ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា បុរសម្នាក់បានមកដើរលេងនៅសួនសត្វមួយកន្លែងក្នុងប្រទេសហ្វីលីពីន ហើយក៏លោតចូលក្នុងអាងក្រពើដើម្បីថតរូបសែលហ្វី ដោយសារយល់ថា ជាក្រពើថ្ម ហើយភ្ញៀវទេសចរផ្សេងទៀតហាមឃាត់ ប៉ុន្តែពុំស្តាប់ ។ ពេលលោតចុះភ្លាម ស្រាប់តែក្រពើដេញត្របាក់មិនឈប់បណ្តាលឱ្យរងរបួសពេញខ្លួននៅចំពោះមុខភ្ញៀវទេសចរជាច្រើន ។

ភ្ញៀវទេសចរដែលឃើញហេតុការណ៍បានស្រែកខ្លាំងៗឱ្យបុរសអាយុ២៩ឆ្នាំ ប្រញាប់ចាកចេញពីអាងក្រពើជាបន្ទាន់ ប៉ុន្តែបុរសនេះមិនស្តាប់ ហើយក៏ហែលទឹកទៅក្បែរក្រពើ១ក្បាល ប្រវែងជាង៤ម៉ែត្រ ឈ្មោះ ឡាល់ឡេ ។ បុរសនេះយល់ថា វាជាក្រពើថ្ម ដែលខាងសួនសត្វដាក់តាំងបង្ហាញភ្ញៀវទេសចរ ហើយក៏យកទូរស័ព្ទមកថតរូបសែលហ្វីជាមួយក្រពើ ប៉ុន្តែត្រូវក្រពើត្របាក់ភ្លាមៗ ។
ក្រពើបានត្របាក់ដៃរបស់បុរសនេះ បន្ទាប់មក វាក៏ត្របាក់ជើងម្តងហើយម្តងទៀត ដែលធ្វើឱ្យបុរសនេះស្រែកយំដោយក្តីឈឺចាប់ ។ ហេតុការណ៍នេះធ្វើឱ្យភ្ញៀវទេសចរតក់ស្លុតយ៉ាងខ្លាំង និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមរហូតផ្ទុះការចាប់អារម្មណ៍ ។
បុរសខាងលើបានជាប់ក្នុងអាងក្រពើ រហូតដល់៣០នាទី ទើបបុគ្គលិកសួនសត្វមកជួយនាំចេញពីអាងក្រពើ ។ បុគ្គលិកសួនសត្វ បានយកដុំថ្មវាយក្បាលក្រពើដើម្បីឱ្យវាដោះលែងជនរងគ្រោះ ដែលវាបម្រុងស៊ីជាចំណី ។ បន្ទាប់មក ភ្នាក់ងារសង្គ្រោះក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យក្បែរនោះ ដោយសារហូរឈាមខ្លាំង ហើយគ្រូពេទ្យបានដេរមុខរបួសចំនួនជាង៥០ថ្នេរ ។
ភ្ញៀវទេសចរលោតចូលក្នុងអាងក្រពើ គិតថា វាជាក្រពើថ្មសម្រាប់បង្ហាញភ្ញៀវទេសចរមកលេងសួនសត្វ មិននឹកស្មានថា ជាក្រពើមែនទែន ដោយសារវានៅស្ងៀម ពុំកម្រើកខ្លួន ។ បុរសនេះសំណាងល្អហើយ ដែលរួចផុតពីមាត់ក្រពើ ប៉ុន្តែការធ្វើបែបនេះគ្រោះថ្នាក់ខ្លាំងណាស់ ថែមទាំងធ្វើឱ្យអ្នកដទៃប្រឈមនឹងការស្លាប់ដោយសារលោតទៅជួយ ។ សួនសត្វមានបុគ្គលិកច្រើននាក់ ប៉ុន្តែពុំអាចហាមឃាត់កុំឱ្យភ្ញៀវទេសចរលោតចូលអាងក្រពើ រហូតដល់រងរបួសពេញខ្លួន ។ នេះបើតាមការលើកឡើងរបស់សមត្ថកិច្ច ។
ភ្ញៀវទេសចរម្នាក់បានឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា ត្រេកអរណាស់ ដែលបុរសរូបនេះរួចផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍គួរឱ្យភ័យខ្លាច ប៉ុន្តែអត់យល់សោះ ហេតុអ្វីហ៊ានធ្វើរឿងល្ងង់ខ្លៅ ។ រីឯភ្ញៀវទេសចរម្នាក់ទៀតថា បុរសនេះបានចុះក្នុងអាងក្រពើមានទឹករាក់ ដើម្បីថតរូបសែលហ្វីជាមួយក្រពើឈ្មោះ ឡាល់ឡេ ព្រោះគិតថា វាជាក្រពើថ្ម ៕










