ចំណាយពេលធ្វើដំណើរប្រហែលជាង 40នាទី ពីទីក្រុងភ្នំពេញ យើងនឹងមកដល់ភ្នំប្រសិទ្ធ ដែលនៅលើភ្នំប្រសិទ្ធត្រៃត្រឹងមានប្រាសាទដ៏ចំណាស់មួយមានឈ្មោះថា “ប្រាសាទស្រីគ្រប់លក្ខណ៍” ដែលកំពុងសង្ញំខ្លួនយ៉ាងស្ងប់ស្ងាត់ ព្រោះពុំសូវមានភ្ញៀវទេសចរទៅទស្សនាច្រើនឡើយ។
“ប្រាសាទស្រីគ្រប់លក្ខណ៍” មានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឃ្លាំង ស្រុក ពញាឮ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ ២៧ គីឡូម៉ែត្រ ភាគអាគ្នេយ៍រាជធានីភ្នំពេញ។ តាមរយៈការចារទុកនៅលើសិលាចារឹក ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ១ (៦៥៥-៦៨១ នៃ គ . ស ) ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ( សិវនិកាយ ) ។

ប្រាសាទស្រីគ្រប់លក្ខណ៍ សាងសង់ដោយថ្មឥដ្ឋ មានក្បាច់រចនាយ៉ាងល្អប្រណិត ប៉ុន្តែដោយសារការញាំញីដោយសង្រ្គាម បូជនីយដ្ឋានដ៏សំខាន់នេះ ត្រូវបានសង្គ្រាម និងជនទុច្ចរិតបំផ្លាញខ្ទេចខ្ទីអស់សូម្បីតែគ្រឹះប្រាសាទធ្វើអំពីថ្មបាយក្រៀម ក៏ត្រូវគេគាស់រំលើងដែរ ។.jpg)
ក្រុមអ្នកជំនាញបានឃើញមានសំណល់ស្ថាបត្យកម្មប្រាសាទថ្មធំមួយទៀតស្ថិតនៅប្រមាណជា ១៥ ម៉ែត្រពីខ្លោងទ្វារប្រាសាទឥដ្ឋខាងលើនេះ ។ តាមការសិក្សាដោយក្រុមជំនាញប្រាសាទថ្មនោះជា សំណង់ស្ថាបត្យកម្មសម័យអង្គរ ស្ថិតក្នុងរចនាបថកោះកេរ ។ ប្រាសាទគ្រាន់តែបានបន្សល់ទុកនូវចម្លាក់មួយចំនួន ជាពិសេសបំណែកក្បាច់ ផ្តែរ សសរស្តម្ភ ជើង ទេវរូប ធំៗ ប្រកបដោយក្បាច់រចនា គួរឲ្យចាប់អារម្មណ៍ ។

ទិដ្ឋភាពនៅជុំវិញប្រាសាទ គឺមានដើមរុក្ខជាតិតូចធំដែលដុះនៅលើភ្នំ មានសម្រស់ស្រស់បំប្រងគួរអោយចង់គយគន់។ មិនតែប៉ុណ្ណោះ នៅទីនេះមិនមែនត្រឹមជាកន្លែងសម្រាប់ទេសចរមកទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែប្រាសាទ និងភ្នំនៅទីនេះ ថែមទាំងជាទីកន្លែងសក្ការៈដែលស័ក្តិសិទ្ធមួយផងដែរ ដែលមិនថាតែប្រជាជនក្នុងតំបន់នោះទេ លើសពីនេះក៏មានអ្នកមកពីចម្ងាយស្កាត់មកបន់ស្រន់ផងដែរ។

ជារឿងគួរសោកស្ដាយ ដោយសារដំបូលខាងលើ ជញ្ជាំង និងផ្នែកខាងក្នុងនៃប្រាសាទនេះខូចខាតយ៉ាងធ្ងន់ធ្ងថនៅសម័យខ្មែរក្រហម ហើយត្រូវបានគេសាងសង់គ្រោងដែកគ្របដោយស័ង្កសីជំនួសវិញ។
ប្រសិនបើអ្នកមិនទាន់ដឹងថាគួរធ្វើដំណើរកម្សាន្តទៅទីណានាឳកាសពិធីបុណ្យចញលឆ្នាំខាងមុខនេះទេ អ្នកអាចមកកម្សាន្តនៅតំបន់នេះបាន ព្រោះក្រៅពី “ប្រាសាទស្រីគ្រប់លក្ខណ៍” នេះ នៅលើភ្នំក៏មានក្យូសសម្រាប់អង្គុយ និងស្រស់ស្រូបអាហារបស់បងប្អូនអាជីវករក្នុងតំបន់ផងដែរ៕










