ចក្រភពអង់គ្លេស ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ បន្ទាប់ពីមានអត្ថបទមួយចុះផ្សាយថាថា ៖ សម្ភារៈលម្អខ្លួនរបស់អ្នកនៅពេលបន្តិចទៀត អាចផលិតចេញពីស្បែករបស់ T-Rexពិតៗ។ វាបានបង្ករជាមន្ទិលសង្ស័យ និងមានមតិចោទសួរជាច្រើនថា “វាអាចទៅរួចបានដូចម្ដេច?”
មនុស្សជាច្រើននិយាយថា ៖ ឱកាសនៃការរីកលូតលាស់ស្បែករបស់ T-rex អាចនឹងមិនជោគជ័យទេ នៅពេលដែលអ្នកវិទ្យាសាស្រ្តកំពុងព្យាយាមប្រើប្រាស់ផូស៊ីលរបស់វាមកផ្ស៊ាំនៅជាមួយខូឡូជេនដែលនៅក្នុងស្បែកសត្វស្បែកសត្វ ដើម្បីបង្កើតស្បែករបស់ដាយណូស័។

យោងតាមប្រភពសារព័ត៌មាន NBC News កាលពីថ្ងៃអង្គារ នេះបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាមកពីសកលវិទ្យាល័យ Newcastle នៃប្រទេសអង់គ្លេស កំពុងសហការគ្នាដើម្បីបង្កើតស្បែកនៅក្នុងមន្ទីពិសោធន៍ (Lab-Grown leather) ដោយប្រើ DNA មកពីឆ្អឹងT-rex ដែលមានអាយុកាលជាង៦៦លានឆ្នាំ។
លោកបណ្ឌិតសាស្រ្តាចារ្យ Che Connon មកពីក្រុមហ៊ុន VML, The Organoid Company និង Lab-Grown Leather Ltd. បានអះអាងថា ៖ ពួកលោកកំពុងប្រើប្ាស់ការសំយោគ DNA (synthetic DNA) ដើម្បីបង្កើតជាសម្ព័ន្ធរូបធាតុមួយមានទម្រង់ជា Collagen ដែលជាសមាសធាតុសំខាន់មួយក្នុងការលូតលាស់របស់ស្បែក។ លោកក៏បានបញ្ជាក់ផងដែរថា ៖ គម្រោងនៃការបង្កើតស្បែកនេះឡើងគឺដើម្បីអាចផ្ដល់ឲ្យនូវវត្ថុធាតុដើមថ្មី និងបញ្ឈប់ការបំពានលើសត្វ (cruelty-free) ក្នុងការយកពួកវាមកសម្លា..ប់ និងយកស្បែកទៅផលិតជាកាបូប។ គេរំពឹងថាស្បែកដែលកំពុងបង្កើតនោះនឹងទទួលបានជោគជ័យ ហើយកាបូបស្បែកដ៏ប្រណីតបែប Luxurious prototype នឹងលេចរូបរាងឡើងឆាប់ៗផងដែរ។
ទោះជាយ៉ាងណា ផែនការ”T-rex leather” ដែលជាគម្រោងការបង្កើតកាបូបចេញពីស្បែកដាយណូស័រនេះ កំពុងស្ថិតនៅក្នុងការតាមដនរបស់អ្នកវិទ្យាសាស្រ្តនៅឡើយ ព្រោះគេមិនអាចយកDNA ដ៏ពេញលេញចេញពីដាយណូស័រនោះទេ ពោល DNA ដែលរកឃើញថ្មីជាងគេសម្រាប់យកមកប្រើប្រាស់ក្នុងការពិសោធនេះគឺមានអាយុប្រហែល២លានឆ្នាំទៅហើយ។ លើសពីនេះ ស្បែកពិតរបស់ T-rex ក៏មិនមិនអាចរកបានផងដែរ ព្រោះអ្វីដែលនៅសេសសល់សម្រាប់អ្នកវិទ្យាសាស្រ្តគឺមានតែគ្រោងឆ្អឹង និងផូស៊ីលរបស់វាតែប៉ុណ្ណោះ។
ប៉ុន្តែអ្វីទាំងអស់នេះ មិនបានធ្វើឲ្យអ្នកវិទ្យាសាស្រ្តអស់សង្ឃឹម និងបោះបង់ការខិតខំប្រឹងប្រែងនេះទេ ដោយពួកគេជឿជាក់យ៉ាងខ្លាំងលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលអាចនឹងនាំឲ្យកើតមាននូវរបកគំហើញថ្មីៗក្នុងការសម្រេចឲ្យបាននូវគម្រោងផលិតកាបូបស្បែកដាយណូស័រនេះ ប្រកបដោយភាពច្នៃប្រឌិតដ៏សម្បូរបែប និងមិនប៉ះពាល់ដល់សត្វ៕