សាលមហោស្រពខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះនៅសល់តែគ្រោងឆ្អឹង ខណៈមិនបានបង្កឱ្យមានមនុស្សរងរបួសនោះទេ។
មុនពេលមានការឆេះ ខាងមជ្ឈមណ្ឌលសាលាភាសាអង់គ្លេស អាយឌា ធ្វើកម្មវិធីប្រគល់សញ្ញាបត្រទៅឱ្យសិស្សរបស់គេចំនួនជាង១៤០នាក់ ។

ឧបទ្ទវហេតុនេះកើតឡើង បណ្តាលមកពីការឆ្លងចរន្តភ្លើងនៅពេលកម្មវិធីកំពុងចាប់ផ្តើមរាំរបាំជូនពរ។ ពេលនោះគេឃើញមានភ្លើងឆេះចេញពីដំបូលខាងលើ និងបានធ្វើឱ្យលោកគ្រូ-អ្នកគ្រូ និងសិស្សដែលត្រៀមទទួលសញ្ញាបត្រមានការភ្ញាក់ផ្អើលឆោឡោ និងបាននាំគ្នារត់ជាន់ជើងគ្នា ចេញពីក្នុងមហោស្រពមកខាងក្រៅគ្រប់គ្នា ។
ក្រោយហេតុការណ៍ភ្លើងឆេះនេះ បានបន្សល់ទុកតែក្រណាត់តែងលម្អនៅមាត់ច្រកចូលពីខាងមុខប៉ុណ្ណោះ ស្របពេលដែលតួមហោមស្រពត្រូវបានឆាបឆេះគ្មានសល់។
គួរបញ្ជាក់ថា សាលមហោស្រពខេត្តតាកែវនេះ បានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦៨ រហូតមកដល់ឆ្នាំ២០២៥នេះ គឺមានអាយុកាល៥៧ឆ្នាំមកហើយ។