ប្រទេសមីយ៉ាន់ម៉ា ៖ សារព័ត៌មាន AP រាយការណ៍ថា អង្គការសហប្រជាជាតិ (UN) នឹងផ្តល់ជំនួយថវិកាចំនួន៥លានដុល្លារអាមេរិកសម្រាប់ជួយប្រទេសមីយ៉ាន់ម៉ា ដែលបានរងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ ស្មើកម្រិត៧.៧រិចទ័រ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ រីឯប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា លោកនឹងផ្តល់ថវិកាជួយមីយ៉ាន់ម៉ា ផងដែរ ក្រោយពីមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing អំពាវនាវស្នើសុំជំនួយមនុស្សធម៌ពីអន្តរជាតិ ។.png)
មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានថ្លែងតាមទូរទស្សន៍ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី បានកើនឡើងរហូតដល់១៤៤នាក់ និងរងរបួសចំនួន៧៣០នាក់ ប៉ុន្តែចំនួននេះនឹងកើនឡើងបន្តទៀត ។ អគារក្នុងតំបន់ជាច្រើននៅជុំវិញចំណុចកើតគ្រោះរញ្ជួយដីបានខូចខាតយ៉ាងខ្លាំង ជាពិសេស នៅទីក្រុង Mandalay, ទីក្រុង Yangon និងទីក្រុង Naypyidaw ។
អគារក្នុងទីក្រុងចំនួន៥ ដែលស្ថិតនៅក្បែរចំណុចកណ្តាលគ្រោះរញ្ជួយដីបានខូចខាតជាច្រើនកន្លែង ហើយស្ពានចំនួន២កន្លែងបានបាក់រលំ ក្នុងនោះមានស្ពានបុរាណដែលតភ្ជាប់រវាងទីក្រុង Mandalay និងទីក្រុង Yangon ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Global New Light របស់មីយ៉ាន់ម៉ា ។.png)
អង្គការសហប្រជាជាតិ (UN) ប្រកាសថា នឹងផ្តល់ប្រាក់ចំនួន៥លានដុល្លារអាមេរិក សម្រាប់ជួយពលរដ្ឋមីយ៉ាន់ម៉ាដែលរងគ្រោះដោយសាររញ្ជួយដី ក្រោយពីមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing អំពាវនាវស្នើសុំជំនួយមនុស្សធម៌ពីអន្តរជាតិ ហើយមេដឹកនាំមីយ៉ាន់ម៉ាបញ្ជាក់ថា ត្រូវការជំនួយឈាមយ៉ាងច្រើនដើម្បីសង្គ្រោះជីវិតពលរដ្ឋ ។
ដោយឡែក ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃទី២៨ ខែមីនា ថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ជំនួយឱ្យមីយ៉ាន់ម៉ា ប៉ុន្តែអ្នកជំនាញបានសាកសួរពីភាពច្បាស់លាស់របស់អាមេរិកពាក់ព័ន្ធនឹងការផ្តល់ថវិកាជំនួយទៅក្រៅប្រទេស ពីព្រោះតាំងពីថ្ងៃដែលលោក Trump ឡើងកាន់តំណែង គឺអាមេរិកបានកាត់បន្ថយការចំណាយថវិកាជាបន្តបន្ទាប់ ។
ទោះយ៉ាងណា លោក Trump បាននិយាយជាមួយសារព័ត៌មាន Reuters នៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ថា លោកបានជជែកជាមួយមន្ត្រីមីយ៉ាន់ម៉ារួចហើយ ពាក់ព័ន្ធនឹងស្ថានការណ៍គ្រោះរញ្ជួយដី ហើយរដ្ឋាភិបាលអាមេរិកនឹងផ្តល់ជំនួយមួយចំនួនដល់មីយ៉ាន់ម៉ា ៕










