ទីក្រុងប៉េកាំង ៖ កម្ទិចធូលីលើឋានព្រះចន្ទ ដែលគេចាត់ទុកថា «កម្រ និង មានតម្លៃជាងមាស» ដោយសារប្រទេសជាច្រើនកំពុងត្រូវការនោះ ត្រូវបានដឹកជញ្ជូនពីទីក្រុងប៉េកាំង ប្រទេសចិន ទៅកាន់ចក្រភពអង់គ្លេស បន្ទាប់ពីសាស្រ្តាចារ្យដ៏ល្បីម្នាក់នៅអង់គ្លេស បានស្នើសុំខ្ចីពីចិនដើម្បីយកវាទៅធ្វើការវិភាគ និងសិក្សាបន្ថែម។

យោងតាមសារព័ត៌មានបរទេស នៅថ្ងៃសុក្រ ទី៩ ឧសភា «កម្ទិចធូលី» មួយដូសតូច ដែលមានទម្ងន់ត្រឹមតែ ៦០មីលីក្រាម ត្រូវបានប្រមូលពីឋានព្រះចន្ទក្នុងតំបន់ភ្នំ Mons Rümkerមកកាន់ភពផែនដីតាមរយៈបេសកកម្ម Chang’e 5 របស់ចិន កាលពីឆ្នាំ២០២០ ហើយបច្ចុប្បន្នវាត្រូវបានបញ្ជូនចូលទៅក្នុងមន្ទីរពិសោធនៅសកលវិទ្យាល័យ Open University ក្នុងទីក្រុង Milton Keynes នៃប្រទេសអង់គ្លេស។
.jpg)
លោកសាស្រ្តាចារ្យ Mahesh Anand គឺជាអ្នកវិទ្យាសាស្រ្តអង់គ្លេសតែម្នាក់គត់ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវផ្សេងទៀតដែលទទួលបានកម្ទិចដីនេះយកទៅធ្វើការសិក្សា។ គាត់បាននិយាយថា ៖ «វាជាកិត្តិយស និងឳកាសដ៏មានតម្លៃបំផុត សម្រាប់វិទ្យាសាស្រ្តនៅលើផែនដី»។.jpg)
ការយកធូលីព្រះចន្ទដ៏កម្រមួយនេះទៅសិក្សា គឺដើម្បីស្វែងយល់ពីប្រភពដើម និងប្រវត្តិក្នុងការកកើតឡើងនៃភពព្រះចន្ទ ព្រមទាំងជាផ្នែកមួយដែលអាចបំភ្លឺផ្លូវក្នុងការស្វែងយល់ពីការកកើតនៃភពផែនដីឲ្យកាន់តែច្បាស់បន្ថែមទៀតផងដែរ។ បច្ចុប្បន្នសមាសធាតុដ៏មានតម្លៃនេះ កំពុងត្រូវបានគេរក្សាទុកនៅក្នុងបន្ទប់ពិសោធដ៏មានសុវត្ថិភាពបំផុត និងមិនអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តច្រើនចូលទៅស្រាវជ្រាវ ឬប៉ះពាល់ផ្ដេសផ្ដាសឡើយ។

កិច្ចសហប្រតិបត្តិការរវាងចិន និងអង់គ្លេសខាងលើនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ស្ថាប័នអវកាសចិន (CNSA) ដើម្បីជំរុញការសហការជាអន្តរជាតិក្នុងវិស័យលំហរអាកាស។ CNSA បានប្រកាសថា ពួកគេនឹងចែករំលែកម្ទិចដីឋានព្រះចន្ទដែលបានមកពីបេសកកម្ម Chang’e 5 នេះជាមួយនឹងប្រទេសផ្សេងទៀតដូចជា ៖ សហរដ្ឋអាមេរិក ជប៉ុន បារាំង អាឡឺម៉ង់ និងប៉ាគីស្ថាន៕










