នៅលើបណ្តាញសង្គមមានការចែករំលែកយ៉ាងច្រើនដោយគេបានឃើញតារារ៉េបកម្ពុជា វណ្ណដា បាននាំតារារ៉េបជប៉ុន Awich ទៅតូបលក់ដូរឪពុកម្តាយរបស់ខ្លួននៅផ្សារលើថែមទាំងបង្ហាញជំនាញកោសដូងរបស់ខ្លួនទៀត។
នៅថ្ងៃទី៧ ឧសភា នៅលើបណ្តាញសង្គមទិកតុកគេបានឃើញមានការចែករំលែកវីដេអូជាច្រើនបង្ហាញពីសកម្មភាពរបស់ វណ្ណដា នាំតារារ៉េបជប៉ុន Awich ទៅផ្សារលើ នៅទីតាំងខេត្តព្រះសីហនុ ដែលធ្វើឱ្យផ្អើលអស់មនុស្សម្នាឈូឆរទៅមើលតារាចម្រៀងទាំងពីររូបនេះ។ គណនីហ្វេនៗមួយចំនួនបានបង្ហាញថានេះអាចជាកម្មវិធីមួយរបស់ Awich ហើយបានមកថតពីសកម្មភាពនៅទីតាំងនេះជាពិសេសគឺកន្លែងកំណើតរបស់ វណ្ណដា ក្នុងនាមជាកូនអ្នកកោសដូងមានឪពុកម្តាយជាអាជីវករ។
អ្នកខ្លះទៀតក៏បានរម្លឹកទៅកាលពី វណ្ណដា ទៅប្រគំតន្រ្តីនៅខេត្តព្រះសីហនុព្រមទាំងសន្យាថានឹងព្យាយាមបង្ហាញតំបន់ទេសចរណ៍នៅខេត្តនេះហើយនេះទំនងជាអ្វីដែល វណ្ណដា បង្ហាញទៅកាន់ Awich។ ទោះជាមានការបង្ហើបផ្សេងៗពីអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះក្តីប៉ុន្តែភាពលម្អិតក៏ដូចជាការថតនេះនៅមិនទាន់កំណត់បានជាក់លាក់ថាជាអ្វីនោះទេ។
តាមរយៈការចែករំលែកវីដេអូទៀតសោតទស្សនិកជនក៏បានឃើញ វណ្ណដា បានបង្ហាញថ្វីដៃកោសដូងរបស់ខ្លួនទៅកាន់តារារ៉េបជប៉ុន Awich ផងដែរ ខណៈទស្សនិកជនមួយចំនួនបញ្ចេញមតិថាតារាបរទេសរូបនេះប្រហែលជាជាប់ចិត្តជាមួយនឹងស្រុកខ្មែរខ្លាំងហើយមើលទៅទើបមកកម្ពុជាជាច្រើនដង។

គួរបញ្ជាក់ផងដែរថា វណ្ណដា និង Awich ចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយគ្នាបន្ទាប់ពី តារារ៉េបកម្ពុជារូបនេះបានចេញទៅសម្តែងនៅលើទឹកដីជប៉ុនលើកដំបូងក្នុងខែកក្កដា ឆ្នាំ២០២៣ ហើយអ្នកទាំងពីរបានចែករំលែកពីវប្បធម៌របស់ប្រទេសទៅវិញទៅមកប្រកបដោយភាពសិទ្ធស្នាល។ ទំនាក់ទំនងរបស់អ្នកទាំងពីរបានចាប់ផ្តើមបន្តដោយកាលពីខែធ្នូ ឆ្នាំ២០២៣ Awich ក៏បានមកសម្តែងនៅលើដីប្រទេសកម្ពុជាជាលើកដំបូងថែមទាំងមានការសហការគ្នាចេញបទ «៦ Years In The Game» នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ហើយ Awich ក៏បានជូនពរថ្ងៃកំណើត វណ្ណដា ឆ្លងប្រទេសជាមួយនឹងនំខួបកំណើតផងដែរ។
មិត្តភាពតារារ៉េបទាំងពីរក៏នៅតែបន្តរហូតដល់ Awich ហោះមកខ្មែរថត MV បទចម្រៀងដែលមានការសហការ៥ប្រទេសរួមគ្នា ខណៈនាថ្ងៃទី១៧ ខាងមុខ Awich ក៏ជាតារាកិត្តិយសពិសេសចូលរួមការប្រគំតន្រ្តីដ៏ធំរបស់ វណ្ណដា ផងដែរ៕