ប្រទេសចិន ៖ BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនប្រកាសថា ប្រាក់ចំណូលពីការលក់រថយន្តអគ្គិសនីកាលពីឆ្នាំ២០២៤ របស់ខ្លួន លើសប្រាក់ចំណូលរបស់គូប្រជែង គឺក្រុមហ៊ុន Tesla រាប់លានដុល្លារ ។ ប្រាក់ចំណូលរបស់ BYD បានកើនឡើង២៩% ស្មើទឹកប្រាក់១០៧ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងប្រាក់ចំណូលរបស់ Tesla ដែលស្មើត្រឹមតែជាង៩៧ពាន់លានដុល្លារ ។

ក្រុមហ៊ុន BYD បានជំរុញការលក់រថយន្តអគ្គិសនីតម្លៃថោកនៅលើទីផ្សារ ដើម្បីប្រជែងជាមួយរថយន្ត Tesla Model 3 ដែលជាប់តំណែងជារថយន្តលក់ដាច់ជាងគេនៅចិនយូរមកហើយ ។ រីឯរថយន្ត Tesla បានប្រឈមជាមួយបញ្ហាយ៉ាងខ្លាំងនៅលើពិភពលោក ជាពិសេស នៅអាមេរិក មានការដុតបំផ្លាញ និងដាក់គ្រាប់បែកផ្ទុះរថយន្ត Tesla ជាច្រើនកន្លែង ដោយសារនាយកក្រុមហ៊ុន Tesla លោក Elon Musk មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ។
កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនី ចំនួន១លាន៧សែន៦ម៉ឺនគ្រឿង ប្រហាក់ប្រហែលគ្នានឹងរថយន្ត Tesla ដែលលក់បាន១លាន៧សែន៩ម៉ឺនគ្រឿង ។ បើរួមបញ្ចូលទាំងការលក់រថយន្ត Hybrid ឃើញថា ចំនួនលក់រថយន្តរបស់ក្រុមហ៊ុន BYD បានវ៉ាដាច់ Tesla យ៉ាងខ្លាំង គឺការលក់រថយន្តលើពិភពលោករបស់ BYD ស្មើរហូតដល់៤លាន៣សែនគ្រឿង កាលពីឆ្នាំ២០២៤ ។

ក្រុមហ៊ុន BYD ថែមទាំងបានផលិតរថយន្តថ្មីម៉ាក Qin L ដើម្បីប្រជែងជាមួយរថយន្ត Tesla Model 3 ទៀតផង ។ រថយន្តម៉ាក Qin L លក់ចាប់ពីតម្លៃជាង១១ម៉ឺនយាន់ ខណៈរថយន្ត Tesla Model 3 លក់ចាប់ពីតម្លៃជាង២៣ម៉ឺនយាន់ ។ ការលក់រថយន្តតម្លៃថោកនេះ ស្របពេលពលរដ្ឋចិនសន្សំសំចៃប្រាក់ជាងមុន ដោយសារសដ្ឋកិច្ចធ្លាក់ចុះ វិបត្តិអចលនទ្រព្យ និងបំណុលរដ្ឋាភិបាលថ្នាក់មូលដ្ឋានខ្ពស់ ។
.png)
ក្រៅពីនេះ BYD បានអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីសម្រាប់សាករថយន្តអគ្គិសនីត្រឹមតែ៥នាទី ប៉ុន្តែអាចបើកបរបានរាប់រយគីឡូម៉ែត្រ ហើយលឿនជាងការសាករថយន្តអគ្គិសនី Tesla ដែលចំណាយពេលដល់១៥នាទី ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ BYD បានបំពាក់ប្រព័ន្ធបើកបរឆ្លាតវៃ «God’s Eye» មានលក្ខណៈស្តង់ដារសម្រាប់រថយន្តគ្រប់ម៉ាកដោយពុំគិតថ្លៃ ។

ចំណែករថយន្តអគ្គិសនី Tesla ប្រឈមនឹងបញ្ហាច្រើន ក្រោយពីលោក Elon Musk កាន់តំណែងជាប្រធានគ្រប់គ្រងប្រសិទ្ធភាពការងាររដ្ឋាភិបាលអាមេរិក (DOGE) ហើយលោកមានតួនាទីកាត់បន្ថយការចំណាយប្រាក់របស់រដ្ឋាភិបាល ។ ក្រៅពីនេះ លោក Elon Musk បានពាក់ព័ន្ធនឹងនយោបាយបរទេស ដូចជា ៖ លោកគាំទ្រគណបក្ស Alternative fur Deutschland មុនការបោះឆ្នោតនៅប្រទេសអាល្លឺម៉ង់ ហើយលោករិះគន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ៕









