អ្នកនាង ខាត់ សុឃីម និងលោក ហេង ប៊ុនលាភ ជារៀមច្បងពីររូបដែលផ្តល់ឱកាសទៅដល់អ្នកចម្រៀងជំនាន់ក្រោយពីររូបគឺ ប៊ុត សីហា និង 1NE ដែលជាតារាចម្រៀងធ្លាប់រងនូវរឿងអាស្រូវធំក្នុងអាជីព។
ថ្មីៗនេះ ប៊ុត សីហា និងលោក ហេង ប៊ុនលាភ ផ្ទាល់បានបង្ហាញដល់ទស្សនិកជនអ្នកទាំងពីរគ្រោងនឹងចេញចម្រៀងជាមួយគ្នា។ ទទួលបានឱកាសសហការជាមួយនឹងរៀមច្បងបែបនេះ ប៊ុត ស៊ីហា បានបង្ហាញការតាំងចិត្តនិងសុំឱកាសម្តងទៀតពីមហាជន។ តារាចម្រៀងរូបនេះបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៩ សីហា ថា «ខ្ញុំបាទ ត្រូវច្រៀងរួមគ្នានឹងគាត់តើបងប្អូនពេញចិត្តឬទេ?ខ្ញុំសង្ឃឹមថាបងប្អូននឹងបានផ្តល់តម្លៃឱ្យខ្ញុំម្តងទៀត ព្រោះខ្ញុំចង់បានអ្វីដែលបងប្អូនត្រូវការដែរ កុំភ្លេចតាមដានទាំងអស់គ្នាណា ឆាប់ៗនេះហើយ..»។

ការសហការជាមួយនឹង ប៊ុត សីហា លោក ហេង ប៊ុនលាភ បានចូលទៅខម្មិនលើការបង្ហោះរបស់ Rith Omega ថា«សង្ឃឹមថាពួកយើងនឹងមានការលើកទឹកចិត្តគាំទ្រពីពុកម៉ែមីងមាបងប្អូន ដើម្បីបន្តដំណើរលើវិស័យសិល្ប:ខ្ញុំក៏ចង់ល្បីដែរ»។
មិនត្រឹមតែលោក ហេង ប៊ុនលាភ ដែលជារៀមច្បងផ្តល់ឱកាសសហការជាមួយនឹងសិស្សប្អូនដែលធ្លាប់មានរឿងអាស្រូវធំក្នុងអាជីពប៉ុណ្ណោះទេងាកទៅកាន់តារាពហុជំនាញ ខាត់ សុឃីម ក៏បានផ្តល់ឱកាសទៅដល់តារាចម្រៀង 1NE ដូចគ្នាដោយមិនគិតពីរឿងអាស្រូវកន្លងមក។
កាលពីថ្ងៃទី៣ មេសា 1NE បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងរៀមច្បង ខាត់ សុឃីម ជាមួយនឹងអត្ថន័យថា «រសជាតិថ្មីសម្រាប់បងប្អូនកម្ពុជា ជាមួយបងស្រី ខាត់ សុឃីម»។ នៅថ្ងៃទី១០ មេសា 1NE ក៏បានបង្ហោះរូបភាពពីរសន្លឹកជាមួយនឹងតារាចម្រៀង ខាត់ សុឃីម ដោយរូបភាពទី១តាំងពីឆ្នាំ២០១៨ និងរូបភាពមួយទៀតក្នុងឆ្នាំ២០២៥ ដោយភ្ជាប់មកជាមួយសំណេរថា «កិត្តិយសធំធេងណាស់អរគុណបងស្រី ខាត់ សុឃីម»។
គួរឱ្យដឹងថា តារាចម្រៀង ប៊ុត សីហា ដែលជាអតីតម្ចាស់ពានមួយរូបបានផុសក្នុងរឿងអាស្រូវគ្រឿងញៀនត្រូវជាប់ទោសម្តងជាពីរដងរហូតធ្វើឱ្យអ្នកមួយចំនួនអស់ជំនឿចិត្តលើតារាចម្រៀងរូបនេះ។ ចំណែកឯ 1NE ត្រូវរងនូវរឿងអាស្រូវការចោទប្រកាន់ពីនារីម្នាក់ដែលថាតារាចម្រៀងរូបនេះនិងតារារ៉េបផ្សេងទៀតជាគ្នីគ្នាបានបំពាននាង។ ក្រោយមក 1NE បានច្រាលចោលការចោទប្រកាន់របស់នារីរូបនោះផងដែរ៕