នារីម្នាក់ដែលមានគណនីហ្វេកប៊ុក Thida Kol ដែលមានរឿងអាស្រូវកាលពីមួយរយៈមុនពេលនេះបានចាប់ផ្តើមជាថ្មីជាមួយអ្នកលេងទិកតុកល្បីឈ្មោះ ម៉ែកុលាបដោយទទួលបានលិខិតជូនដំណឹង។ មិនត្រឹមតែប៉ុណ្ណោះ ធុងបេត្រូ និង ម៉ែកុលាប បានចេញមកខាងក្រៅមកជួប កុល ធីតា ប៉ុន្តែភាគីម្ខាងទៀតមិនមកតាមសម្តីដូចការបង្ហោះរបស់ខ្លួនឡើយ។

កាលពីកន្លងមកថ្មីៗនេះ ម៉ែកុលាប បានចេញមកនិយាយអំពីរូបភាពរបស់នារីឈ្មោះ កុល ធីតា ដែលមានរឿងអាស្រូវជាមួយនឹងតារាចម្រៀងល្បីឈ្មោះ ថានាងកាន់តែសាហាវជាងមុនដោយនាងបានពាក់អាវក្នុងបញ្ចេញភាពស៊ិចស៊ីបង្ហោះនៅលើបណ្តាញសង្គម។ ការចេញមកនិយាយរបស់ ម៉ែកុលាប បានធ្វើឱ្យ កុល ធីតា ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងដោយបានប្រើសម្តីមិនសមរម្យទៅកាន់ម្តាយរបស់ ម៉ែកុលាប។ ទទួលបានការប្រមាថមាក់ងាយមកកាន់ឪពុកម្តាយរបស់ខ្លួន ម៉ែកុលាប មិននៅស្ងៀមបានចេញលិខិតជូនដំណឹងពីមេធាវីឱ្យ ធីតា បញ្ឈប់សកម្មភាពនិងទង្វើរបស់ខ្លួនលុបរាល់សំណេរក្នុងរយៈពេល៤៨ម៉ោងមិនដូច្នេះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។ 
ជាមួយនឹងលិខិតជូនដំណឹងនេះស្រាប់តែភាគី កុល ធីតា ហាក់មិនញញើតឡើយដោយនៅបន្តប្រើសម្តីមិនសមរម្យថែមទាំងបានទម្លាក់ទីតាំងឱ្យ ម៉ែកុលាប និង ធុងបេត្រូ ចេញមកជួបនាងនៅទួលគោក ប៉ុន្តែនាងបែរជាមិនមកជួបអ្នកទាំងពីរដូចអ្វីដែលនាងបាននិយាយនៅលើបណ្តាញសង្គមនោះទេ ផ្ទុយទៅវិញបានប្រើសម្តីខ្លាំងៗបន្ថែមទៀតនៅលើបណ្តាញសង្គមរបស់ខ្លួន។
ទង្វើរបស់ កុល ធីតា ជាបន្តបន្ទាប់បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់នាងជាមួយនឹងសម្តីវែកញែកជាច្រើន៕










