ទឹកធ្លាក់បរឡាង ឬ ទឹកធ្លាក់សំឡូតចាស់ ឬក៏អ្នកខ្លះទៀតហៅថា “ទឹកធ្លាក់អេនជេលីណា ជោលី” បាន និងកំពុងឆក់យកបេះដូងភ្ញៀវទេសចរទាំងក្នុងនិងក្រៅតំបន់ឲ្យមកកម្សាន្តអារម្មណ៍ជាមួយបរិយាកាសធម្មជាតិបរិសុទ្ធ រួមទាំងងូតទឹកធ្លាក់ពីលើថ្មលយដ៏ថ្លា ត្រជាក់ អមដោយព្រៃឈើតូចធំពណ៌បៃតងព័ទ្ធជុំវិញយ៉ាងស្រស់បំប្រង។
ទីតាំងនៃទឹកធ្លាក់នេះគឺស្ថិតនៅក្នុងឃុំសំឡូត ស្រុកសំឡូត ចំងាយប្រមាណជាង ៨០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ មូលហេតុដែលមានអ្នកខ្លះហៅឈ្មោះវាថា “ទឹកធ្លាក់អេនជេលីណា ជោលី” ដោយសារវាជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមមូលនិធិ “ម៉ាដក្ស ជោលីភីត” (MJP) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ ដោយតារាភាពយន្តហូលីវូដដ៏ល្បី គឺលោកស្រី អេនជេលីណា ជោលី ក្នុងគោលបំណងអភិរក្សព្រៃឈើ សត្វព្រៃធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ការពារសំឡូត ដែលជាភូមិកំណើតរបស់ ម៉ាដក្ស កូនច្បងរបស់គាត់។
ទោះជាស្ថិតនៅក្នុងដែលការពារ និងអភិរក្សក៏ពិតមែន ប៉ុន្តែភ្ញៀវទេសចរ ឬប្រជាពលរដ្ឋណាដែលចង់ចូលកម្សាន្តនៅទីនោះ គឺចូលបានដោយសេរី និងឥតគិតថ្លៃ។ ហើយអ្នកដែលធ្លាប់បានមកកម្សន្តនៅទីនេះរមែងជាប់ចិត្តជាមួយនឹងសម្រស់ទេសភាពដ៏ស្រស់ស្អាត មានទឹកធ្លាក់ថ្លាខៀវ និងរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញបង្កើតបានជាទិដ្ឋភាពប្រៀបដូចគំនូរ ត្បិតវាជាតំបន់ដែលមានការការពារនៅក្នុងព្រៃធម្មជាតិពិតៗ មិនមានការកែច្នៃ ឬបៀតបៀនដោយនរណាឡើយ។ .jpg)
ភាពស្រស់បំប្រងនៃទឹកធ្លាក់បង្កប់ខ្លួននៅក្នុងព្រៃឈើចោលម្លប់ត្រឈឹងត្រឈៃនេះ បាននាំឲ្យអារម្មណ៍ដែលស្មុគស្មាញ និងតានតឹងទាំងប៉ុន្មានរសាយទៅអស់ សល់ត្រឹមភាពស្ងប់សុខជាមួយនឹងបរិយាកាសដ៏បរិសុទ្ធ។ អ្នកមកកម្សាន្តនៅទីនេះមិនដែលរំលងក្នុងការងូតទឹកដ៏ត្រជាក់ និងថ្លាឃើញដល់បាតដីនេះទេ។ អ្វីដែលកាន់តែពិសេសនោះ នៅផ្នែកខាងលើនៃទឹកធ្លាក់នេះ មានរណ្ដៅមួយប៉ុនមាត់លូ និងមានជម្រៅជ្រៅ ដែលល្បីរហូតដល់អ្នកជ្រមុជទឹកអះអាងថា ពួកគេមិនអាចមុជលឹបដល់បាតរណ្ដៅបានទេ។
នៅទីនេះគឺសាកសមខ្លាំងសម្រាប់អ្នកដែលចង់ស្វែងរកទីកន្លែងស្ងប់ស្ងាត់ដើម្បីលំហែរខួរក្បាលជាមួយនឹងធម្មជាតិ ។ ប៉ុន្តែប្រសិនបើចង់មកជាលក្ខណៈគ្រួសារ ឬក្រុមមិត្តភក្តិនោះ នៅទីនេះក៏ជាទីតាំងអំណោយផលផងដែរ ព្រោះមានកន្លែងដែលអាចរៀបចំកន្លែងដើម្បីអាំងសាច់ និងអង្គុយលេងជជែកគ្នាបានយ៉ាងរីករាយ៕










