សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ជឿជាក់ថា ក្រុមហ៊ុន Apple អាចផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone ពីក្រៅប្រទេសមកអាមេរិកបាន ពីព្រោះនៅអាមេរិកមានកម្លាំងពលកម្ម និងធនធានលើសលប់ ប៉ុន្តែនាយកក្រុមហ៊ុន Apple លោក Tim Cook ធ្លាប់បានបដិសេធនាពេលកន្លងមកថា វាពុំអាចទៅរួចទេ ដែលឱ្យក្រុមហ៊ុន Apple ផលិតទូរស័ព្ទ iPhone នៅអាមេរិក ។
.png)
មុនពេលកំណត់អត្រាពន្ធថ្មីលើទំនិញនាំចូលពីក្រៅប្រទេសរបស់លោក Trump ចាប់អនុវត្តពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ មន្ត្រីនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បញ្ជាក់ថា ក្រុមហ៊ុន Apple អាចផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone មកកាន់អាមេរិកបាន ពីព្រោះ Apple មានគម្រោងវិនិយោគនៅអាមេរិកស្រាប់ហើយ ស្មើទឹកប្រាក់៥សែនលានដុល្លារ ។

លោក Trump ជឿជាក់លើកម្លាំងពលកម្ម និងធនធានគ្រប់គ្រាន់នៅអាមេរិក ហើយបើ Apple ពុំអាចសាងសង់រោងចក្រផលិតទូរស័ព្ទ iPhone នៅអាមេរិក មិនមែន Apple មានគម្រោងវិនិយោគនៅអាមេរិក ស្មើទឹកប្រាក់៥សែនលានដុល្លារទេ ។ ការវិនិយោគរបស់ Apple គឺជាការផ្លាស់ប្តូរដ៏ធំនៅអាមេរិក ។ នេះបើតាមការលើកឡើងរបស់លោកស្រី Karoline Leavitt ក្នុងសន្និសីទសារព័ត៌មាន ។
.png)
ប៉ុន្តែបើតាមអ្នកវិភាគជាច្រើន គឺគម្រោងវិនិយោគនៅអាមេរិក ជាអ្វីដែល Apple តាំងចិត្តធ្វើស្រាប់ហើយ វាពុំមែនជាការវិនិយោគថ្មី ដើម្បីឆ្លើយតបនឹងគោលនយោបាយពន្ធទេ ។ ជាមួយគ្នានេះ បញ្ហាផលិតឧបករណ៍ ឬទំនិញនៅអាមេរិក ពុំមែនជារឿងថ្មី ពីព្រោះនាយក Apple លោក Tim Cook និងអតីតនាយក Apple លោក Steve Jobs ធ្លាប់និយាយយ៉ាងច្បាស់ថា រោងចក្រអាមេរិកពុំអំណោយផលដល់ការផលិតឧបករណ៍ ។

ក្នុងសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ដែលសរសេរដោយអ្នកនិពន្ធឈ្មោះ Walter Isaacson បានរៀបរាប់ពីការសន្ទនារបស់លោក Steve Jobs ជាមួយអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ ដោយលោក Steve Jobs និយាយថា Apple ត្រូវការកម្លាំងពលកម្មមានជំនាញ រហូតដល់៣ម៉ឺននាក់ និងកម្លាំងពលកម្មក្នុងរោងចក្រ ចំនួន៧សែននាក់ទៀត ប៉ុន្តែ Apple ពុំអាចរកកម្លាំងពលកម្មតាមចំនួននេះនៅអាមេរិកទេពេលនោះ ។
ចំណែកលោក Tim Cook ក៏ធ្លាប់និយាយពីបញ្ហានេះក្នុងការប្រជុំរបស់ទស្សនាវដ្តី Fortune កាលពីឆ្នាំ២០១៧ ថា មូលហេតុដែល Apple ផលិតទូរស័ព្ទនៅចិន មិនមែនមកពីកម្លាំងពលកម្មថោកទេ ប៉ុន្តែដោយសារចិនសម្បូរកម្លាំងពលកម្មជំនាញ និងមានកម្លាំងពលកម្មច្រើន ដែលអាមេរិកពុំអាចប្រៀបធៀបបាន ដូចជា ៖ ចិនសម្បូរអ្នកជំនាញបង្កើតម៉ាស៊ីនពុម្ព (Tooling) ដែលចាំបាច់សម្រាប់ការផលិតឧបករណ៍ ។ រីឯនៅអាមេរិកមានអ្នកជំនាញដែរ ប៉ុន្តែមិនច្រើន ៕









