រូបភាពមួយសន្លឹកបង្កើតឡើងដោយ AI ទៅលើបទចម្រៀងថ្មីអបអរពិធីបុណ្យចូលឆ្នាំខ្មែរបានបង្កឱ្យមានជាប្រធានបទថ្មីទាំងយប់ ខណៈអ្នកគាំទ្រថា ជី ដេវិត ធ្វើអ្វីក៏ខុសគ្រាន់តែប្រើរូបភាព AI ក៏ខុស។

កាលពីថ្ងៃទី៣ មេសា តារាចម្រៀង ជី ដេវិត បានបង្ហោះរូបមួយសន្លឹកពីបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «កន្ត្រឹមស្នេហា» ដែលនឹងចេញនៅថ្ងៃទី៤ មេសា។ រូបភាពសន្លឹកដោយបង្កើតឡើងដោយបច្ចេកវិទ្យាទំនើបបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI បែរជាបង្កើតទៅប្រធានបទជជែកវែកញែក។ ក្នុងនោះក៏មានការលើកឡើងថាអ្នកមួយចំនួនក៏បានបញ្ចេញមតិរិះគន់ទៅកាន់រូបភាពដែលបង្កើតឡើងដោយ AI នេះជាហេតុធ្វើឱ្យហ្វេនៗតារាចម្រៀងរូបនេះបញ្ចេញមតិប្រតិកម្មតបតវិញ។
ហ្វេនៗរបស់តារាចម្រៀងរូបនេះថា ជី ដេវិត ធ្វើអ្វីក៏ខុសគ្រាន់តែប្រើរូបភាព AI លើបទចម្រៀងខ្លួនសោះក៏ខុសប៉ុន្តែបើជាតារាចម្រៀងផ្សេងវិញបែបមិនមានការរិះគន់នោះទេផ្ទុយមកវិញប្រហែលជាទទួលបានមតិកោតសរសើរវិញផងក៏មិនដឹង។ ទន្ទឹមនឹងមានគណនីបណ្តាញសង្គមបញ្ចេញមតិរិះគន់ទៅកាន់រូបភាព AI គេក៏បានឃើញគណនីបណ្តាញសង្គមមួយចំនួនបានបង្ហាញការយល់ឃើញជាមួយនឹងពាក្យសមរម្យថាគួរតែជ្រើសរើសវិធីផ្សេងពីស្នាដៃសិល្បៈជាជាងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះច្រើនជាង។
ទោះយ៉ាងណា ហ្វេនផេករបស់ ជី ដេវិត មានឈ្មោះថា ditwayforever ក៏បានបង្ហាញដែរថា ជី ដេវិត ក៏មានរូបភាពគូរដោយដៃផងដែរទៅលើបទចម្រៀងមានចំណងជើងថា «អូនសមជានារីខ្មែរ។ ផេកនេះបានបង្ហោះថា «មិនដែលឃើញក្បាលពួកវាមកសរសើរម្តងទេ បានអីសរសើរ រូបនេះគូរដោយដៃ ស្អាតណាស់បង ជូន៥ដុល្លារបន្ថែមពីលើឱ្យ ប្អូនៗអ្នកគូរ បើវាចេះគិតចឹងវិញ បែបអាអ្នកគូរឱ្យGDEVITH ជំនាន់នោះដល់ឥឡូវកំពុងដេក Villa Queen ៣០ម៉ឺនជាងហើយ។ ជួនកាលគេប្រើមនុស្ស ជួនកាលគេចង់សាកប្រើ AI ឆ្ងល់ដែរ GDEVITH ប្រកាសឈប់ប្រើមនុស្សមែន? ហេតុអ្វីត្រូវជេរគាត់ គាត់កំពុងបំផ្លាញអ្នក? ឬអ្នកកំពុងបំផ្លាញខ្លួនឯង? ហើយអ្នកដែលថា GDEVITH មិនស្គាល់សិល្បៈ បកទៅមើលស្នាដៃគាត់ទាក់ទងនិងសិល្បៈខ្មែរឡើងវិញ ផ្ទុយទៅវិញភាគច្រើនអ្នកដែលជេរគាត់នោះ ខ្ញុំចូលទៅមើល Account ទៅក្មេងៗបើអង្គុយទល់មុខគ្នាជាមួយGDEVITHនិយាយពីសិល្បៈខ្មែរ ខ្ញុំគិតថាសូន្យហើយ»។
គួរបញ្ជាក់ផងដែរថា សកម្មភាពរយៈពេលចុងក្រោយនេះរបស់ ជី ដេវិត មិនថាលោកធ្វើអ្វីត្រូវបានអ្នកមួយចំនួនបញ្ចេញមតិវែកញែកទាំងការធ្វើបុណ្យ ទិញម៉ូតូថ្មីជាដើម៕










