ប្រទេសអូស្ត្រាលី ៖ យុវតីម្នាក់អាយុ១៧ឆ្នាំ រស់នៅរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី បានរៀបរាប់ពីហេតុការណ៍គួរឱ្យតក់ស្លុ.តបំផុតក្នុងជីវិត គឺពេលនាងកំពុងតែលេង TikTok សុខៗ ស្រាប់តែមានរន្ទះបា.ញ់ដំបូលផ្ទះបណ្តាលឱ្យបាក់ដំបូលចុះក្រោម និងឆេះឧបករណ៍ផ្សេងៗនៅជុំវិញខ្លួននាង ។ លើសពីនេះ នាងមានអារម្មណ៍ដូចខ្សែភ្លើងឆក់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ។.jpg)
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ យុវតីអូស្ត្រាលីម្នាក់ឈ្មោះ Bloom Kermode កំពុងលេង TikTok យ៉ាងសប្បាយចិត្តនៅក្នុងផ្ទះរបស់ខ្លួន ហើយភ្លាមនោះ ស្រាប់តែមានរន្ទះបាញ់ដំបូលផ្ទះនាង ។ វាធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើង ខណៈឧបករណ៍នៅជុំវិញខ្លួននាងបានផ្ទុះឡើងព្រមៗគ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ។.jpg)
យុវតីរូបនេះរៀបរាប់ថា ៖ «ខ្ញុំឮសំឡេងយ៉ាងខ្លាំង ហើយអ្វីៗគ្រប់យ៉ាងក្លាយជាពណ៌ស ខ្លួនខ្លួនក៏ចាប់ផ្តើមភ័យញ័រ ។ ពេលនោះ ខ្ញុំកាន់ទូរស័ព្ទក្នុងដៃ ទើបចរន្តភ្លើងឆ្លងចូលដៃខ្ញុំ ធ្វើឱ្យដៃខ្ញុំស្ពឹក ។ ខ្ញុំមានអារម្មណ៍ថា វាដូចគ្នានឹងខ្សែភ្លើងឆក់ ។ អ្វីៗទាំងអស់នៅជុំវិញខ្លួនខ្ញុំ ក៏ចាប់ផ្តើមឆេះខ្ទេចខ្ទី ទើបខ្ញុំប្រញាប់រត់ចេញពីផ្ទះជាមួយឆ្កែ» ។.jpg)
បើតាមសេចក្តីរាយការណ៍ គឺក្រោយពេលរន្ទះបាញ់នោះ ដំបូលផ្ទះរបស់នាងបានបាក់ធ្លាក់ចុះមកក្រោម ហើយគ្រែរបស់នាងត្រូវភ្លើងឆេះ ខណៈកុងតាក់ភ្លើងរបូតផ្ទុះជាបន្តបន្ទាប់ ។ បន្ទាប់មក ក្រុមគ្រួសារក៏បានបញ្ជូនយុវតីរូបនេះទៅកាន់មន្ទីរពេទ្យ នាងរងរបួសស្រាល ។.jpg)
ហេតុការណ៍នេះពុំទាន់មានការបញ្ជាក់ពីមន្ត្រីជំនាញថា តើវាបណ្តាលមកពីមូលហេតុអ្វីទេ ទើបបណ្តាលឱ្យមានរន្ទះបាញ់កើតឡើង ប៉ុន្តែមន្ត្រីជំនាញបានសំណូមពរឱ្យអ្នកលេងទូរស័ព្ទទាំងអស់ប្រុងប្រយ័ត្ន ជាពិសេស ពេលមេឃកំពុងភ្លៀង ឬមេឃខ្មៅ ។ ការប្រើប្រាស់ទូរស័ព្ទពេលអាកាសធាតុមិនល្អ គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដូចជា ៖ បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត ៕










