បម្រែបម្រួលអាកាសធាតុកំពុងធ្វើឲ្យកម្ដៅផែនដីកើនឡើងជារៀងរាល់ឆ្នាំ ហើយតំបន់អាក់ទិកកំពុងទទួលឥទ្ធិពលកម្ដៅច្រើនជាងតំបន់ដទៃទៀត។ នៅពេលដែលទឹកកករលាយ អ្នកវិទ្យាសាស្ត្របានព្រមានថា មេរោគដែលកកនៅក្នុងទឹកកក ដែលជារឿយៗហៅថា “មេរោគខ្មោចឆៅ” អាចនឹងត្រូវបានចេញមកក្រៅ។ មេរោគទាំងនេះត្រូវបានកកក្នុងស្រទាប់ផែនដី និងទឹកកកអស់រយៈពេលរាប់ម៉ឺនឆ្នាំ ដោយដេកលក់នៅក្នុងសំណល់សត្វ និងក្នុងដី។

ជាច្រើនឆ្នាំមកនេះ អ្នកវិទ្យាសាស្ត្របានដឹងហើយថា មេរោគដែលកកហើយនៅតែអាចឆ្លងបាន។ ការស្រាវជ្រាវបានធ្វើអោយមេរោគដូចជា Pithovirus sibericum ដែលបង្កកអស់រយៈពេលជាង ៣០,០០០ ឆ្នាំ និង Amoeba ដែលបង្កកអស់រយៈពេល ៤៨,៥០០ ឆ្នាំដឹងខ្លួនឡើងវិញ។ ការសិក្សាទាំងនេះបញ្ជាក់ថា មេរោគដែលកកអាចឆ្លងដល់សារពាង្គកាយមានជីវិត បើទោះបីជាវាត្រូវបានកកអស់រយៈពេលរាប់ម៉ឺនឆ្នាំក៏ដោយ។ 
ផ្ទាំងទឹកកកដែលផ្ទុកវីរុសកក រលាយលឿនជាងការរំពឹងទុកទៅទៀត ហើយការរកឃើញនាពេលថ្មីៗនេះនៅក្នុងផ្ទាំងទឹកកករបស់ប្រទេសចិនបានបង្ហាញពីមេរោគដែលកកចំនួន ១៧០០ ដែលភាគច្រើនមិនធ្លាប់មានពីមុនមក។ ទោះបីជាមេរោគទាំងនេះមានសុវត្ថិភាព នៅពេលដែលវានៅតែកកក៏ដោយ ប៉ុន្តែការរលាយទឹកកកអាចឱ្យពួកវារួចចេញមកបរិស្ថានខាងក្រៅ ដែលបង្កគ្រោះថ្នាក់ដល់សត្វ ប្រព័ន្ធអេកូឡូស៊ី និងមនុស្ស។
.png)
សេណារីយ៉ូដែលគួរឲ្យព្រួយបារម្ភបំផុតគឺនៅពេលដែលមេរោគ ឬបាក់តេរីឆ្លងដល់សត្វមុន ហើយបន្ទាប់មកវានឹងរីករាលដាលដល់មនុស្ស ដែលនេះជាបាតុភូតមួយហៅថា ជំងឺឆ្លងពីសត្វទៅមនុស្ស ឬ zoonotic ។ នៅតំបន់អាក់ទិក ហានិភ័យទាំងនេះនឹងត្រូវបានកើនឡើង ដោយសារតែប្រព័ន្ធអេកូឡូស៊ី និងរបាំងរវាងមនុស្ស និងសត្វ កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារការរលាយទឹកកក។ ដូចជាកាលពីឆ្នាំ ២០១៦ ជំងឺឆ្លង anthrax បានរួចចេញពីគ្រោងឆ្អឹងសាកសពសត្វដែលកក បន្ទាប់ពីទឹកកកបានរលាយក្នុងតំបន់ Siberia ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សរាប់រយនាក់។ សោកនាដកម្មនេះបញ្ជាក់យ៉ាងច្បាស់ថា មេរោគជំងឺដែលកកហើយ អាចនឹងលេចឡើងនៅពេលដែលផ្ទាំងទឹកកកស្រទាប់ផែនដី រលាយ។ 
តំបន់អាក់ទិកគឺងាយរងគ្រោះខ្លាំង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តមានកម្រិត។ ជំងឺឆ្នងនឹងអាចរីករាលដាលយ៉ាងទូលំទូលាយ មុនពេលត្រូវបានគេរកឃើញ និងអាចគ្រប់គ្រងវាបាន ដែលធ្វើឱ្យតំបន់អាក់ទិកនឹងក្លាយជាចំណុចចាប់ផ្តើមដ៏គ្រោះថ្នាក់នៃជំងឺឆ្លងរាតត្បាត។ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថាវីរុសជាង ៤ពាន់លាន អាចរួចចេញពីផ្ទាំងទឹកកកស្រទាប់ផែនដី ជារៀងរាល់ឆ្នាំ ហើយបើសូម្បីតែប្រភាគតូចៗមួយក៏អាចបង្កគ្រោះថ្នាក់ នោះបរិមាណវីរុសដ៏ច្រើនសណ្ធឹកដែលអាចរួចចេញមកនេះនឹងធ្វើឱ្យមានគ្រោះថ្នាក់ខ្លាំងពិបាកនឹងមិនអើពើជាមិនខាន។.png)
អ្នកជំនាញនិយាយថា យើងត្រូវសិក្សាលើបញ្ហានេះបន្ថែមទៀត ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតដែលអាចកើតមានឡើង។ ការប្រែប្រួលអាកាសធាតុមិនមែនគ្រាន់តែជាបញ្ហានៃការកើនឡើងកម្ដៅភពផែនដីប៉ុណ្ណោះទេ វាក៏កំពុងរលាយរបាំងរវាងប្រព័ន្ធអេកូឡូស៊ី សត្វ និងមនុស្ស ហើយនឹងបង្កើនឱកាសឲ្យជំងឺថ្មីៗដែលលេចឡើងផងដែរ។ ខណៈពេលដែលបញ្ហានេះហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ពីមនុស្សមួយចំនួន អ្នកវិទ្យាសាស្ត្របានព្រមានថាអ្វីដែលកើតឡើងនៅតំបន់អាក់ទិកនឹងមិនស្ថិតតែនៅក្នុងតំបន់អាក់ទិកនោះទេ ឥទ្ធិពលនេះនឹងក្លាយជាទឹករលកដែលអាចទៅដល់គ្រប់ជ្រុងនៃពិភពលោក។










