តារាចម្រៀង អេនណា រិតា បានបង្ហើបប្រាប់ទស្សនិកជនថាបទចម្រៀងដែលទទួលបានការគាំទ្រពីទស្សនិកជនមានចំណងជើងថា «ឆាកចុងបញ្ចប់» ឬចំណងជើងជាភាសាអង់គ្លេស Sad Ending គឺជាសាច់រឿងពិតរបស់នាងហើយនៅពេលសរសេរបទនេះនាងកំពុងខូចចិត្តខ្លាំង។
អេនណា រិតា គឺជាតារាចម្រៀងមួយរូបដែលកំពុងសាងប្រជាប្រិយភាពក្នុងអាជីពតាមរយៈទឹកដមសំឡេងដ៏ពីរោះរបស់នាងហើយភាគច្រើនបានចេញបទនៅក្នុងរឿងរបស់ផលិតកម្មសាស្រ្តាហ្វៀម។ បទ«អ្នកក្រោយច្បាស់លាស់» គឺជាបទចម្រៀងមួយបទដែលទស្សនិកជនចាប់ផ្តើមស្គាល់ រិតា ដែលបានចេញក្នុងឆ្នាំ២០២០មកទល់ពេលនេះមានការស្តាប់ជាង១៧លានដង។
ប្រជាប្រិយភាពកាន់តែចាប់ផ្តើមសាយភាយនៅពេលចេញបទ «មនុស្សតែម្នាក់» និង បទ «ប្រហែលជាមេឃធ្លាក់ខ្យល់ខ្លាំងពេក» ដែលធ្វើឱ្យមានវត្តមានក្នុងកម្មវិធីតូចធំជាច្រើន ខណៈចុងក្រោយនេះគឺទទួលបានការចាប់អារម្មណ៍ជាមួយនឹងបទ «ឆាកចុងបញ្ចប់»។ អ្វីដែលទស្សនិកជនអាចមិនទាន់បានដឹងបទនេះគឺជាសាច់រឿងពិតរបស់នាងផងដែរ។

តាមរយៈកម្មវិធី «spotlight» រិតា បានផ្តល់បទសម្ភាសន៍ថា បទ Sad Ending ឬ ឆាកចុងបញ្ចប់ គឺនាងខូចចិត្តខ្លាំង ជារឿងផ្ទាល់ខ្លួនតែម្តង នាងខូចចិត្តខ្លាំងរៀបរាប់រឿងគ្រប់យ៉ាងចូលទៅក្នុងហ្នឹង ហើយពេលដែលសរសេរបទនេះសរសេរទាំងយំ គឺមានការសរសេរបណ្តើរយំបណ្តើរ ច្រៀង Record demo បណ្តើរយំបណ្តើរ។ នាងបន្តទៀតថា ភាគច្រើននៅពេលនាងពិបាកចិត្តរឿងស្នេហា ពេលដែលនាងចង់កាត់ចិត្តនាងធ្វើចម្រៀងតែម្តង ទម្រាំតែដំណើរការចប់នៃការងារចប់បាន ស្តាប់បណ្តើរៗបួនដប់ដង Confirm Track នាងកាត់ចិត្តបានហើយ។
តារាចម្រៀង អេនណា រិតា ថា បើសិនជាសង្សារចាស់របស់នាងឃើញនាងចេញបទចម្រៀងហើយគិតថានាងនឹកនោះមិនមែនទេកាលណាដែលនាងចេញចម្រៀងគឺនាងកាត់ចិត្តបានហើយ៕