ស្គាល់គ្នាលើសពី៦ឆ្នាំមកហើយនោះតារាចម្រៀង នរិទ្ធ បានទម្លាយពីទំនាក់ទំនងរវាងលោកនិង វណ្ណដា ដោយបានបង្ហាញថាកាលពីជួបគ្នាដំបូងៗអ្នកទាំងពីរមិននិយាយស្តីរកគ្នាទៅវិញទៅមក។ ទោះយ៉ាងណា នរិទ្ធ ថាបន្ទាប់ពីដើរលេងជាមួយគ្នា ធ្វើការជាមួយគ្នាបណ្តាលឱ្យអ្នកទាំងពីរមានភាពស្និទ្ធស្នាល។
នៅថ្ងៃទី២ ឧសភា វណ្ណដា បានទម្លាក់វីដេអូឯកសារ អំពីការធ្វើតន្រ្តីនិងការទៅប្រគំតន្រ្តីនានារបស់ខ្លួននៅឯក្រៅប្រទេសក្នុងឆ្នាំ២០២៤ ដែលមានឈ្មោះថា «Make Your Luck»។ នៅក្នុងវីដេអូភាគទី១ដែលមានរយៈពេលជាង១៩នាទី ក្នុងការផលិតតន្រ្តីរបស់ វណ្ណដា គឺបង្ហាញថា វណ្ណដា បានផលិតតន្រ្តីរបស់ខ្លួនជាមួយនឹងបរិកាសធម្មជាតិនៅតាមបណ្តាខេត្តនិងទទួលការស្តាប់យោបល់ពីក្រុមការងារទៅលើបទរបស់ខ្លួន។

នៅក្នុងវីដេអូនេះ តារាចម្រៀង នរិទ្ធ ក៏បានទម្លាយពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹង វណ្ណដា ផងដែរ។ នរិទ្ធ បាននិយាយថាលោកនឹង វណ្ណដា ស្គាល់គ្នាលើសពី៥ទៅ៦ឆ្នាំមកហើយដោយទម្លាយថាកាលពីអ្នកទាំងពីរជួបគ្នាដំបូងគឺមិននិយាយរកគ្នាតែម្តងរាងរឹកដូចគ្នាអត់និយាយរកគ្នាតែម្តង។ 
ម្ចាស់បទ «3AM» បានបន្តទៀតថា ដំបូងៗលោកនិង វណ្ណដា មិនទាន់ស្និទ្ធនឹងគ្នាទេតែដល់ពេលធ្វើការជាមួយគ្នា ដើរលេងជាមួយគ្នា អ្នកទាំងពីរចាប់ផ្តើមសិ្នទ្ធគ្នាជាងមុន ហើយបានចែករំលែកគ្នាទៅវិញទៅមកទាក់ទងទៅនឹងការងារ ហើយប្រៀបដូចជាពួកម៉ាករបស់ វណ្ណដា ជាអ្នកគាំទ្រ ជួយស្តាប់ទៅលើការរ៉េប ប៉ារ៉ូល របស់ វណ្ណដា ។
គួរបញ្ជាក់ផងដែរថា វណ្ណដា និង នរិទ្ធ បានរួមសហការគ្នាចេញបទដូចជា «ក្រមុំស្រុកណា» «ZERD ZERD» និងបទ «ចែចង់» ដែលបានចេញរួមគ្នា៣នាក់ជាមួយនឹងតារាចម្រៀង វណ្ណថាន ម្នាក់ទៀត៕










