បរទេស ៖ ក្រុមហ៊ុន Apple បានប្រកាសប្ដូរទីតាំងផលិតឧបករណ៍របស់ខ្លួន ដោយបញ្ជាក់ថា ៖ រាល់ទូរស័ព្ទដៃ និងផលិតផលផ្សេងៗទៀតរបស់Appleលែងមានផលិតនៅក្នុងប្រទេសចិនទៀតហើយ។ ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានវិវាទពាណិជ្ជកម្មដ៏ធំសម្បើមរវាងសហរដ្ឋអាមេរិក និងចិន។.jpg)
នាយកប្រតិបត្តិលោក Tim Cook បាននិយាយថា ៖ ទូរស័ព្ទដៃIphoneនឹងត្រូវដាក់លក់ក្នុងទីផ្សារអាមេរិកចាប់ពីខែក្រោយតទៅគឺជាផលិតផលដែលផលិតក្នុងប្រទេសឥណ្ឌា ខណៈដែលប្រទេសវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយទៀតសម្រាប់ទំនិញដូចជា iPads និង Apple Watches ។ នេះបើយោងតាមសារព័ត៌មានបរទេស Reuters។.jpg)
គួរបញ្ជាក់ថា ប្រមាណជាង៩០% នៃផលិតផលAppleគ្រប់ប្រភេទ គឺត្រូវបានផលិត និងតម្លើងនៅចិន ប៉ុន្តែបន្ទាប់ពីមានការត្លើងពន្ធយ៉ាងខ្ពស់ទៅវិញទៅមករវាងចិន និងអាមេរិក វាបានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលអាចនាំឲ្យAppleឈានដល់ការខាតបង់ប្រាក់ជាង ៩០០លានដុល្លារ ក្នុងត្រីមាសទី១។ ដូច្នេះក្រុមហ៊ុនយល់ថា យុទ្ធសាស្រ្តក្នុងការផ្លាស់ប្ដូរទីតាំងផលិតគឺជាជម្រើសល្អបំផុតមួយ។
ដោយឡែក សម្រាប់ប្រទេសប្រទេសឥណ្ឌាដែលជាប់ពន្ធបដិការអាមេរិកត្រឹមតែ១០%នោះ បានក្លាយជាគោលដៅបន្ទាប់ក្នុងការឲ្យAppleទៅតាំងទីរោងចក្រ និងផលិតឧបករណ៍ខ្លួននៅទីនោះ។ ក្នុងនោះផងដែរគេបានកំណត់ថា នៅត្រឹមចុងឆ្នាំ២០២៦ Iphone សម្រាប់ទីផ្សារអាមេរិកនឹងផ្លាស់ប្ដូរមកផលិតក្នុងប្រទេសឥណ្ឌាទាំងស្រុង។
ទន្ទឹមនឹងនេះ វៀតណាមក៏នឹងក្លាយជាមជ្ឈមណ្ឌលផលិតដ៏សំខាន់មួយទៀត “សម្រាប់ផលិតផលដូចជា iPad, Mac, Apple Watch និង AirPods ដែលដាក់លក់នៅសហរដ្ឋអាមេរិក”។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ការផ្ទេរខ្សែសង្វាក់ផលិតកម្មទៅកាន់ប្រទេសផ្សេងនេះ នឹងត្រូវការពេលវេលា និងត្រូវគិតគូរឲ្យបានហ្មត់ចត់បំផុតព្រោះត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ។
ទោះជាមានការប្រែប្រួលយ៉ាងនេះក្ដី ប៉ុន្តែApple ក៏នៅតែនិយាយផងដែរថា ៖ ប្រទេសចិននៅតែជាមជ្ឈមណ្ឌលផលិតសំខាន់សម្រាប់ផលិតផលApple ដែលតែងជំរុញដល់ការនាំចេញទៅទីផ្សារអន្តរជាតិ។ ហើយខ្សែចង្វាក់ផ្គត់ផ្គង់ជាសកលរបស់ក្រុមហ៊ុននេះនៅតែមានភាពស្មុគស្មាញ ព្រោះកន្លងមកAppleក៏អាស្រ័យលើបច្ចេកវិទ្យាដែលមានក្នុងប្រទេសចិនផងដែរ៕










