បន្ទាប់ពីភ្ជាប់ពាក្យនៅក្នុងប្រទេសកម្ពុជាស្រាប់តែ រឿន ណាត បានបង្ហាញថាបានរៀបការជាមួយនឹង លាវ វេងហួរ ហើយនៅលើទឹកដីក្រៅប្រទេស(អាម៉េរិក)។ មិនត្រឹមតែអ្នកគាំទ្រមួយចំនួនធំមិនបានដឹងពីពិធីរៀបការប៉ុណ្ណោះទេសូម្បីតែបវរកញ្ញាដែលស្និទ្ធនឹង រឿន ណាត គឺ រ៉េត សារីតា ទំនងជាមិនបានដឹងដូចគ្នាទើបពោលពាក្យនេះឡើង។

នៅថ្ងៃទី១០ ឧសភា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ រឿន ណាត បានបង្ហោះរូបភាព៣សន្លឹក ភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ប្រហែលជាមិនសូវមានអ្នកដឹងទេថាថ្ងៃនេះជាថ្ងៃពួកយើងរៀបការ 09.05.2025 អរគុណដែលជ្រើសរើសអូនជាប្រពន្ធរបស់បង Leav Veng Hour»។ ក្នុងរូបភាពគឺអ្នកទាំងពីររៀបការតាមបែបលោកខាងលិច។ ការប្រកាសដំណឹងរៀបការយ៉ាងភ្ញាក់ផ្អើលនេះ លាវ វែងហួរ បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា «ចាប់ពីថ្ងៃនេះទៅបងអាចហៅអូនថា ប្រពន្ធ ពេញៗមាត់ហើយ I love you»។
ក្នុងពេលដំណឹងល្អត្រូវបានលាតត្រដាងជាសាធារណៈនេះអ្នកគាំទ្រជាច្រើនបានចូលរួមសម្តែងការអបអរសាទរទៅកាន់បវរកញ្ញា និងបុរសឯកមួយគូនេះដែលក្លាយជាប្តីប្រពន្ធគ្នាជាផ្លូវការ។ មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេទើបតែដឹងថា រឿន ណាត និងលាវ វេងហួរ រៀបការសូម្បីមិត្តរួមអាជីពមួយចំនួនក៏ទើបតែបានដឹងរឿងនេះដូចគ្នា។
កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានចែករំលែកការបង្ហោះរបស់ រឿន ណាត ជាមួយនឹងសំណេរខ្លីថា «ខ្ញុំមានការស្រែកផ្អើលពេញផ្ទះ!!! អបអរសាទរ I’m so happy for you both»។
គួរបញ្ជាក់ថា លាវ វេងហួរ Mister Friendship International 2023 និង រឿន ណាត Miss Universe Cambodia 2018 បានដឹកដៃគ្នារៀបចំពិធីមង្គលភ្ជាប់ពាក្យនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីប្រទេសកម្ពុជា។ ក្រោយពីពិធីភ្ជាប់ពាក្យរួមអ្នកទាំងពីរបានធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាម៉េរិកមួយរយៈមកហើយ ខណៈបានរៀបការនៅទីនោះទេម្តង។ យ៉ាងណា ទស្សនិកជនមិនទាន់ដឹងទេថាអ្នកទាំងពីរនឹងរៀបចំកម្មវិធីជប់លៀងអញ្ជើញមិត្តរួមអាជីពសិល្បៈរៀបការនៅក្នុងស្រុកខ្មែរម្តងទៀតឬយ៉ាងណានោះទេ៕










