រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជានឹងមិនទទួលការវិនិយោគរបស់ក្រុមហ៊ុនបរទេសណាមួយលើការបើករោងចក្រផលិតបារីអេឡិចត្រូនិចនៅកម្ពុជាជាដាច់ខាត បើទោះជាការផលិតនោះសម្រាប់តែនាំចេញទៅក្រៅក៏ដោយ។
នាឳកាសចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ » នៅព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណណេត បានលើកឡើងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបដិសេដមិនអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនណាមួយមកវិនិយោគផលិតបារីអេឡិចត្រូនិចនៅលើទឹកដីកម្ពុជាឡើយ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីមានក្រុមហ៊ុនបរទេសមួយបានមានបំណងចង់វិនិយោគរោងចក្រផលិតនៅប្រទេសកម្ពុជា។

សម្ដេចនាយករដ្ឋមន្រ្តីបានអះអាងយ៉ាងដូច្នេះថា “វាមិនមានភាពចាំបាច់ក្នុងការបើករោងចក្រផលិតបារីអេឡិចត្រូនិចនៅកម្ពុជានោះទេ។ បច្ចុប្បន្នកម្ពុជាមានជម្រើសនៃក្រុមហ៊ុនចង់មកវិនិយោគរាប់ពាន់មុខទំនិញ បើទោះជាគ្មានរោងចក្រផលិតបារីអេឡិចត្រូនិចនេះ ក៏មិនប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ”។
គួរបញ្ជាក់ថា ការបដិសេធមិនទទួលយកការវិនិយោគរោងចក្រផលិតបារីអេឡិចត្រូនិចនេះ គឺស្របតាមគោលការណ៍របស់រដ្ឋាភិបាល ដែលកន្លងមកបានខិតខំព្យាយាមចេញសេចក្ដីហាមប្រាម ទប់ស្កាត់ប្រជាពរដ្ឋទាំងអស់ ជាពិសេសសិស្សសាលាក្មេងៗកុំឲ្យប្រើប្រាស់នូវឧបករណ៍ទាំងនេះ។ នៅក្នុងផ្សែងបារីអេឡិចត្រូនិចនេះ មានផ្ទុកនៅសារធាតុនីកូទីន និងសារធាតុប៉ះពាល់មួយចំនួនទៀត ដែលជាដើមហេតុមួយក្នុងការបង្ករឲ្យកើតមាននូវជំងឺមហារីកផងដែរ៕