សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើឯកសារចំនួន២ច្បាប់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្ធូរបន្ថយពន្ធរថយន្ត និងគ្រឿងបន្លាស់រថយន្តនាំចូលពីក្រៅប្រទេស មុនពេលលោកធ្វើដំណើរទៅរដ្ឋមិឈីហ្គេន ដែលជាមជ្ឈមណ្ឌលយានយន្តរបស់អាមេរិក ។ កាលពីដើមខែមេសា ឆ្នាំ២០២៥ លោកបានដំឡើងពន្ធរថយន្ត ស្មើ២៥% ដែលធ្វើឱ្យឧស្សាហកម្មរថយន្តប្រឈមនឹងបញ្ហាការចំណាយខ្ពស់ក្នុងការផលិត ។
លោក Trump បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា លោកចង់ជួយសម្រាលបន្ទុករបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក ដើម្បីឱ្យពួកគេប្តូរទីតាំងមកផលិតរថយន្តក្នុងប្រទេសតាមគោលនយោបាយរបស់លោក ។ លោក Trump បានសម្រេចចិត្តកាត់បន្ថយពន្ធរថយន្តនេះ ក្រោយពីក្រុមហ៊ុនផលិតរថយន្តឈានមុខរបស់អាមេរិកបានចរចាជាមួយរដ្ឋាភិបាល កាលពីសប្តាហ៍ទី៤ ខែមេសា ។

សេចក្តីប្រកាសរបស់ Autos Drive America ក្នុងឋានៈជាអ្នកតំណាងឱ្យក្រុមហ៊ុនផលិតរថយន្តធំៗនៅអាមេរិកជាង១០ក្រុមហ៊ុន រួមទាំងតំណាងឱ្យក្រុមហ៊ុន Toyota, Volkswagen និង Hyundai បញ្ជាក់ថា វិធានការរបស់លោក Trump នឹងជួយកាត់បន្ថយដើមទុនរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក ។ ប៉ុន្តែលោកចាំបាច់ត្រូវតែបន្ថែមវិធានការផ្សេងៗដើម្បីឱ្យការផលិតរថយន្តនៅអាមេរិកដំណើរការទៅមុខ និងពុំរាំងស្ទះ ។

បើតាមមន្ត្រីសេតវិមាន គឺលោក Trump បានដំឡើងពន្ធរថយន្ត និងគ្រឿងបន្លាស់រថយន្តនាំចូលពីក្រៅប្រទេស ស្មើ២៥% បន្ទាប់មក លោកក៏ប្រកាសផ្អាកពន្ធរថយន្ត រយៈពេល៩០ថ្ងៃ ។ ប៉ុន្តែការដំឡើងពន្ធរថយន្តធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអាមេរិកពន្យារពេលអនុវត្តអាជីវកម្មថ្មីៗ ស្របពេលមានគោលនយោបាយមិនច្បាស់លាស់របស់រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន ។
.png)
លោក Trump សង្ឃឹមថា អាមេរិកនឹងអាចទទួលបានលទ្ធផលចរចា និងធ្វើកិច្ចព្រមព្រៀងទ្វេភាគីថ្មីជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ក្នុងរយៈពេល៩០ថ្ងៃ ដែលលោកបានផ្អាកការយកពន្ធរថយន្តពីប្រទេសផ្សេងៗ ។ ការដំឡើងពន្ធរថយន្តរបស់លោក គឺជាវិធានការប្រឆាំងនឹងប្រទេសដៃគូពាណិជ្ជកម្មដែលបានយកពន្ធទំនិញអាមេរិកខ្ពស់ ។
កាលពីសប្តាហ៍ទី៤ ខែមេសា ក្រុមហ៊ុនផលិតរថយន្តនាំមុខ និងតំណាងឱ្យឧស្សាហកម្មយានយន្តអាមេរិក រួមទាំង Alliance for Automotive Innovation បានរួមគ្នាបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យកាត់បន្ថយពន្ធរថយន្តនាំចូលពីក្រៅប្រទេស ពីព្រោះវាមិនត្រឹមតែប៉ះពាល់ក្រុមហ៊ុនបរទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ក្រុមហ៊ុនអាមេរិកផងដែរ ដែលផលិតរថយន្តនៅក្រៅប្រទេស។ ក្រុមហ៊ុនផលិតរថយន្តនានាបានសរសើរការសម្រេចចិត្តរបស់លោក Trump ដែលជួយកាត់បន្ថយផលប៉ះពាល់របស់ពួកគេ និងអ្នកប្រើប្រាស់រថយន្ត ។
នាយកក្រុមហ៊ុន General Motors (GM) លោកស្រី Mary Barra បានអរគុណលោក Trump ដែលបានកាត់បន្ថយពន្ធរថយន្ត និងជួយឱ្យការប្រកួតប្រជែងរបស់ក្រុមហ៊ុននានាស្មើភាព ។ ក្រុមហ៊ុន GM សន្យាថា នឹងវិនិយោគនៅអាមេរិកបន្ថែមទៀត ៕










