កាលពីថ្ងៃ ទី២៤ ខែមេសានេះ ក្រុមហ៊ុន Meta បានចេញសេចក្ដីប្រកាសនៅលើផេកផ្លូវការរបស់Facebook ពាក់ព័ន្ធនឹងការហាមទៅលើរបៀបចែករំលែកមួយចំនួន និងការដាក់ពិន័យទៅលើគណនី ឬផេកណាមួយដែលល្មើសនឹងគោលការណ៍របស់ខ្លួន។ គោលបំណងក្នុងការបង្កើតច្បាប់ហាមប្រាមថ្មីទាំងនេះ គឺដើម្បីហាមឃា..ត់សកម្មភាព និងការចែករំលែកពីគណនី ឬផេកទាំងឡាយណា ដែលបង្ករជាផលរំខាន បំពានសិទ្ធិ និងប៉ះពាល់អារម្មណ៍ដល់អ្នកប្រើប្រាស់ទូទៅ។

ទាំងនេះគឺជាការបង្ហោះដែលFacebook ចាត់ទុកថាមិនត្រឹមត្រូវតាមគោលការណ៍ និងជាការរំខានដល់អ្នកប្រើប្រាស់ផ្សេងទៀត៖
១. ការបង្ហោះ និងចំណងជើងមិនស៊ីគ្នា ៖ ការបង្ហោះរូបភាព ឬវីដែអូ ដោយភ្ជាប់ជាមួយការសរសេចំណងជើង (caption) មិនពាក់ព័ន្ធគ្នា នឹងនាំឲ្យមានការភាន់ច្រលំ បាត់បង់ចំណាប់អារម្មណ៍សម្រាប់អ្នកទស្សនា។ ដូចនេះវាជារឿងដែលមិនគួរធ្វើឡើយនៅលើ Facebook។
២. បង្ហោះមាតិការជារូបភាព ឬវីដេអូដូចគ្នាជាមួយអ្នកដទៃជាច្រើន ៖ វាសំដៅដល់រូបភាព ឬវីដេអូតែមួយ ប៉ុន្តែត្រូវបានបង្ហោះដោយគណនីខុសៗគ្នាជាច្រើន។ ការបង្ហោះរូបភាព ឬមាតិកាដែលដូចនឹងមនុស្សជាច្រើនផ្សេងទៀតនឹងត្រូវជាប់ការពិន័យរបស់Facebook ព្រោះគេចាត់ទុកថាវាជា “មាតិការរំខាន (Spammy Content) ។
៣. ការដាក់ Hashtag ច្រើន និងមិនពាក់ព័ន្ធ ៖ ការបង្ហោះមាតិកាដោយដាក់Hashtag នៅលើចំណងជើងច្រើន និងមិនមានន័យពាក់ព័ន្ធ ក៏ចាត់ទុកថាជាការផុសរំខានផងដែរ។ ផេក ឬគណនីណាដែលបង្ហោះមាតិការដោយប្រើប្រាស់វិធីសាស្រ្តបែបនេះ នឹងត្រូវដាក់ក្នុងការពិន័យរបស់ Facebook។
គួរបញ្ជាក់ថា ប្រសិនអ្នកប្រើប្រាស់ល្មើសនូវគោលការណ៍ណាមួយដែលបានកំណត់ដូចខាងលើ នោះFacebook នឹងចាត់វិធានការដាក់ពិន័យដូចជា៖
-រឹតបន្តឹងគណនី ដោយមិនឲ្យគេមើលឃើញពីការបង្ហោះ ឬហាមឃា..ត់គណនីនោះមិនឲ្យបង្ហោះ និងបញ្ចេញមតិ
-បិទមុខងាររកប្រាក់ មិនឲ្យរកចំណូលពីផេក ឬគណនីនោះទៀតឡើយ
-ក្នុងករណីធ្ងន់ធ្ងរខ្លាំង Facebook នឹងបិត ឬលុប គណនីនោះចោលតែម្ដង៕










