រុក្ខជាតិ “កេសរកូលព្រះទ្រហឹង” បាននឹងកំពុងតែរីកជាលើកទី៣ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម។
កេសរកូលព្រះទ្រហឹង ជាកេសរកូលធំជាងគេលើសកលលោក និងកម្រ ដែលនៅកម្ពុជាច្រើនមាននៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប។

កេសរកូលប្រភេទនេះ អាចមានទំងន់រហូតដល់ទៅ ២តោន ក្នុងមួយគុម្ព ហើយអាចមានកក្ពស់ចាប់ពី ០,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងមានទងផ្កាអាចមានប្រវែង២ម៉ែត្រ និងចំនួនផ្ការហូតដល់ទៅ៧០០០ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងផ្កាអាចមានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។
គួរបញ្ជាក់ថា កេសរកូលព្រះទ្រហឹង ត្រូវបានយកមកដាំនៅភ្នំគូលែន នាខែតុលា ឆ្នាំ២០១៨ ហើយបានចេញផ្កាចំនួន៣លើក ដោយក្នុងនោះ៖
លើកទី១នៅខែមេសា និងឧសភា ឆ្នាំ២០២១
លើកទី២ នៅខែមេសា ឆ្នាំ២០២៤
លើកទី៣ ក្នុងខែមេសា ឆ្នាំ២០២៥










