កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។

កំពង់ផែនេះ មានបណ្តោយប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្តើមការសាងសង់តាំងពីឆ្នាំ២០១៨ និងរួចរាល់នៅឆ្នាំ២០២២ តែកាលនោះមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាននៅឡើយ ដោយសារតែមានជម្រៅទឹករាក់ពេកមិនអាចឱ្យនាវាបើកចេញចូលបាន។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានតម្លៃជាង ១១លានដុល្លារ សាងសង់ឡើង ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កំពង់ផែនេះ សាងសង់ឡើងក្នុងគោលបំណងដឹកជញ្ជូនភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមបណ្តាកោះ និងឆ្នេរសមុទ្រនានារបស់កម្ពុជា។

បច្ចុប្បន្ន កំពង់ផែទេសចរណ៍នេះ ស្ថិតក្រោមកិច្ចប្រតិបត្តិការ និងការថែទាំ (O & M Agreement) របស់ក្រុមហ៊ុន អេហ្សេត ប៊ីលដើរ ឯ.ក (AZ Builders Co., Ltd.) របស់ឧកញ៉ា លឹម ប៊ុនសួរ៕