វាបានក្លាយជាឆ្កែយន្តពន្លត់ភ្លើងដោយស្វ័យប្រវត្តិ និងអាចពន្លត់ភ្លើងនៅកន្លែងគ្រោះថ្នា.ក់ជំនួសមនុស្ស ដោយសារអាចឆ្លងកាត់គ្រប់ឧបសគ្គ មិនថាឡើងជណ្តើរ ឬឡើងទីខ្ពស់យ៉ាងឆាប់រហ័ស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។
ឆ្កែយន្តនេះត្រូវបានបំពាក់ដោយឧបករណ៍បាញ់ទឹកកម្លាំងខ្លាំងសម្រាប់បាញ់ទឹក ឬបាញ់ពពុះពីចម្ងាយដើម្បីគ្រប់គ្រងស្ថានការណ៍ ។ ក្រៅពីនេះ វាក៏ត្រូវបានបំពាក់ដោយកាមេរ៉ាថតរូបសម្រាប់បញ្ជូនវីដេអូមកកាន់ភ្នាក់ងារពន្លត់ភ្លើងវាយតម្លៃស្ថានការណ៍ មុនពេលភ្នាក់ងារពន្លត់ភ្លើងមកកន្លែងគ្រោះថ្នាក់ជាក់ស្តែង ព្រមទាំងបំពាក់ឧបករណ៍ផ្លុំពន្លត់ភ្លើងឆេះព្រៃផងដែរ ។.jpg)
ក្រុមហ៊ុនចិនផលិតឆ្កែយន្តនេះឡើងដើម្បីឱ្យវាអាចធ្វើការនៅកន្លែងគ្រោះថ្នាក់ខ្លាំងដែលមនុស្សពិបាកចូលដល់ ដូចជា ៖ កន្លែងក្តៅខ្លាំង និងសម្បូរធូលី ដោយសារខ្លួនរបស់វាមានប្រព័ន្ធបញ្ចេញកំដៅ និងបំពាក់សុទ្ធតែឧបករណ៍រឹងមាំ ។ ក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាយ៉ាងទំនើបក្នុងឆ្កែយន្តធ្វើឱ្យវាអាចឆ្លងកាត់គ្រប់ឧបសគ្គ មិនថាការឡើងលើទីខ្ពស់ៗ ឬឡើងជណ្តើរយ៉ាងឆាប់រហ័ស ថែមទាំងមានប្រព័ន្ធផ្លាស់ប្តូរថ្មភ្លាមៗដើម្បីអាចបំពេញការងារពន្លត់ភ្លើងបានយូរ ។
ក្រុមហ៊ុនបានសាកល្បងសមត្ថភាពរបស់ឆ្កែយន្តរួចហើយ បច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ជូនឆ្កែយន្តចំនួន២ក្បាល ទៅប្រចាំការជាមួយភ្នាក់ងារពន្លត់ភ្លើងប្រទេសចិនជាផ្លូវការ ។ បុគ្គលិកក្រុមហ៊ុនប្រាប់ថា នាថ្ងៃអនាគត ឆ្កែយន្តនេះនឹងអាចជួយពន្លត់ភ្លើងនៅកន្លែងគ្រោះថ្នាក់ជំនួសមនុស្សបាន ហើយពួកគេត្រៀមលក់ឆ្កែយន្តសម្រាប់អ្នកចាប់អារម្មណ៍ ប៉ុន្តែពុំបានប្រាប់ពីតម្លៃច្បាស់លាស់ទេ ។.png)
គួរបញ្ជាក់ថា Unitree Robotics គឺជាក្រុមហ៊ុនផលិតមនុស្សយន្តនៅប្រទេសចិន ហើយក្រុមហ៊ុននេះជាគូប្រជែងដ៏សំខាន់របស់ក្រុមហ៊ុនផលិតមនុស្សយន្តលំដាប់ពិភពលោកនៅអាមេរិក ឈ្មោះ Boston Dynamics ។ បច្ចុប្បន្ន ទាំងក្រុមហ៊ុនចិន និងអាមេរិក បានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តឱ្យកាន់តែមានសមត្ថភាពខ្ពស់ ឬមានអាកប្បកិរិយាដូចមនុស្សខ្លាំងឡើង ៕










