ប្រទេសចិន ៖ រដ្ឋាភិបាលចិននឹងឆ្លើយតប និងចាត់វិធានការជាច្រើនដើម្បីការពារផលប្រយោជន៍ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីចិនជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យប្រទេសនានាលើពិភពលោក សហការជាមួយចិន រួបរួមគ្នាប្រឆាំងនឹងរបបផ្តា.ច់ការពាណិជ្ជកម្មរបស់លោក Trump ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃទី៩ ខែមេសា កន្លងមកថា អាមេរិកនៅតែដំឡើងពន្ធទំនិញចិនខ្ពស់តាមអំពើចិត្តរបស់ខ្លួន និងដាក់សម្ពាធចិនខ្លាំងបំផុតមិនឈប់ឈរ ។ ហេតុនេះ ចិននឹងប្រឆាំងដាច់ខាត ហើយចិនគ្មានថ្ងៃទទួលយកអំណាច ឬការគំរាមកំហែងណាមួយឡើយ ។ បើអាមេរិកពុំគិតពីផលប្រយោជន៍របស់ប្រទេសទាំង២ និងផលប្រយោជន៍ពិភពលោក ហើយនៅតែប្រកាន់យកសង្គ្រាមពាណិជ្ជកម្ម ចិននឹងតស៊ូជាមួយអាមេរិក រហូតដល់ទីបំផុត ។
ប្រទេសចិនបានបង្ហាញគោលជំហរប្រឆាំងនឹងអាមេរិក ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ជាបន្តបន្ទាប់ ចាប់ពី២០% រហូតដល់១០៤% និងកើនឡើងដល់១២៥% ដោយសារចិនពុំព្រមលុបចោលការដំឡើងពន្ធទំនិញអាមេរិក ។.png)
ដូចគ្នានេះ មន្ត្រីក្រសួងពាណិជ្ជកម្មចិននិយាយថា ចិននឹងចាត់វិធានការជាច្រើនដើម្បីឆ្លើយតបជាមួយអាមេរិក ហើយចិននឹងតស៊ូរហូតដល់ទីបំផុត បើអាមេរិកនៅតែរឹតបន្តឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ពីព្រោះគ្មានប្រទេសណាមួយឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ ។ ទោះយ៉ាងណា ចិនចង់ចរចាជាមួយអាមេរិកអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីដោយស្មើភាព ដើម្បីកាត់បន្ថយក្តីបារម្ភរបស់ភាគីនីមួយៗ ។
ក្រៅពីចិន នៅមានប្រទេសជាង៦០ទៀត បានប្រឈមនឹងអត្រាពន្ធទំនិញខ្ពស់របស់លោក Trump ដូចជា ៖ ពន្ធទំនិញកម្ពុជា ស្មើ៤៩%, វៀតណាម ៤៦%, ថៃ ៣៦%, កូរ៉េខាងត្បូង ២៥%, ជប៉ុន ២៤% និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប ២០% ។.png)
តាមការចុះផ្សាយរបស់កាសែតចិន China Daily គឺរដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្រទេសនានាលើពិភពលោក រួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់លោក Trump ហើយចិនជឿជាក់ថា ការរួបរួមគ្នារបស់ប្រទេសនានា នឹងអាចយកឈ្នះលើអំណាចពាណិជ្ជកម្ម ។ បច្ចុប្បន្ន ចិនបានសហការជាមួយជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗនៅតំបន់អាស៊ី ព្រមទាំងអំពាវនាវឱ្យសហភាពអឺរ៉ុបសហការជាមួយចិន ដើម្បីរក្សាពាណិជ្ជកម្មសេរី និងពហុភាគីនិយម ។
សង្គ្រាមពាណិជ្ជកម្មនឹងអូសបន្លាយយូរ និងផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ជារៀងរហូត ។ ទោះជាសង្គ្រាមពាណិជ្ជកម្មបញ្ចប់ដោយការចរចា, ការយល់ព្រមដកថយរបស់ប្រទេសណាមួយ ឬការប្រឈមមុខជាមួយគ្នាបន្តទៀត ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់ពលរដ្ឋរបស់ប្រទេសទាំងអស់ ដូចជា ៖ តម្លៃទូរស័ព្ទស្មាតហ្វូនកើនឡើង, ការខ្វះខាតទំនិញមួយចំនួន និងសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ច ៕










