ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនអាចនាំចូលយន្តហោះអាមេរិក Boeing ឡើងវិញ ក្រោយប្រទេសទាំងពីរឯកភាពផ្អាកសង្គ្រា.មពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធទំនិញរៀងៗខ្លួន ។ រដ្ឋាភិបាលចិនបានហាមឃាត់ក្រុមហ៊ុនទេសចរណ៍នានាទិញយន្តហោះអាមេរិក Boeing អស់រយៈពេល១ខែ ដោយសារចិន និងអាមេរិកដំឡើងពន្ធទំនិញខ្ពស់ទៅវិញទៅមក ដែលធ្វើឱ្យយន្តហោះ Boeing ហោះត្រឡប់ទៅអាមេរិកវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។
.png)
កាលពីថ្ងៃទី១៣ ខែឧសភា រដ្ឋាភិបាលចិនបានជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍នានាអាចទិញយន្តហោះដឹកអ្នកដំណើរដែលផលិតដោយក្រុមហ៊ុនអាមេរិក ក្រោយពីរដ្ឋាភិបាលបានលុបចោលបម្រាម ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ត្រូវអនុវត្តដោយប្រុងប្រយ័ត្នទាក់ទងនឹងរយៈពេល និងលក្ខខណ្ឌការទទួលយកយន្តហោះ ។ ការលុបចោលបម្រាមនេះ គឺ១ថ្ងៃក្រោយប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរសម្រេចផ្អាកដំឡើងពន្ធទំនិញរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធមកនៅកម្រិតទាប ។
មុននេះ ចិនបានដំឡើងពន្ធទំនិញអាមេរិក ស្មើ១២៥% ខណៈអាមេរិកដំឡើងពន្ធទំនិញចិន រហូតដល់១៤៥% ហើយការដំឡើងពន្ធទៅវិញទៅមកនេះធ្វើឱ្យប្រទេសទាំងពីរមានសង្គ្រាមពាណិជ្ជកម្ម និងរាលដាលទៅប្រទេសផ្សេងៗ ។ ការលុបចោលបម្រាមនាំចូលយន្តហោះអាមេរិក Boeing ហាក់ដូចជាដំណឹងល្អសម្រាប់ក្រុមហ៊ុនអាមេរិក ប៉ុន្តែវាអាចពុំយូរអង្វែង បើការដោះស្រាយសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ របស់ប្រទេសទាំងពីរបរាជ័យ ។
.png)
នៅចុងខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ចិនបានបដិសេធពុំទទួលយកក្រុមហ៊ុន Boeing ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ធ្វើឱ្យរដ្ឋាភិបាលចិនបញ្ជាទៅក្រុមហ៊ុនអាកាសចរណ៍ផ្អាកទទួលយកយន្តហោះផលិតដោយក្រុមហ៊ុនអាមេរិក ដែលធ្វើឱ្យយន្តហោះ Boeing ជាច្រើនគ្រឿងត្រូវហោះត្រឡប់ទៅអាមេរិកវិញ ។ ក្រោយមក ក្រុមហ៊ុន Boeing បានស្វែងរកអតិថិជនថ្មី គឺក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាបានស្នើទិញយន្តហោះ Boeing ១០គ្រឿង ក្រោយក្រុមហ៊ុនអាកាសចរណ៍ចិនពុំទទួល ។
កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធទំនិញនាំចូលអាមេរិកពីជាង១០០ប្រទេស ក្នុងនោះក៏មានទំនិញចិន ឥណ្ឌា និងជប៉ុន ផងដែរ ។ វាធ្វើឱ្យប្រទេសផ្សេងៗស្វែងរកការចរចាពាណិជ្ជកនហនជាមួយអាមេរិក ប៉ុន្តែចិនពុំចរចាជាមួយអាមេរិកទេ បែរជាដំឡើងពន្ធទំនិញអាមេរិកខ្ពស់វិញ ព្រមទាំងហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនផ្អាកទិញយន្តហោះអាមេរិក Boeing ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺប្រទេសទាំងពីរបានឯកភាពផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធទំនិញរៀងៗខ្លួន គឺអាមេរិកទម្លាក់ពន្ធទំនិញចិន ពី១៤៥% មកនៅត្រឹម៣០% ខណៈចិនទម្លាក់ពន្ធទំនិញអាមេរិក ពី១២៥% មកនៅត្រឹម១០% ៕










