ប្រទេសថៃ ៖ ព្យុះរដូវក្តៅបានបោកបក់មកលើបណ្តាខេត្តជាច្រើនរបស់ថៃ ដូចជា ៖ ខេត្តប៉ាធុមថានី នគរាជសីម៉ា តាក និងពិស្នុលោក ក្នុងនោះខេត្តមួយចំនួនមានដុំទឹកកកតូចៗធ្លាក់លើដំបូលលំនៅឋាន រួមទាំងរថយន្តខូចខាតជាច្រើន ដែលពលរដ្ឋចាត់ទុកថា វាជាខ្យល់ព្យុះមានកម្លាំងខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ។ រីឯការិយាល័យធនធានទឹកជាតិបានណែនាំពលរដ្ឋរស់នៅខេត្តកាឡាស៊ីន ខនគែន រ៉យអេត និងឆ័យភូមិ ប្រុងប្រយ័ត្នទឺកជំនន់ហូរពីតំបន់ព្រៃភ្នំ នៅខែឧសភា ។.jpg)
សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ព្យុះរដូវក្តៅបានបោកបក់មកលើបណ្តាខេត្តរបស់ថៃ ដែលធ្វើឱ្យមានជំនន់ទឹកភ្លៀងក្នុងតំបន់ជាច្រើន ដូចជា ៖ បរិវេណមុខផ្សារផូនសាប់ នៅតាមផ្លូវរាំងស៊ីតប៉ាធុមថានី ស្ថិតក្នុងឃុំបានក្លាង ស្រុកមឿង ខេត្តប៉ាធុមថានី មានទឹកហូរលិចផ្លូវយ៉ាងខ្លាំងបណ្តាលឱ្យការធ្វើដំណើរកកស្ទះ ។ ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះភ័យខ្លាចពេលបើកបរឆ្លងកាត់ព្យុះភ្លៀង ដោយសារពុំធ្លាប់មានខ្យល់ខ្យុះបែបនេះពីមុនមក ។
.jpg)
សារព័ត៌មានថៃបានទទួលសេចក្តីរាយការណ៍ពីលោក ស៊ុមសាក់ ចាន់ថេវី អាយុ៤៨ឆ្នាំ រស់នៅខេត្តប៉ាធុមថាវី ថា ពេលភ្លៀងខ្លាំង លោកបានចតរថយន្តនៅស្ថានីយចាក់ប្រេងមួយកន្លែងដើម្បីផឹកកាហ្វេរង់ចាំឱ្យមេឃឈប់ភ្លៀង ។ ពេលនោះ លោកឮសំឡេងខ្លាំងៗលើដំបូល ក៏ចេញមកមើលឃើញថា មានដុំទឹកកកតូចៗប៉ុនមេដៃលាយឡំជាមួយទឹកភ្លៀងធ្លាក់លើដំបូល ។ លោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏យកទូរស័ព្ទថតរូប និងថតវីដេអូ ពីព្រោះលោករស់នៅខេត្តប៉ាថុមថានីយូរហើយ ពុំធ្លាប់ឃើញសោះ» ។
ដោយឡែក ពលរដ្ឋរស់នៅខេត្តនគរាជសីម៉ា រាយការណ៍ថា កាលពីថ្ងៃទី២៧ ខែមេសា មានខ្យល់ព្យុះយ៉ាងខ្លាំងបណ្តាលឱ្យមានភ្លៀងធ្លាក់លាយជាមួយដុំទឹកកកតូចៗប្រមាណ ៣០នាទី ដែលពួកគេពុំដែលឃើញខ្យល់ព្យុះខ្លាំងបែបនេះទេ ។ រីឯដំបូលផ្ទះពលរដ្ឋជាច្រើនខ្នងបានបាក់រលំដោយសារខ្យល់ព្យុះ ខណៈដំបូលផ្ទះខ្លះទៀតបាក់សង្កត់លើរថយន្តចតនៅមុខផ្ទះ ។
លើសពីនេះ ព្រះពុទ្ធរូប និងអគារក្នុងបរិវេណវត្តព្រះប្រាងស៊ីដា ស្ថិតក្នុងស្រុកស៊ីដា ខេត្តនគរាជសីម៉ា បានបាក់រលំទាំងស្រុងដោយសារខ្យល់ព្យុះ ។ ព្រះចៅអធិការវត្តព្រះប្រាងស៊ីដា បានស្នើទៅអាជ្ញាធរមកជួយអន្តរាគមន៍ ដោយសារវត្តត្រូវប្រើប្រាស់អគារនេះ ។.jpg)
ចំណែកនៅស្រុកមេស៊ត ខេត្តតាកវិញ ក៏មានភ្លៀងធ្លាក់ខ្លាំងលាយជាមួយដុំទឹកកកដែរ បន្ទាប់ពីខេត្តនេះមានអាកាសធាតុក្តៅយ៉ាងខ្លាំង ។ ក្រៅពីនេះ បង្គោលភ្លើង និងមែកឈើបានបាក់រលំនៅតាមផ្លូវជាច្រើនកន្លែងបណ្តាលឱ្យកកស្ទះការធ្វើចរាចរណ៍ និងដាច់ចរន្តអគ្គិសនី ។ បន្ទាប់មក ភ្នាក់ងារសង្គ្រោះបានចុះបញ្ជូនកម្លាំងមកជួយអន្តរាគមន៍ពលរដ្ឋក្នុងតំបន់រងឥទ្ធិពលដោយសារខ្យល់ព្យុះ ក្រោយពីសីតុណ្ហភាពនៅស្រុកមេស៊ត ខេត្តតាក បានកើនឡើងខ្ពស់រហូតដល់៣៩អង្សាសេ ។

ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយដុំទឹកកក កាលពីថ្ងៃទី២៧ ខែមេសា កន្លងមក ធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថតរូបបង្ហោះក្នុងបណ្តាញសង្គម ដោយសារពួកគេទើបតែឃើញទិដ្ឋភាពបែបនេះជាលើកដំបូង ។ អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋចៀសវាងការបើកបរតាមផ្លូវដែលមានបង្គោលភ្លើង និងមែកឈើបាក់រលំ និងសូមឱ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ៕










