ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai និយាយថា ការអនុវត្តតាមកិច្ចព្រមព្រៀង MOU នៅឆ្នាំ២០០០ នឹងពុំធ្វើឱ្យប្រទេសថៃបាត់បង់ទឹកដី ។ រីឯពាក្យថា «ការដកថយកម្លាំងទ័ព» មិនមែនមានន័យថា គឺជាការដកទ័ពថៃចេញពីតំបន់ទាំងអស់នៅប្រាសាទតាមាន់ធំទេ កងទ័ពថៃនៅតែឈរជើងនៅប្រាសាទតាមាន់ធំដូចមុន ។ លោកចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានរបស់កាសែតថៃ គឺជាការប៉ុនប៉ងធ្វើឱ្យរដ្ឋាភិបាលរង្គោះរង្គើ ពីព្រោះមេបញ្ជាការកងទ័ពថៃ ទី២ បានបកស្រាយរួចហើយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី៤ ខែឧសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham បានឆ្លើយតបទៅអ្នកជំនាញដែលលើកឡើងថា លោកបញ្ជាឱ្យដកថយកងទ័ពចេញពីប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ហើយអ្នកជំនាញបារម្ភពីការបាត់បង់ទឹកដីរបស់ថៃ ។ លោកថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (General Border Committee : GBC) គឺថៃបានពិភាក្សាជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ព្រមទាំងមេបញ្ជាការកងទ័ពកម្ពុជាទាំងអស់ ។ លោក Phumtham បានដឹកនាំអនុរដ្ឋមន្ត្រីការពារជាតិ មេបញ្ជាការកំពូលកងទ័ព មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានមន្ត្រីតំណាងកងទ័ពជើងទឹក កងទ័ពអាកាសថៃចូលរួមផងដែរ ហើយនេះជាការសន្ទនាទល់មុខគ្នា គ្មានអ្វីខុសឆ្គងទេ មនុស្សគ្រប់រូបអាចធ្វើសាក្សី ។
ចំណែកខ្លឹមសារការពិភាក្សា គឺភាគីទាំងពីរបានយល់ព្រមប្រើប្រាស់កិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ ហើយកិច្ចប្រជុំ (GBC) ក៏បានសម្រេចឱ្យដកថយកងទ័ពតាមកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និងតាមកិច្ចព្រមព្រៀង ឆ្នាំ២០១៩ ដោយភាគីទាំងពីរនឹងពិភាក្សាគ្នាលម្អិតម្តងទៀត ដែលរៀបចំដោយមេបញ្ជាការកងទ័ពជើងគោក ។ លោក Phumtham និយាយថា ពាក្យថា «ដកថយកងទ័ព» គឺមិនមែនឱ្យដកកងទ័ពថៃចេញពីតំបន់ដែលថៃឈរជើងទេ កងទ័ពថៃនៅតែការពារ និងឈរជើងដូចមុន យើងអនុញ្ញាតឱ្យភាគីកម្ពុជាឡើងមកប្រាសាទតាមាន់ធំ ប៉ុន្តែភាគីទាំងពីរឯកភាពថា នឹងជជែកគ្នាលម្អិតបន្ថែមទៀត ។
.jpg)
លោកបន្តថា បច្ចុប្បន្ន មេបញ្ជាការកងទ័ពថៃទី២ បានឡើងទៅតំបន់ដែលមានបញ្ហា ឃើញថា ស្ថានការណ៍ធម្មតា ។ យើងឈរជើងលើទឹកដីរបស់យើង និងប្រាសាទតាមាន់ធំ គឺធ្វើឡើងតាមកិច្ចព្រមព្រៀងទាំងអស់ ហើយលោកសូមបញ្ជាក់ថា លោកពុំបានលក់ដីឱ្យជនបរទេសទេ រីឯការលើកឡើងថា កងទ័ពថៃមិនព្រមឡើងមកការពារ គឺមិនមែនទេ កងទ័ពថៃបានទទួលបញ្ជាពីលោករួចហើយ ។ ការចុះផ្សាយព័ត៌មានខុសពីការពិត គឺមេបញ្ជាការកងទ័ពថៃទី២ បានបកស្រាយរួចហើយ ប៉ុន្តែកាសែតផ្សេងៗរបស់ថៃផ្សព្វផ្សាយព័ត៌មានបំផ្លើស ។ មូលហេតុដែលកាសែតថៃចុះផ្សាយបែបនេះ លោកពុំជ្រាបទេ ប៉ុន្តែលោកយល់ថា វាជាការប៉ុនប៉ងធ្វើឱ្យរដ្ឋាភិបាលរង្គោះរង្គើ ។
គួរបញ្ជាក់ថា ពលរដ្ឋថៃបានចោទប្រកាន់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham ថា ធ្វើឱ្យប្រទេសថៃបាត់បង់ទឹកដី ដោយសារលោកបានបញ្ជាឱ្យកងទ័ពថៃដកថយពីប្រាសាទតាមាន់ធំ ហើយមកឈរជើងនៅទីតាំងដើមវិញ ។ ប៉ុន្តែលោក Phumtham បានច្រានចោលការចោទប្រកាន់នេះ ដោយលោកបញ្ជាក់ថា ការដកថយកងទ័ពកម្ពុជា និងថៃ គឺដើម្បីចៀសវាងការប្រឈមមុខគ្នា ៕










