សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ឱ្យពលរដ្ឋអត់ធ្មត់ក្នុងពេលអាមេរិកកំពុងប្រឈមនឹងស្ថានការណ៍លំបាក គឺសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសនានាលើពិភពលោក ដោយលោកជឿជាក់ថា ការដាក់ពន្ធទំនិញនាំចូលនឹងទទួលបានលទ្ធផលល្អបំផុត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ។

សារព័ត៌មានបរទេសរាយការណ៍ថា លោក Trump ប្រធានាធិបតីអាមេរិក បានថ្លែងពីប្រទេសនានាលើពិភពលោក រួមទាំងអាមេរិកត្រូវឆ្លងកាត់ស្ថានការណ៍សង្គ្រាមពាណិជ្ជកម្ម ក្រោយពីអាមេរិកដាក់ពន្ធទំនិញនាំចូលពីក្រៅប្រទេស ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រមូលពន្ធទំនិញក្រៅប្រទេស ក្នុងអត្រាអប្បបរមាស្មើ១០% កាលពីថ្ងៃទី៥ ខែមេសា កន្លងមក ហើយលោក Trump ចាត់ទុកថា នេះជាកំណែទម្រង់សេដ្ឋកិច្ច និងបង្ហាញថា អាមេរិកទទួលបានជ័យជម្នះ ។
លោក Trump បានប្រាប់ឱ្យពលរដ្ឋអាមេរិកអត់ធ្មត់ជាមួយស្ថានការណ៍បច្ចុប្បន្ន ហើយការដាក់ពន្ធលើទំនិញនាំចូលពីក្រៅប្រទេសនឹងទទួលបានលទ្ធផលល្អ ។ ការដាក់ពន្ធទំនិញនាំចូលលើកនេះ គឺជាការព្យាយាមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីឱ្យអាមេរិកអាចកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលពីក្រៅប្រទេស និងងាកមកប្រើប្រាស់ទំនិញផលិតក្នុងស្រុក ។ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះយូរឆ្នាំហើយ រដ្ឋាភិបាលបច្ចុប្បន្នបានដោះស្រាយបញ្ហា ដូចគ្នានឹងគ្រូពេទ្យវះកាត់អ្នកជំងឺ ។ ដូច្នេះ សូមពលរដ្ឋទាំងអស់ជឿជាក់ថា ចាប់ពីពេលនេះទៅ សេដ្ឋកិច្ចអាមេរិកនឹងវិលមករីកចម្រើន និងរុងរឿង ។
.png)
ការថ្លែងបែបនេះរបស់ប្រធានាធិបតីអាមេរិក គឺក្រោយពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោកបានដាក់ពន្ធអប្បបរមា (Baseline Tariff) ស្មើ១០% លើទំនិញគ្រប់ប្រភេទនាំចូលពីក្រៅប្រទេស ចាប់ពីថ្ងៃទី៥ ខែមេសា និងដាក់ពន្ធខ្ពស់ (Reciprocal Tariff) លើទំនិញនាំចូលពីប្រទេសជាច្រើនដែលអាមេរិកមើលឃើញថា មានឱនភាពពាណិជ្ជកម្មខ្លាំង ចាប់ពីថ្ងៃទី៩ ខែមេសា ។ វាធ្វើឱ្យប៉ះពាល់ដល់ប្រទេសដៃគូពាណិជ្ជកម្មរបស់អាមេរិកជាច្រើន ដូចជា ៖ សហភាពអឺរ៉ុប, ជប៉ុន, កម្ពុជា, ថៃ និងចិន ។
ប្រទេសចិនបានប្រឈមនឹងការដាក់ពន្ធទំនិញរបស់អាមេរិកបន្ថែមទៀត៣៤% ខណៈមុននេះ អាមេរិកបានដាក់ពន្ធទំនិញចិន ២០% ។ ហេតុនេះ ធ្វើឱ្យចិនដាក់ពន្ធទំនិញអាមេរិកវិញ ស្មើ៣៤% ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា តទៅ ។ ក្រៅពីនេះ ចិននឹងប្តឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងរឹតបន្តឹងការនាំចេញរ៉ែកម្រ ដែលប្រើប្រាស់សម្រាប់បច្ចេកវិទ្យាកម្រិតខ្ពស់ផ្នែកអេឡិចត្រូនិក និងវេជ្ជសាស្ត្រ ។

គួរបញ្ជាក់ថា ក្រៅពីប្រធានាធិបតីអាមេរិកដាក់ពន្ធលើទំនិញនាំចូលពីក្រៅប្រទេស អាមេរិកក៏បានប្រមូលពន្ធរថយន្តគ្រប់ប្រភេទដែលផលិតនៅក្រៅប្រទេសផងដែរ ស្មើនឹង២៥% ។ ហេតុនេះ ធ្វើឱ្យក្រុមហ៊ុន Stanlantis បញ្ឈប់ការផលិតរថយន្តក្នុងរោងចក្រនៅកាណាដា និងម៉ិកស៊ិក បណ្តោះអាសន្ន ៕










