សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ថា លោករីករាយនឹងពិចារណាកាត់បន្ថយពន្ធទំនិញចិនដែលនាំចូលអាមេរិក ដើម្បីឈានដល់ការធ្វើកិច្ចព្រមព្រៀងទិញ-លក់ជាមួយ ByteDance គឺជាក្រុមហ៊ុនមេរបស់ TikTok ។ អាមេរិកមើលឃើញថា TikTok ជាកម្មវិធីវីដេអូខ្លីដ៏ពេញនិយម ដែលពលរដ្ឋអាមេរិកបានប្រើប្រាស់កម្មវិធីនេះ រហូតដល់ជាង១៧០លាននាក់ ។.png)
លោក Trump បានស្នើឱ្យក្រុមហ៊ុន ByteDance លក់ភាគហ៊ុន TikTok ទៅក្រុមហ៊ុនអាមេរិក ឱ្យបានមុនថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បើមិនដូច្នោះទេ កម្មវិធីដ៏ពេញនិយមនេះអាចត្រូវបិទការប្រើប្រាស់នៅអាមេរិក ដោយសារមូលហេតុប៉ះពាល់ដល់សន្តិសុខអាមេរិក ដែលការបិទ TikTok គឺជាការអនុវត្តតាមច្បាប់អាមេរិក កាលពីឆ្នាំ២០២៤ ។

ច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok ត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែមេសា ឆ្នាំ២០២៤ ក្រោយពីទទួលបានការយល់ព្រមពីសភា ។ អាមេរិកបារម្ភថា រដ្ឋាភិបាលចិនអាចប្រើប្រាស់ផលប្រយោជន៍ពី TikTok ដើម្បីតាមដានពលរដ្ឋអាមេរិក ឬរដ្ឋាភិបាលចិននឹងមានឥទ្ធិពលសម្ងាត់មកលើការយល់ឃើញរបស់ពលរដ្ឋអាមេរិក តាមរយៈការប្រមូលទិន្នន័យ ឬបង្ហោះខ្លឹមសារ ។.png)
លោក Trump រីករាយនឹងពន្យារពេលការផុតកំណត់ប្រើប្រាស់ TikTok នៅអាមេរិក ប្រសិនបើ ByteDance យល់ព្រមលក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក ។ លោកនឹងកាត់បន្ថយពន្ធទំនិញចិនដែលនាំចូលអាមេរិក ឬធ្វើអ្វីម្យ៉ាង ដើម្បីឈានដល់ការធ្វើកិច្ចព្រមព្រៀងលក់ TikTok ។ គំនិតរបស់លោក Trump បង្ហាញថា ការលក់ TikTok គឺជារឿងសំខាន់សម្រាប់រដ្ឋាភិបាលអាមេរិក ហើយវាសំខាន់ខ្លាំងណាស់ដែលអាមេរិកលើកយកបញ្ហាការដំឡើងពន្ធទំនិញមកចរចាជាមួយចិន ។
ការធ្វើឱ្យចិនយល់ព្រមធ្វើកិច្ចព្រមព្រៀងលក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក និងបោះបង់ TikTok ដែលជាអាជីវកម្មរកប្រាក់ចំណូលបានរាប់លានដុល្លារនោះ គឺពុំអាចធ្វើឡើងដោយងាយៗទេ ពីព្រោះលោក Trump ធ្លាប់លើកយកបញ្ហាដំឡើងពន្ធទំនិញចិនមកចរចាសុំទិញ TikTok រួចមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផល ។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃឡើងកាន់តំណែង លោក Trump ថ្លែងថា នឹងដំឡើងពន្ធទំនិញចិន បើចិនពុំលក់ TikTok ឱ្យអាមេរិក ។

គួរបញ្ជាក់ថា កម្មវិធី TikTok ធ្លាប់បិទដំណើរការនៅអាមេរិកជាបណ្តោះអាសន្ន កាលពីខែមករាកន្លងមក ដោយសារតុលាការកំពូលអាមេរិកហាមឃាត់ ប៉ុន្តែពលរដ្ឋអាមេរិកអាចប្រើប្រាស់កម្មវិធីនេះឡើងវិញ បន្ទាប់ពីលោក Trump ប្រកាសថា នឹងចុះហត្ថលេខាលើបទបញ្ជាពិសេស ដើម្បីពន្យារពេលការអនុវត្តច្បាប់ហាមប្រើ TikTok រហូតដល់ថ្ងៃទី៥ ខែមេសា ។ កាលពីខែកុម្ភៈ លោក Trump ថា នឹងពន្យារពេលការអនុវត្តច្បាប់ហាម TikTok បន្តទៀត ដើម្បីមានពេលគ្រប់គ្រាន់ចរចាសុំទិញ TikTok ពីក្រុមហ៊ុន ByteDance ៕










