ប្រទេសថៃ ៖ ក្រោយពីមានហេតុការណ៍គ្រោះរញ្ជួយដីកើតឡើងនៅទីក្រុងបាងកក កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យអគារជាច្រើនកន្លែងបាក់រលំ ដូចជា ៖ អគារនៅតំបន់ចាក់តុចាក់ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រកាសដាក់ទីក្រុងបាងកក គឺជាតំបន់អាសន្ន ។ នាយករដ្ឋមន្ត្រីថៃបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្លួន និងផ្អាកការប្រើប្រាស់ជណ្តើរយន្ត ពីព្រោះនាយកដ្ឋានឧតុនិយមជូនដំណឹងថា ថៃនឹងកើតរញ្ជូយដីម្តងទៀតនាពេលឆាប់ៗ ។

លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃបានចេញសេចក្តីថ្លែងការណ៍ជាបន្ទាន់ពីខេត្តភូកេត ក្រោយកើតគ្រោះរញ្ជួយដីជាច្រើនកន្លែងនៅប្រទេសថៃនារសៀលថ្ងៃទី២៨ ខែមីនា ដោយលោកស្រីបញ្ជាក់ថា គ្រោះរញ្ជួយដីកើតឡើងនៅថៃ គឺបណ្តាលមកពីនៅតំបន់ភាគខាងជើងទីក្រុងសាកាយ ប្រទេសមីយ៉ាន់ម៉ា កើតគ្រោះរញ្ជួយដីមានកម្រិត៧.៧រិចទ័រ មានជម្រៅរហូតដល់១០គីឡូម៉ែត្រ ទើបបណ្តាលឱ្យមានកម្លាំងរំញ័រខ្លាំងមកដល់ថៃ ជាពិសេស នៅទីក្រុងបាងកក គឺមានអគារបាក់រលំនៅតំបន់ចាក់តុចាក់ ។

ហេតុនេះ រដ្ឋាភិបាលសូមប្រកាសដាក់ទីក្រុងបាងកកជាតំបន់អាសន្ន ហើយសូមឱ្យមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនទប់ទល់នឹងគ្រោះរញ្ជួយដី ។ បើតាមនាយកដ្ឋានឧតុនិយមថៃជូនដំណឹងថា ប្រទេសថៃអាចនឹងកើតគ្រោះរញ្ជួយដីម្តងទៀតនារយៈពេល២ម៉ោងក្រោយ បើទោះជាកម្លាំងរំញ័រថយចុះក្តី ។ ប៉ុន្តែសូមពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្លួន ជាពិសេស អ្នករស់នៅជិតអគារខ្ពស់ៗ និងចៀសវាងប្រើប្រាស់ជណ្តើរយន្ត គួរប្រើប្រាស់ជណ្តើរធម្មតាវិញ ។
នាយករដ្ឋមន្ត្រីថៃបានស្នើឱ្យក្រសួងឌីជីថលផ្ញើសារ SMS ដាស់តឿនទៅពលរដ្ឋ និងឱ្យស្ថាប័ន National Broadcasting Services of Thailand (NBT) ធ្វើជាមជ្ឈមណ្ឌលជូនដំណឹងទៅពលរដ្ឋ ២៤ម៉ោង ។ លោកស្រី ផេថងថាន នឹងជិះយន្តហោះពីខេត្តភូកេត ត្រឡប់មកទីក្រុងបាងកកជាបន្ទាន់ ដើម្បីគ្រប់គ្រងស្ថានការណ៍គ្រោះរញ្ជួយដីដោយផ្ទាល់ ហើយលោកស្រីបានស្នើឱ្យសាលារៀននានាអនុញ្ញាតឱ្យកូនសិស្សត្រឡប់ទៅផ្ទះវិញ ។ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានត្រៀមខ្លួនទប់ទល់ស្ថានការណ៍រួចហើយ សូមពលរដ្ឋតាមដានព័ត៌មានពីរដ្ឋាភិបាលជានិច្ច និងកុំភ័យស្លន់ស្លោ ។
ចំណែកអាជ្ញាធរក្រុងបាងកក បានស្នើឱ្យពលរដ្ឋចៀសវាងការធ្វើដំណើរតាមស្ពានព្រះរ៉ាម ៣ និងស្ពានភូមិផុន ព្រមទាំងមានការបិទផ្លូវធ្វើដំណើរជាបណ្តោះអាសន្នផងដែរ ដើម្បីសុវត្ថិភាពពលរដ្ឋ ក្រោយកើតគ្រោះរញ្ជួយដីខ្លាំងក្លា ។ ដូចគ្នានេះ រថភ្លើង BTS ក៏បានផ្អាកដំណើរការបណ្តោះអាសន្នដែរ ។.png)
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកើតឡើងនៅតំបន់ភាគខាងជើងទីក្រុងសាកាយ ប្រទេសមីយ៉ាន់ម៉ា មានកម្រិតខ្លាំងក្លាបណ្តាលឱ្យរង្គើដល់ប្រទេសថៃ ជាពិសេស នៅទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួន ខណៈប្រទេសផ្សេងទៀតក៏បានរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីដែរ ដូចជា ៖ បង់ក្លាដែស ឥណ្ឌា ឡាវ និងចិន ។ រីឯនៅកម្ពុជា មានសេចក្តីរាយការណ៍ថា នៅវេលាម៉ោងជិត២រសៀលថ្ងៃទី២៨ ខែមីនា មានរញ្ជួយដីបន្តិចបន្តិចក្នុងអគារ ABA ជិតស្តុបពេទ្យចិន ដែលធ្វើឱ្យបុគ្គលិកធនាគារ ABA ភ្ញាក់ផ្អើលចាកចេញពីអគារ ។ រហូតដល់ល្ងាចថ្ងៃដដែល បុគ្គលិក ABA បានចូលក្នុងអគារជាបណ្តើរៗហើយ ៕










