តារាចម្រៀង សុខ សម្បត្តិ ដែលនិយមយកសំឡេងនានាមកច្នៃធ្វើជាចម្រៀងនឹងមានវត្តមានចូលរួមសម្តែងនៅចន្លោះម៉ោងសម្រាកវគ្គទី១ ការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ FC Arkadag ។ ទោះយ៉ាងណាវត្តមានរបស់តារាចម្រៀងរូបនេះបានបង្កឱ្យមានការជជែកវែកញែកក្នុងចំណោមទស្សនិកជន។
នៅល្ងាចថ្ងៃទី៥ ឧសភា ផេកផ្លូវការព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការអំពីវត្តមានតារាចម្រៀង សុខ សម្បត្តិ អតីតសមាជិកក្រុម D-Man និងជាម្ចាស់បទ «អប្សរអង្គរសង្រ្កាន្ត» និងបទ «ក្រោមទង់ជាតិតែមួយ» នឹងមានការសម្តែងរបស់លោកនៅចន្លោះម៉ោងសម្រាកវគ្គទី១ការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ FC Arkadag នាថ្ងៃទី១០ ខែឧសភា ខាងមុខនេះក្នុងពហុកីឡដ្ឋានមរតកតេជោ។
ការប្រកាសអំពីវត្តមានរបស់តារាចម្រៀងរូបនេះធ្វើឱ្យមានការជជែកវែកញែកក្នុងចំណោមអ្នកលេងអ៊ីនធឺណិតដោយទស្សនិកជនមួយចំនួនបញ្ចេញមតិថាមិនស្គាល់តារាចម្រៀងរូបនេះ និងមួយផ្នែកទៀតបានបង្ហាញអារម្មណ៍មិនសូវល្អដែលជ្រើសរើសតារាប្រុសរូបនេះបានសម្តែងក្នុងកម្មវិធីដ៏ធំបែបនេះ។ ទោះយ៉ាងណា ដ្បិតតែមានអ្នកខ្លះបង្ហាញការមិនពេញចិត្តចំពោះតារាចម្រៀង សុខ សម្បត្តិ ប៉ុន្តែគេក៏បានឃើញមានការលើកទឹកចិត្តមកកាន់តារាចម្រៀងរូបនេះដូចគ្នា។
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «គាត់មកសម្ដែងឱ្យមើល ច្រៀងឱ្យស្ដាប់ ស្ដាប់មិនស្ដាប់ ស្គាល់មិនស្គាល់ ក៏មិនគួរខមិនបំបាក់ទឹកចិត្តគាត់ដែរឱ្យគាត់ច្រៀង ឱ្យគាត់ Perform Talent គាត់ទៅ កើតមិនកើតក៏មើលក៏ស្ដាប់សិនទៅ បើមិនត្រូវចិត្តអ្នកមួយចំនួនក៏មានអ្នកខ្លះត្រូវចិត្តគាត់ បើជាអ្នកត្រូវបានអ្នកដទៃធ្វើបែបហ្នឹងដាក់អ្នកមានអារម្មណ៍បែបណា?, ស្គាល់មិនស្គាល់នៅឱ្យស្ងៀមទៅ ចាំបាច់ខមិនបែបគ្មានខួរក្បាលគិតចឹង បាន50%នៃគាត់នៅហ្នឹង បានចេញមិនឱ្យគេដៀលដេកមិនលក់, អ្នកនិយាយថាអត់ស្គាល់គាត់ ងាយៗទេបងចូល YouTube ក៏បាន Facebook ក៏បាន ហើយ search ឈ្មោះគាត់ទៅ បងហ្នឹងស្គាល់គាត់ហើយ មានអីឱ្យពិបាកបង»។

គណនីផ្សេងទៀតបានបញ្ចេញមតិថា «ហួចស្គាល់មិនស្គាល់ក៏ធម្មតាទៅ ខ្លះចាំបាច់ខមិនតែស្ករធ្វើអី ឱ្យតម្លៃគេផង ? គេមានសមត្ថភាព អាចច្រៀងអាចធ្វើភ្លេងបាន គេឡើងឆាកបាន ចុះអ្នកខមិនថាឱ្យគេហ្នឹងម៉េចហើយ? , អត់ស្គាល់គាត់ដូចអត់ស្គាល់ធនធានមនុស្សនៅកម្ពុជាអ៊ីចឹង Great content creator»៕