តារាចម្រៀង ទេព បូព្រឹក្ស នឹងតំណាងប្រទេសកម្ពុជាចូលរួមមហោស្រពអន្តរជាតិ Round Festival ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។ លើសពីនេះតារាចម្រៀងរូបនេះបានប្រកាសថារូបនាងនឹងនាំយកការសម្តែងបែបសហសម័យតាមរយៈបទចម្រៀង ទេពរាជ បញ្ចូលជាមួយនឹងវប្បធម៌ខ្មែរ។
នៅថ្ងៃទី១០ មេសា នេះមហោស្រពអន្តរជាតិ Round Festival បានប្រកាសពីសិល្បករកម្ពុជាគឺជាតារាចម្រៀង ទេព បូព្រឹក្ស នឹងមានវត្តមានក្នុងកម្មវិធីនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី។ ជាមួយនឹងការប្រកាសវត្តមានរបស់ ទេព បូព្រឹក្ស ដែលនឹងចូលរួមក្នុងកម្មវិធីប្រមូលផ្តុំពីការតារាចម្រៀងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងប្រទេសកូរ៉េ តារាចម្រៀងរូបនេះក៏បានបញ្ជាក់ពីបទដែលនឹងយកទៅសម្តែងថែមទាំងនឹងបង្ហាញទស្សនីយភាពវប្បធម៌ខ្មែរទៀត។
ម្ចាស់បទ«វីរៈនារី» បានសរសេរនៅលើបណ្តាញសង្គមថា «នាងខ្ញុំទេព បូព្រឹក្ស នឹងនាំយកការសម្តែងបែបសហសម័យរួមមាន ល្ខោនខោល , របាំមណីមេខលា និង អប្សរា ជាលើទីមួយនៃសិល្បៈខ្មែរដែលនឹងរួមបញ្ចូលគ្នានៅលើឆាកអន្តរជាតិក្រោមទស្សនីយភាពបទ «ទេវរាជ » អ្វីដែលនាងខ្ញុំធ្លាប់ស្រមៃថានឹងដឹងដៃវប្បធម៌ទៅកាន់ឆាកអន្តរជាតិពេលនេះសម្រេចចេញជាផ្កាហើយ។ BRING OUR KHMER TO THE TOP»។

ការប្រកាសដំណឹងរីករាយនេះ អ្នកគាំទ្ររួមទាំង ជី ដេវិត ផងបានចែករំលែកដោយក្តីរំភើបផងដែរ។
មហោស្រពអន្តរជាតិ Round Festival គឺជាកម្មវិធីដែលនាំយកតន្រ្តីករ និងវប្បធម៌មកពីប្រទេសសមាជិកទាំងដប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងកូរ៉េខាងត្បូងដើម្បីពង្រីកតន្ត្រីប៉ុបអាស៊ីចូលទៅក្នុងទីផ្សារពិភពលោក។ កាលពីឆ្នាំ២០២៤ អ្នកតំណាងប្រទេសកម្ពុជាគឺជាតារាចម្រៀង ចិត្ត កញ្ចនា ខណៈកម្មវិធីនេះគឺមានការផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់កូរ៉េគឺ KBS World ៕