ថ្មីៗនេះវីដេអូខ្លីមួយពីអ្នកអត្ថាធិប្បាយបាល់ទាត់ Admin ជីងចក់ បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីទទួលរងនូវសម្តីថា «នៅខាងក្រៅមុ.ខអា.ក្រក់»។ ពាក្យសម្តី នេះបានជំរុញឱ្យអ្នកបង្កើតមាតិកា Yuro Mong ចេញមកបង្ហាញថាលោកជួបច្រើនហើយអ្នកដែលនិយាយអត់ប្រើខួរបែបនេះ។
វីដេអូខ្លីមួយត្រូវបានចែកចាយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះដោយគេបានឃើញ អ្នកអត្ថាធិប្បាយបាល់ទាត់ ជីងចក់ កំពុងដើរនៅផ្សារទំនើបហើយបានឆ្លងកាត់សិស្សមួយក្រុមដោយគេបានឮសំឡេងម្ខាងទៀតនិយាយថា «ពូឯងនៅខាងក្រៅមុខអាក្រក់ម៉េស»។ វីដេអូខ្លីនេះត្រូវបានគេយកមកចែកចាយជាបន្តបន្ទាប់ជាមួយនឹងការបន្ថែមភ្លេងទៀតបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិប្រតិកម្ម។
ក្នុងនោះដែរអ្នកបង្កើតមាតិកាបែបកំប្លែង Yuro Mong ក៏បានចែករំលែកវីដេអូរបស់ Admin ជីងចក់ ដែលរងនូវសម្តីបង្អាប់បែបនេះ។ លោកបានសរសេរភ្ជាប់មកជាមួយនឹងការចែករំលែករបស់ខ្លួនថា «មិនខ្វះទេអ្នកនិយាយអត់ប្រើខួរជាមួយនឹងខ្ញុំ ជួបច្រើន ការនិយាយស្ដីលេងសើចបន្លំមើលងាយ ខ្ញុំមិនដែលនិយាយតបតជាមួយទេ ព្រោះខ្ញុំដឹងថាបើខ្ញុំតបតទៅដឹងតែពួកហ្នឹងរត់ទៅចងកហើយ រឿងការនិយាយអត់ឈ្នះខ្ញុំទេ គ្រាន់តែខ្ញុំមិនចូលចិត្តនិយាយអ្វីឱ្យទៅប៉ះពាល់ឬធ្វើឲ្យអ្នកណាម្នាក់អន់ចិត្តទេ ព្រោះខ្ញុំមានខួរ»។

បន្ទាប់ពីវីដេអូខ្លីបានសាយភាយនៅលើបណ្តាញសង្គម អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះបានចេញមកនិយាយដែរថាលោកមិនប្រកាន់ ខឹងឬតូចចិត្តទៅកាន់ក្មួយស្រីម្នាក់ដែលនិយាយមកកាន់ខ្លួនឡើយព្រោះចាត់ទុកថានោះគ្រាន់តែជាពាក្យលេងសើច ប៉ុន្តែមិនស្មានដឹងថាមហាជនបញ្ចេញមតិប្រតិកម្ម៕