ចុងក្រោយនេះភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្មរបស់លោក លៀក លីដា ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ តែយ៉ាងណាលោកនៅតែបង្ហាញក្តីបារម្ភចំពោះកុនខ្មែរនឹងដើរថយក្រោយខណៈកុនបរទេសចូលទីផ្សារកម្ពុជាច្រើន។
ភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដែលដកស្រង់ពីហេតុការណ៍ពិតកាលពីចុងឆ្នាំ២០២១ ទទួលបាននូវការគាំទ្រយ៉ាងឃ្លេវក្លាខណៈកន្លងមកមានរូបភាពបង្ហាញថា១ថ្ងៃរឿងនេះទទួលបានចំណូលដល់២ម៉ឺនដុល្លារក្នុងថ្ងៃចាក់បញ្ចាំងដំបូង។ មិនត្រឹមតែប៉ុណោះភាពយន្តនេះបានក្លាយជាភាពយន្តខ្មែរទី១ដែលមានអ្នកទស្សនាច្រើនជាងគេបង្អង់នៅក្នុងរោងភាពយន្តលេជេន។ នេះបើតាមការបញ្ជាក់របស់រោងភាពយន្តនៅថ្ងៃទី៣១ ខែមីនា។ 
ទោះបីជាមានភាពជោគជ័យលើភាពយន្តខាងលើនេះក្តីលោក លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ បានបង្ហាញក្តីបារម្ភចំពោះភាពយន្តខ្មែរនឹងដើរថយក្រោយ។ លោកបានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី៧ មេសា ថា «បើទោះបីជារឿងភ្លើងឆេះក្លឹបក្រោមដីរបស់ផលិតកម្មអិលឌីទទួលបានជោគជ័យខ្លាំងក៏ដោយ ក៏ខ្ញុំនៅតែយល់ថាវិស័យភាពយន្តរបស់យើងក្នុងឆ្នាំ ២០២៥ និងដើរថយក្រោយ ពីព្រោះខ្ញុំមិនទាន់ឃើញសញ្ញានៃផលិតករ ណាមួយដែលគ្រោងនឹង វិនិយោគផលិតរឿងធំៗ និងគម្រោងចំណាយស្តង់ដាសម្រាប់ទីផ្សារក្រៅប្រទេសឡើយ។ តែខ្ញុំបែរជាឃើញកុនបរទេសយ៉ាងសម្បូរបែបបកប្រែយ៉ាងល្អចូលទីផ្សារយើងយ៉ាងច្រើនក្នុងឆ្នាំ ២០២៥ នេះ។
ជាមួយនឹងក្តីបារម្ភនេះ លោក លីដា បានលើកទឹកចិត្តផលិតករខ្មែររួមគ្នាផលិតកុនធំៗមានស្តង់ដារអាចជ្រែតចូលទីផ្សារបរទេសបាន។ លោកសរសេរថា «សូមបងប្អូនផលិតករយើងរួមគ្នាដើម្បីផលិតកុនធំៗដែលមានស្តង់ដារត្រឹមត្រូវដែលអាចចូលទីផ្សារបរទេសបានត្រឹមត្រូវដោយមិនអៀនខ្មាសសូមជូនពរ ផលិតករខ្មែរទាំងអស់ទទួលបានជោយជ័យ»។.png)
គួរបញ្ជាក់ផងដែរថា ផលិតកម្ម LD របស់លោក លៀក លីដា បានផលិតភាពយន្តខ្មែរជាច្រើនដោយបានចំណាយដើមទុនយ៉ាងច្រើនជាក់ស្តែងដូចជា «ប្រវត្តិស្នេហ៍នាងនាថ» ដែលមានតួឯកស្រី មាលា កូនខ្មែរកាត់បារាំងនិងតួឯកប្រុសមីយ៉ាន់ម៉ា បៃតាកន ដើម្បីអាចឱ្យភាពយន្តខ្មែរឈរនៅលើទីផ្សារក្រៅស្រុក៕










