ភ្លៀងមូសុងបានចាប់ផ្តើមធ្លាក់លាយឡំជាមួយនិងផ្គររន្ទះដ៏ខ្លាំងនៅព្រឹកថ្ងៃសៅរ៍នេះដែលបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ជាច្រើននៃទីក្រុងហូជីមិញ រួមទាំងផ្លូវជុំវិញផ្សារ Thu Duc ដែលកម្រិតទឹកត្រូវបានគេរាយការណ៍ថាបានឡើងដល់ជាងពាក់កណ្តាលនៃកង់រថយន្ត។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpress របស់វៀតណាម ចុះផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ឧសភា ឆ្នាំ ២០២៥នេះ។

នៅបរិវេណជុំវិញផ្សារ Thu Duc រួមទាំងផ្លូវនៅជិតៗដូចជា Vo Van Ngan និង Dang Thi Danh បានជួបប្រទះនឹងគ្រោះទឹកជំនន់ ជាមួយនឹងកម្រិតទឹកកើនឡើងលើសពីពាក់កណ្តាលនៃកង់រថយន្ត ហើយប្រជាពលរដ្ឋ និងអាជ្ញាធរបានបើកប្រព័ន្ធលូ ដើម្បីឲ្យទឹកឆាប់ស្រក។ 
បើយោងតាមការព្រមានពីស្ថានីយ៍ឧតុនិយមវៀតណាម និងជលសាស្ត្រភាគខាងត្បូង រូបភាពពីផ្កាយរណប រ៉ាដាអាកាសធាតុ និងប្រព័ន្ធចាប់រន្ទះ ចាប់តាំងពីម៉ោង ២ ទៀបភ្លឺមក បានបង្ហាញពីការបង្កើតពពកព្យុះ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ និងផ្លេកបន្ទោរទៅកាន់ទីក្រុង Thu Duc, Can Gio, Nha Be, Hoc Mon, Cu Chi និងស្រុក Go Vap និងតំបន់ជុំវិញ។

វាបានរំចានដល់ការធ្វើចរាចរណ៍ជាខ្លាំង ដោយទឹកបានហក់ឡើងជិតដល់កម្ពស់កែបម៉ូតូ និងបណ្តាលឱ្យរថយន្តជាច្រើនជាប់គាំង បន្សល់ទុកតែរថយន្តក្រុងប៉ុណ្ណោះដែលអាចធ្វើចលនាបាន។ ពលរដ្ឋមួយចំនួនបានចតម៉ូតូតាមផ្លូវក្បែរផ្សារដើម្បីបញ្ចៀសទឹកជំនន់រង់ចាំទឹកស្រក ប៉ុន្តែមួយចំនួនបានក្រឡាប់ ខណៈទឹកនៅតែបានបន្តកើនឡើង ។

លើសពីនេះ វាក៏បានប៉ះពាល់ដល់អាជីវកម្មនៅផ្សារ Thu Duc ផងដែរ ដោយអាជីវករបានប្រើបន្ទះប្លាស្ទិក និងរបាំងការពារដើម្បីទប់ទឹកកុំឲ្យចូលហាងរបស់ពួកគេ។ លោក Cao Van Tai កម្មករដែលមានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងផ្សារបាននិយាយថា “ខ្ញុំមិនដែរបានឃើញទឹកជំនន់បែបនេះនៅក្នុងតំបន់ផ្សារនេះជាយូរមកហើយ” ។ ប៉ុន្តែមកដល់ម៉ោង ៨ព្រឹកនេះ ភ្លៀងបានរាំង ហើយទឹកបានស្រកទៅវិញ។

គួរបញ្ជាក់ផងដែរថា វាក៏បានជះឥទ្ធិពលខេត្តខ្មែរនៅជាប់ប្រទេសវៀតណាមផងដែរ ដូចជាខេត្ត ស្វាយរៀង ដែលបណ្ដាលឱ្យជន់លិចផ្លូវ ព្រមទាំងលំនៅឋានពលរដ្ឋមួយក៏ត្រូវបានដួលរលំផងដែរ។ មិនតែប៉ុណ្ណោះផ្ទះប្រជាពលរដ្ឋមួយចំនួននៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ក៏ត្រូវបានរងការខូចខាតផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់៕









