វីដេអូការស្រាវជ្រាវមួយបង្ហាញថា ត្រីបាឡែនអាចនិយាយត្រាប់តាមពាក្យសម្តីសាមញ្ញៗរបស់មនុស្សបាន បើទោះជាសំឡេងរបស់វាមិនដូចមនុស្សបេះបិទក្តី ។ វីដេអូនេះបានថតយូរមកហើយ ប៉ុន្តែពេលមានការបង្ហោះវីដេអូក្នុងបណ្តាញសង្គមឃើញថា មានមនុស្សជាច្រើនចាប់អារម្មណ៍នឹងត្រីបាឡែនចេះនិយាយត្រាប់តាមពាក្យមនុស្ស ដូចជា ៖ Hello, Bye Bye និងចេះរាប់លេខជាភាសាអង់គ្លេស ។
អ្នកបានទស្សនាវីដេអូមានអារម្មណ៍ព្រឺសម្បុរ ពេលឮសំឡេងត្រីបាឡែន១ក្បាល ឈ្មោះ «វិគី» និយាយត្រាប់តាមពាក្យសាមញ្ញៗរបស់មនុស្ស ដូចជា ៖ វានិយាយ Hello, Bye Bye, វារាប់លេខជាភាសាអង់គ្លេស និងអាចនិយាយឈ្មោះអ្នកបង្ហាត់ គឺ «អេមី» ។ ក្រៅពីនេះ ត្រីបាឡែន វិគី ត្រូវបានបង្ហាត់ឱ្យចេះហួចដូចមនុស្សទៀតផង ដែលអ្នកទស្សនាវីដេអូជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង និងថា វាកំប្លែង ។
ទោះជាសំឡេងនិយាយតាមមនុស្សរបស់ត្រីបាឡែន វិគី ពុំទាន់ល្អឥតខ្ចោះក្តី ប៉ុន្តែមនុស្សភាគច្រើនអាចស្តាប់ឮវានិយាយភាសាមនុស្សយ៉ាងច្បាស់ ។ វីដេអូត្រីបាឡែននិយាយតាមមនុស្ស គឺជាផ្នែកមួយនៃការស្រាវជ្រាវកាលពីឆ្នាំ២០១៨ ដែលផ្សព្វផ្សាយក្នុងទស្សនាវដ្តី «Proceedings of the Royal Society B: Biological Sciences» ដោយអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវពីសមត្ថភាពការនិយាយត្រាប់តាមមនុស្សរបស់ត្រីបាឡែន ។
សាស្ត្រាចារ្យឈ្មោះ Josep Call ដែលស្រាវជ្រាវពីការវិវត្តផ្លូវចិត្តនៅសាកលវិទ្យាល័យ St Andrews ប្រទេសអង់គ្លេស និងបានចូលរួមសរសេរការស្រាវជ្រាវនេះ និយាយថា ក្រុមអ្នកស្រាវជ្រាវចង់ដឹងពីសមត្ថភាពត្រីបាឡែននិយាយតាមមនុស្សបានកម្រិតណា ទើបឱ្យវានិយាយតាមមនុស្ស ។ រីឯលទ្ធផលបង្ហាញថា ត្រីបាឡែន១ក្បាល អាចនិយាយស្រដៀងមនុស្សណាស់ ទោះជាវាមានខួរក្បាលខុសគ្នាខ្លាំងពីមនុស្សក្តី ។ អ្វីកាន់តែភ្ញាក់ផ្អើលបំផុតនោះ គឺវាអាចនិយាយត្រាប់តាមសំឡេងសត្វមួយចំនួន ។
អ្នកស្រាវជ្រាវជឿជាក់ថា ត្រីបាឡែនបានរៀនសូត្រពីសំឡេងមនុស្សពេលឮមនុស្សនិយាយគ្នា ពីព្រោះវាអាចនិយាយពាក្យថា «Hello» បានត្រឹមត្រូវ ។ ទោះជាវាអាចនិយាយតាមមនុស្សក៏ដោយ ប៉ុន្តែសាស្ត្រាចារ្យឈ្មោះ Josep Call ប្រាប់ថា ៖ «ត្រីបាឡែនអាចនិយាយពាក្យ Hello ប៉ុន្តែយើងគ្មានភស្តុតាងបញ្ជាក់ថា វាយល់អត្ថន័យរបស់ពាក្យនេះទេ» ៕










