រាជធានីភ្នំពេញ ៖ ខណៈពេលកំពុងមានផ្ទុះឡើងនៅក្នុងប្រទេសជិតខាង និងបណ្ដារប្រទេសមួយចំនួននូវជំងឺ “អង់ត្រាក់” ឬហៅថា “ពិសធ្យូង” នៅលើសត្វ និងលើមនុស្ស ដែលបង្ករឡើងដោយបាក់តេរីដែលបង្កើតស្ព័រ (spore-forming bacillus anthracis) ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា មានសេចក្ដីជូនដំណឹង និងការណែនាំពីរបៀបដែលជំងឺនេះចម្លង វិធីការពារខ្លួន និងដំណោះស្រាយទប់ស្កាត់ដើម្បីបង្ការកុំឲ្យមានការចម្លងចូលមកកាន់ប្រទេសកម្ពុជាដូចខាងក្រោម៖
១.លក្ខណៈនៃជំងឺ និងរបៀបចម្លង ៖ ជំងឺអង់ត្រាក់ ឬ ពិសធ្យូងនេះ ជាជំងឺកម្រ ប៉ុន្តែធ្ងន់ធ្ងរដែលភាគច្រើនកើតមាននៅលើសត្វពាហនៈដែលស៊ីស្មៅដូចជា គោ ក្របី ចៀម ពពែ សេះ និងសត្វព្រៃមួយចំនួន។

វាជាមេរោគ ដែលអាចរស់នៅក្រោមរូបភាពជាស្ព័រនៅក្នុងបរិយាកាស ធន់នឹងឌាតុអាកាសខាងក្រៅ ថែមទាំងអាចសម្ងំដល់ ៣០-៤០ឆ្នាំនៅក្នុងដី សា..កស..ពសត្វ និងលាមកសត្វ។ នៅពេលមេរោគនេះបានឆ្លងចូលក្នុងខ្លួនសត្វ គ្រាប់ស្ព័រនឹងក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វាដែលមានគ្រោះថ្នាក់ដល់សុខភាព។ រីឯរបៀបដែលជំងឺនេះចម្លង គឺតាមរយៈ៖
-ការប៉ះពាល់ផ្ទាល់ជាមួយសត្វឈឺ ដូចជាការប៉ះសាច់ ឈាម រោម និងឆ្អឹងពួកវា
-ការដកដង្ហើមចូលនូវធូលី ដែលមានស្ព័រមេរោគអង់ត្រាក់
-បរិភោគសាច់សត្វដែលមានផ្ទុកជំងឺអង់ត្រាក់
-ប្រើម្ជុល ឬសឺរ៉ាំងរួមគ្នាជាមួយអ្នកជំងឺអង់ត្រាក់
-មិនទាន់មានភស្តុតាងថាវាអាចចម្លងពីមនុស្សទៅកាន់មនុស្សទេ ប៉ុន្តែដំបៅស្បែកនៅលើអ្នកជំងឺអង់ត្រាក់អាចឆ្លងខ្លាំង ។
ចំពោះរោគសញ្ញារបស់វាមាន ៣ សណ្ឋានរួមមាន៖
១. សណ្ឋានលើស្បែក៖ វាបង្ករចាប់ពី១-៧ថ្ងៃបន្ទាប់ការប៉ះពាល់ ដែលនាំឲ្យមានដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ត្រង់ចំណុចកណ្ដាលខ្មៅ មាននៅលើមុខ ក ដៃ និងហើមកូនកណ្ដុរ។
២. សណ្ឋានក្រពះ-ពោះវៀន ៖ វាបង្ករចាប់ពី ២-៥ថ្ងៃបន្ទាប់ពីការបរិភោគសាច់ដែលមានមេរោគ ហើយនាំឲ្យមានអការៈដូចជាពុលអាហារ ប៉ុន្តែអាចមានឈឺក្រពះ ក្អួត ចង្អោរ ក្អួតឈា..ម រាគធ្ងន់ធ្ងរ រាគឈាម គ្រុនក្ដៅញាក់ ហើមក ឬកូនកណ្ដុរនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម និងសន្លប់។
៣. សណ្ឋានផ្លូវដង្ហើម ៖ វានឹងកើតឡើងចាប់ពី ១-៦ថ្ងៃបន្ទាប់ការរិភោគសាច់មានមេរោគ ឬការស្រូបចូលតាមផ្លូវដង្ហើម នឹងនាំឲ្យមានអការៈស្រដៀងនឹងគ្រុនផ្ដាសាយដែរ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួតចង្អោរ ឈឺពោះ ឈឺក្បាល បែកញើស អស់កម្លាំង និងឈឺទ្រូងដែលអាចមានឈា..មកកនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។
ចំណែកវិធានការពារមានដូចជា៖ កុំប៉ះពាល់ផ្ទាល់ជាមួយសត្វដែលសង្ស័យថាអាចមានជំងឺនេះ, ហាមបរិភោគសាច់សត្វងា..ប់ដោយជំងឺអង់ត្រាក់, ត្រូវយកសា..កស..ពសត្វទៅកប់ ឬដុតកំទេចចោល, ហាមវះពិនិត្យសា..កស..ពសត្វដែលងា..ប់ដោយសារជំងឺនេះ និងត្រូវបញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីពេទ្យជាបន្ទាន់ ឬទាក់ទងមកកាន់លេខ ១១៥។
គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយទេ ហើយក្រសួងសុខាភិបាលនឹងបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតមកពីក្រៅប្រទេស៕