ប្រទេសឥណ្ឌា ៖ បច្ចុប្បន្ន វត្តសាសនាហិណ្ឌូនៅប្រទេសឥណ្ឌាបានយកដំរីយន្តមកប្រើប្រាស់ក្នុងពិធីសាសនាផ្សេងៗ ដែលវាមានទំហំខ្លួនស្មើដំរីពិតប្រាកដ ថែមទាំងអាចបក់ស្លឹកត្រចៀក និងបាញ់ទឹកចេញពីប្រមោយបាន ។ ដំរីយន្តនេះត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ជំនួសដំរីពិតប្រាកដ និងកាត់បន្ថយការប្រើប្រាស់កម្លាំងដំរីជាសត្វជិតផុតពូ.ជ ខណៈកន្លងមក វត្តសាសនាហិណ្ឌូនានាតែងតែប្រើប្រាស់ដំរីពិតប្រាកដធ្វើពិធីសាសនា ប៉ុន្តែនេះជាការធ្វើទារុ.ណកម្មសត្វ ។.png)
ជាធម្មតា សត្វដំរីត្រូវបានពលរដ្ឋឥណ្ឌាយកទៅប្រើប្រាស់ក្នុងវត្តសាសនាហិណ្ឌូជាច្រើនកន្លែង ដូចជា ៖ យកដំរីទៅដើរដង្ហែរក្បួន ឬឱ្យវាឈរក្នុងពិធីសាសនា ដែលមានមនុស្សម្នាឈរជុំវិញយ៉ាងចង្អៀត ។ នៅក្នុងពិធីសាសនាតែងតែមានពន្លឺភ្លើង និងសំឡេងតន្ត្រីកងរំពង រហូតធ្វើឱ្យដំរីភ័យស្លន់ស្លោ រត់បុកមនុស្សម្នាទៅចូលរួមពិធីសាសនា ឬវាយប្រហារមនុស្សបណ្តាលឱ្យស្លាប់ ។.png)
ចំណែកដំរីយន្តត្រូវបានផលិតពីវត្ថុជាច្រើន និងបន្លាស់ទីនៅលើបន្ទះលោហៈ ហើយមានកង់វិលនៅជើងរបស់វាអាចទ្រទ្រង់ទម្ងន់មនុស្ស ។ ដំរីយន្តខ្លះទៀតត្រូវបំពាក់ដោយម៉ូទ័រអគ្គិសនី ដើម្បីឱ្យវាអាចងាកក្បាលចុះឡើង កម្រើកភ្នែក និងបក់កន្ទុយដូចដំរីពិតប្រាកដ ហើយដំរីយន្តមានតម្លៃរហូតដល់៥,៥០០ដុល្លារអាមេរិក ។
មន្ត្រីសមាគមដំរីអាស៊ី ដែលបានបរិច្ចាគដំរីយន្តទៅឱ្យវត្តហិណ្ឌូមួយកន្លែង និយាយថា វានឹងជួយឱ្យប្រពៃណី ឬការធ្វើពិធីសាសនាផ្សេងៗដែលត្រូវប្រើប្រាស់ដំរីពិតប្រាកដ នឹងមានជម្រើសថ្មី គឺប្រើប្រាស់ដំរីយន្តជំនួស ដើម្បីកុំឱ្យសត្វរងទារុណកម្ម និងកាត់បន្ថយការឃុំឃាំងដំរីសម្រាប់ប្រើប្រាស់ក្នុងពិធីសាសនា ។
តាមទិន្នន័យពីភ្នាក់ងារការងារសត្វ បញ្ជាក់ថា នៅឥណ្ឌាមានការឃុំឃាំងសត្វដំរី ស្មើជាង២,៧០០ក្បាល ហើយពួកវាប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំងទាំងរាងកាយ និងផ្លូវចិត្ត ។ ដំរីជាសត្វរស់នៅជាហ្វូង ប៉ុន្តែត្រូវបានមនុស្សបំបែកពីហ្វូងយកមកចងច្រវ៉ាក់ពេញមួយថ្ងៃ ។ 
ភ្នាក់ងារការពារសត្វ បានឧបត្ថម្ភប្រាក់ផលិតដំរីយន្តជាង១០ក្បាលតាំងពីឆ្នាំ២០២៣ ហើយមានលក្ខខណ្ឌឱ្យវត្តដែលទទួលដំរីយន្ត ត្រូវតែយកដំរីវត្តពិតប្រាកដទៅរស់នៅតំបន់រក្សាពូជសត្វ ។ បន្ទាប់មក វត្តនឹងទទួលបានដំរីយន្តដែលបំពាក់គ្រឿងតុបតែងពណ៌មាស និងកម្រងផ្កា សម្រាប់ប្រើប្រាស់ក្នុងពិធីសាសនាដែលពលរដ្ឋឥណ្ឌាបានធ្វើតាំងពីបុរាណមក ។
ការផ្លាស់ប្តូរមកប្រើប្រាស់ដំរីយន្តក្នុងពិធីសាសនារបស់វត្តហិណ្ឌូ គឺអាចជួយកាត់បន្ថយគ្រោះថ្នាក់កើតឡើងដោយសារដំរី, ពលរដ្ឋមកចូលរួមក្នុងពិធីសាសនាមានសុវត្ថិភាព, កាត់បន្ថយការសម្លាប់ និងឃុំឃាំងដំរី ។ នៅតំបន់អាស៊ីមានដំរីសេសសល់ក្នុងព្រៃ ត្រឹមតែ៥ម៉ឺនក្បាលប៉ុណ្ណោះ ដែលដំរីភាគច្រើនរស់នៅឥណ្ឌា ស្រីលង្ការ និងតំបន់មួយចំនួននៅអាស៊ីអាគ្នេយ៍ ៕










