ទស្សនិកជនជាអ្នកស្នេហាវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីម្ចាស់ហាង សុផល កាត់ដេរ ដែលជាជាងល្បីឈ្មោះមួយរូបបានបង្ហោះឱ្យបវរកញ្ញាដែលយករ៉ូបដែលខ្លួនឧបត្ថម្ភយកទៅប្រកួតមិនទាន់យកមកឱ្យវិញទាំងពេលវេលា៥ខែមកហើយ។ ការលាតត្រដាងពីអត្តចរិតបវរកញ្ញាមួយចំនួនដែលធ្វើទង្វើបែបនេះបានធ្វើឱ្យអ្នកគាំទ្រហួសចិត្តខណៈរឿងនេះបានប៉ះពាល់ទៅដល់បវរកញ្ញាដែលគេល្អៗ។
នៅរសៀលថ្ងៃទី១០ មេសា ម្ចាស់ហាង សុផល កាត់ដេរ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «សូមប្អូនស្រីបវកញ្ញាម្នាក់ដែរយក Gown បងទៅស្លៀកមេត្តាចំណាយពេលដ៏មានតម្លៃរបស់ប្អូនយកវាមកឱ្យបងវិញផង5>6ខែដែរហើយ»។ ការបង្ហោះពីអត្តចរិតមិនល្អបវរកញ្ញាម្នាក់របស់លោក សុផល បានធ្វើឱ្យទស្សនិកជនជាច្រើនជាពិសេសអ្នកស្នេហាវិស័យបវរកញ្ញាមានការហួសចិត្តយ៉ាងខ្លាំងចំពោះបវរកញ្ញាដែលមិនបញ្ចេញឈ្មោះនេះ។
ការលើកឡើងរបស់លោក សុផល អ្នកខ្លះក៏ចង់ឱ្យបញ្ចេញឈ្មោះឬរូបភាពបវរកញ្ញាដែលមានអត្តចរិតល្អបែបនេះ អ្នកខ្លះក៏បានលើកឡើងថាគេជួយ Sponsor ហើយឱ្យម្ចាស់គេយ៉ុងចិត្តទៀត។ មួយផ្នែកទៀតក៏បានលើកឡើងថានេះជាលើកទី១ហើយដែលម្ចាស់ហាង សុផល កាត់ដេរ ធ្វើបែបនេះ នេះមានន័យថាបវរកញ្ញានោះពិតជាមានចរិតយ៉ាប់ណាស់ហើយមើលទៅ។
ក្រោយពីរឿងនេះបានល្បីផ្អើលពេញបណ្តាញសង្គមនិងវិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជាស្រាប់តែម្ចាស់ហាងបានបញ្ជាក់ថាបវរកញ្ញានោះបានឱ្យអ្នកផ្សេងយករ៉ូបមកសងលោកវិញហើយ។ នៅយប់ថ្ងៃទី១០ មេសា លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បងបានទទួល Gown របស់បងហើយអរគុណប្អូនដែលឆ្លៀតឱ្យគេយកមកឱ្យបង»។

ក្រោយពីបានសំលៀកបំពាក់វិញបន្ទាប់ពីម្ចាស់ប្រកាសតាមបណ្តាញសង្គមនេះអ្នកលេងបណ្តាញសង្គមក៏បានចូលទៅខម្មិនដែរថា «ដ៏ផុសចឹងបានយកមកឱ្យវិញលឿន គិតៗទៅមនុស្សយើងចឹងមែនតាស»។
ទោះយ៉ាងណា រឿងនេះបានធ្វើឱ្យជះឥទ្ធិពលដល់បវរកញ្ញាដទៃទៀតនៅពេលបវរកញ្ញាម្នាក់មិនខ្ចីយករ៉ូបមកសងអ្នកដែលជួយ Sponsor បែបនេះនឹងធ្វើឱ្យម្ចាស់ហាងសំលៀកបំពាក់ដទៃទៀតមានការខ្លាចរអារនៅពេលក្រោយលែងចង់ជួយទៅដល់អ្នកចូលរួមប្រកួតទាំងក្នុងស្រុកនិងតំណាងឱ្យកម្ពុជាជាដើមព្រោះខ្លាចប៉ះចំបវរកញ្ញាមានអត្តចរិតបែបនេះ៕