ទីបំផុតពូម៉ៅ អតីតស្វាមីលោកស្រី ទ្រី ដាណា បានភ្ជាប់ពាក្យជាមួយនឹងគូជីវិតថ្មីហើយដោយបង្ហាញថាអនាគតភរិយារបស់ខ្លួនចេះឱ្យតម្លៃប្តីនិងគោរពស្រលាញ់ញាតិមិត្ត ខណៈលោកស្រី ទ្រី ដាណា ក៏បានបង្ហោះជូនពរពូម៉ៅ ដោយសម្តីចាក់ដោតផ្អើលអស់អ្នកលេងបណ្តាញសង្គម។
បន្ទាប់ពីឃើញ ពូម៉ៅ ហ៊ា បង្ហោះរូបភាពថ្ងៃភ្ជាប់ពាក្យរបស់ខ្លួននៅលើបណ្តាញសង្គមបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងហើយរឿងនេះទោះចង់មិនចង់ក៏ឈ្មោះលោកស្រី ទ្រី ដាណា ជាអតីតភរិយាក៏បានចូលទៅក្នុងរឿងរ៉ាវនេះ។ ដើមឡើងលោកស្រី ទ្រី ដាណា ហាក់បង្ហាញការខឹងសម្បាររបស់ខ្លួនបន្ទាប់ពីឈ្មោះរបស់ខ្លួនទាញចូលទៅក្នុងការភ្ជាប់ពាក្យរបស់ ពូម៉ៅ ដោយពាក្យថា អតីតស្វាមី ប៉ុន្តែក្រោយមកគេឃើញលោកស្រី ទ្រី ដាណា បង្ហោះជូនពរពូម៉ៅតែម្តង។

នៅថ្ងៃទី២៦ មេសា ពូម៉ៅ ដែលមានគណនីឈ្មោះថា ហ៊ា រិទ្ធ បានបង្ហាញពីភាពច្បាស់លាស់ទៅកាន់គូស្នេហ៍ថ្មីដោយអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាមានចាស់ទុំដឹងឮនិងរៀបចំឡើងតាមបែបលក្ខណៈគ្រួសារ។ ការបង្ហាញនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងច្រើន។ នៅព្រឹកថ្ងៃទី២៧ មេសា ពូម៉ៅ ក៏បានបង្ហោះរូបជាមួយនឹងគូដណ្តឹងដោយបានរៀបរាប់ថា «មាសប្រាក់លុយកាក់រាប់លានមិនស្មើមានអូនចេះឱ្យតំលៃប្តីចេះគោរពស្រលាញ់បងប្អូនញាតិមិត្តបងប្អូន ពូមីងសរសើរអូនគ្រប់គ្នា»។
សំណេរមួយនេះរបស់ ពូម៉ៅ បានធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំងផ្ទុះពេញបណ្តាញសង្គមដែលមានការចុច Like Share យ៉ាងច្រើនពីអ្នកនិយមលេងអ៊ីនធឺណិត។
ជាមួយនឹងការបង្ហោះខាងលើនេះងាកទៅលើបណ្តាញសង្គមរបស់លោកស្រី ទ្រី ដាណា ក៏បានបង្ហោះជូនពរពូម៉ៅ ជាអតីតស្វាមីតែម្តង។ អ្នកជំនួញល្បីឈ្មោះរូបនេះបានសរសេរនៅល្ងាចថ្ងៃទី២៧ មេសា ថា «ផ្ញើទៅពូម៉ៅ ថ្ងៃដែលខ្ញុំចង់ឃើញបំផុតគឺពូម៉ៅបានប្រពន្ធលូវបានឃើញហើយ ចូលរួមអបអរសាទរពូ ហើយសូមឱ្យពូស្រលាញ់គ្នាដល់ចាស់កោងខ្នង ហើយកុំធ្វើបាបគេ កុំស្ដាប់សម្ដីអ្នកដទៃក្រៅពី ប្តីប្រពន្ធពូអីណា ហើយត្រូវចេះស្រឡាញ់កូនគេឱ្យដូចកូនខ្លួនឯងណាពូ ខ្ញុំសង្ឃឹមថាពូនឹងកែខ្លួនសម្រាប់អនាគតថ្មីរបស់ពូ ហេងៗពូ»។
សំណេររបស់លោកស្រី ទ្រី ដាណា ជូនពរអតីតស្វាមីខាងលើនេះក៏បានទាក់ទាញខ្លាំងមិនធម្មតាដូចគ្នាហើយជំរុញឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងចំពោះសំណេរអតីតគូស្វាមីភរិយាមួយគូនេះ៕