តារាចម្រៀង Mr.អូន ម្ចាស់បទ «រៀបការនឹងបងបានទេ?» បានចូលរួមផ្តល់បទសម្ភាសន៍ដោយបានឆ្លើយថារាល់ស្នាដៃចម្រៀងរបស់លោកទម្លាក់នៅលើទីផ្សារគឺលោកជាអ្នកផលិតផ្ទាល់ទាំងអស់។ តារាចម្រៀងរូបនេះក៏បានទម្លាយទៀតថាលោកមិនចូលចិត្តផលិតបទសេដៗនោះទេចង់ឱ្យប្រិយមិត្តសប្បាយ Pink Pink ប៉ុន្តែទស្សនិកជនខ្លះសំណូមពរឱ្យលោកចេញបទសេដទៅវិញ។

តាមរយៈវីដេអូដែលបានចែករំលែកនៅលើវេទិកាទិកតុកតារាចម្រៀង Mr.អូន បានឆ្លើយក្នុងបទសម្ភាសន៍ថាបទរបស់លោកមិនដែលឱ្យគេធ្វើ ឬមួយទិញបទពីគេយកមកច្រៀងនោះទេ រាល់បទរបស់លោកគឺសរសេរដោយខ្លួនឯង គិតខ្លួនឯង ធ្វើខ្លួនឯងហើយបទចម្រៀងដែលចេញជាផ្លូវការមានប្រមាណ៣០បទហើយជាបទ Pink ទាំងអស់។

ទាក់ទងនឹងបទចម្រៀងដែលមានរសជាតិផ្អែមល្ហែមពណ៌ផ្កាឈូកទាំង៣០បទនេះ Mr.អូន បង្ហាញថាលោកមិនចូលចិត្តបទសេដនោះទេ ហើយមិនមែនជីវិតមិនដែលចួបរឿងសេដនោះទេចង់ច្រៀងបទសប្បាយៗដើម្បីឱ្យខ្លួនឯងសប្បាយក៏ដូចជាអ្នកគាំទ្រដែលស្តាប់បទលោកទទួលយកនូវអារម្មណ៍សប្បាយដែរ។ ទោះយ៉ាងណា Mr.អូន បានបន្ថែមថាគោលគំនិតរបស់ខ្លួនប្រែជាផ្ទុយដោយសារតែអ្នកគាំទ្ររបស់លោកចង់ឱ្យលោកច្រៀងបទសេដទាំងអ្នកចម្រៀងមិនចង់ច្រៀងបទសេដ។
គួរបញ្ជាក់ផងដែរថា ស្នាដៃលេចធ្លោរបស់តារាចម្រៀង Mr.អូន គឺបទ «រៀបការនឹងបងបានទេ?» «ស្រោម» «ដើរលេងគ្រប់ទីកន្លែង» «គាំងបេះដូង» និងបទ «រាំពីក្រោយ» ជាដើម៕










