កាលពីល្ងាចថ្ងៃទី ២៩ ខែមេសា វីដេអូរបស់តារាសម្ដែង Zhang Ziyi នៅក្នុងព្រឹត្តិការណ៍ភាពយន្តមួយបានក្លាយជាប្រធានបទពេញនិយមលើ Weibo ។ នាងបានស្លៀករ៉ូបវែងជាមួយនឹងស្បែកជើងកែងកម្ពស់១៥ សង់ទីម៉ែត្រ។ ពេលចេញពីឆាកតារាស្រីរូបនេះជួបឧបទ្ទវហេតុជំពប់ជើងដួលដោយតារាសម្តែង ឈិនឡុង (Jackie Chan) និង Wang Yibo បានរត់ទៅជួយភ្លាមៗ។

ពីរថ្ងៃក្រោយមក តារាសម្តែង Zhang Ziyi ត្រូវបានគេប្រទះឃើញនៅស្ថានីយ៍រថភ្លើងល្បឿនលឿនក្នុងខេត្ត Shandong ដោយត្រូវបានបុគ្គលិកម្នាក់រុញក្នុងរទេះរុញ។ អ្នកដំណើរម្នាក់បានចែករំលែកវីដេអូតាមអ៊ិនធឺណិតដោយបានបង្ហាញថា រូបគេបានឃើញ Zhang Ziyi នៅស្ថានីយ៍រថភ្លើងល្បឿនលឿន។ នាងកំពុងអង្គុយលើកៅអីរុញ ហើយត្រូវបានបុគ្គលិករុញ… វាហាក់ដូចជានាងដួលយ៉ាងខ្លាំង។

ក្នុងវីដេអូនោះ គេឃើញតារាស្រីស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់ម៉ាស់ និងវ៉ែនតាការពារកម្ដៅថ្ងៃ។ ថ្វីបើហត់ខ្លាំងក៏ដោយ ប៉ុន្តែនាងបានបង្ហាញខ្លួនដោយគ្មានសញ្ញានៃទុក្ខព្រួយ។ អ្នកគ្រប់គ្រងរបស់តារាសម្តែងរូបនេះ បានប្រាប់ Hongxing News ថា Zhang Ziyi បានទៅមន្ទីរពេទ្យដើម្បីថតកាំរស្មីអ៊ិច ដែលបង្ហាញថាមិនមានរបួសធ្ងន់ធ្ងរទេ។

អ្នកគាំទ្ររបស់តារាស្រីវ័យ ៤៦ រូបនេះបានជន់លិចប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងសារនៃការព្រួយបារម្ភ ដោយបង្ហាញពីគ្រោះថ្នាក់ដែលតារាស្រីប្រឈមមុខនៅពេលពាក់ស្បែកជើងកែងខ្ពស់អំឡុងពេលបង្ហាញមុខជាសាធារណៈ។
Zhang Ziyi បានចូលប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេល ២៦ ឆ្នាំ។ ជាតួឯកល្បីឈ្មោះក្នុងវិស័យភាពយន្តចិនអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះ នាងទទួលបានភាពល្បីល្បាញទូទាំងពិភពលោកតាមរយៈខ្សែភាពយន្តដូចជា «Hero», «The Grandmaster» និង «Memoirs of a Geisha» ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងមិនបានចូលរួមក្នុងគម្រោងល្បីៗជាអន្តរជាតិទេ។ នាងបានលែងលះជាមួយតារាចម្រៀង Wang Feng ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីមានកូនពីរនាក់ជាមួយគ្នា ដែលសព្វថ្ងៃកូនៗរស់នៅជាមួយនាង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sina បានឱ្យដឹង ថា Ziyi ត្រៀមនឹងចេញខ្សែភាពយន្តមួយ ជាមួយនឹងតួនាទីសំខាន់នៅក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៤០។ ក្នុងតួនាទីថ្មីជីវិតរបស់ Zhang Ziyi ឆ្លុះបញ្ចាំងពីសង្គមចិន ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងទីតាំងរបស់ស្ត្រីជាងពីរសតវត្ស។ ក្រៅពី Zhang Ziyi ភាពយន្តនេះក៏សម្ដែងដោយ Yang Mi និង Zhao Liying ផងដែរ។ ស្គ្រីបគឺផ្អែកលើករណីពិតមួយដែលធ្វើឱ្យកក្រើកទីក្រុងសៀងហៃនៅពេលនោះ។ ការងារនេះបង្ហាញពីការតស៊ូរបស់ស្ត្រីដើម្បីរស់រានមានជីវិត និងរបៀបដែលពួកគេអាចគ្រប់គ្រងជោគវាសនារបស់ពួកគេ៕










