ទីក្រុងបាងកក ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លដែលប្រារព្ធឡើងដើម្បីប្រកាសប្រាប់ប្រជាកសិករឲ្យដឹងពីការចាប់ផ្តើមនៃរដូវដាំដុះ និងដើម្បីព្យាករណ៍ព្យាករណ៍ពីផលដំណាំកសិកម្មសម្រាប់ឆ្នាំខាងមុខ ក៏ដូចជាទាយទុកមុនពីស្ថានភាពក្នុងប្រទេស មានប្រារព្ធដូចគ្នានៅក្នុងកម្ពុជា និងថៃ។ គោលបំណង និងបែបផែនក្នុងការប្រារព្ធពិធីនេះឡើង គឺមានលក្ខណៈស្រដៀងគ្នាស្ទើទាំងស្រុង ប៉ុន្តែដែលផ្ទុយស្រឡះវិញនោះ គឺលទ្ធផលទស្សន៍ទាយ។

គួរជម្រាបថា ពិធីច្រត់ព្រះនង្គ័លដ៏ឧឡារិកនៅប្រទេសថៃ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៩ ខែឧសភា ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រ Maha Vajiralongkorn ដែលបានយាងធ្វើជាអធិបតី ជាមួយនិងម្ចាស់ក្សត្រី Suthida។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺគោឧសភរាជទាំង២ក្បាលនៅក្នុងពិធីនោះ បានបរិភោគអាហារចំនួន ៣មុខ គឺស្មៅ ទឹក និងស្រា ដែលប្រសិនបើសម្រាប់ការព្យាករណ៍តាមក្បួនរបស់ខ្មែរយើង វាមិនមែនជាលទ្ធផលល្អឡើយ។ 
ដោយឡែក បើតាមអ្នកប្រវត្តិសាស្ត្រថៃ គេបានបញ្ជាក់ថា ៖ ព្រះរាជពិធីនេះមានអាយុកាលប្រហែល ៧០០ ឆ្នាំមកហើយ រីឯបើតាមក្បួនច្បាប់បុរាណប្រផ្នូលនៃការបរិភោគអាហារ ៣មុខខាងលើរបស់គោឧសភរាជ គឺមានព្យាករណ៍ថាល្អ ពោលគឺសម្រាប់វិស័យកសិកម្មនឹងទទួលបានទិន្នផលខ្ពស់ និងទំនាក់ទំនងការទូតជាបរទេសក៏នឹងល្អប្រសើរ។
យោងតាមលទ្ធផលទស្សន៍ទាយរបស់រាជគ្រូហោរាថៃបានឲ្យដឹងថា ៖ គោឧសភរាជបរិភោគ “ស្មៅ និង ផឹកទឹក” ទំនាយទាយថាការធ្វើកសិកម្មរបស់កសិករនឹងទទួលបានផលច្រើនជាពិសេសទៅលើដំណាំធុញ្ញជាតិ ផ្លែឈើ អាហារ និងសាច់បាននឹងបានផលដ៏ច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងការផ្គត់ផ្គង់ទឹកច្រើនគួរសមផងដែរ។ លើសពីនេះ គោ “ផឹកស្រា” បើតាមក្បួនច្បាប់គេព្យាករណ៍ថា ការដឹកជញ្ជូនទៅមកនឹងកាន់តែងាយស្រួល ជាពិសេសការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិនឹងប្រសើរឡើង ហើយសេដ្ឋកិច្ចនឹងរីកចម្រើន ដោយវាតំណាងឲ្យការជួបជុំជល់កែវអបអរ ការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយបណ្តាប្រទេសជាមិត្ត។
.jpg)
យ៉ាងណាមិញ បើក្រឡេកមើលលើទំនាយខ្មែរយើងពីដើមវិញ ប្រសិនបើ “គោស៊ីស្មៅ” នោះទំនាយទាយថា នឹងមានជំងឺអុតត្បាត អាសន្នរោគទាំងឡាយកើតលសត្វពាហនៈដូចជា គោ ក្របី ជ្រូក សេះ ជាដើម។ រីឯប្រសិនបើគោឧសភរាជ “ផឹកស្រា” នោះទំនាយទាយថា នឹងកើតមានភាពចលាចល បញ្ហាអសន្តិសុខ ស្រុកទេសកើតមានបញ្ហា ។ល។
ដូច្នេះ ទាំងនេះបង្ហាញថា ជំនឿក្នុងការប្រារព្ធពិធីនេះឡើងមកនៅក្នុងប្រទេសទាំង២ គឺមានស្រដៀងគ្នា ប៉ុន្តែចំពោះការទស្សន៍ទាយពីប្រផ្នូលអាហារ ២មុខ រួមមាន «ស្មៅ និង ស្រា» ដែលគោឧសភរាជបានបរិភោគគឺផ្ទុយគ្នាទាំងស្រុង៕










